នៅថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៧ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិក សមា ជិកាព្រឹទ្ធសភាចំនួន ៣៨រូប និងតំណាងរាជរដ្ឋាភិបាលជាច្រើនរូបទៀតអញ្ជើញចូលរួម។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ បានឱ្យដឹងថា អង្គប្រជុំបានដំណើរការប្រកាសទទួលស្គាល់លោកជំទាវ ទេព្វ សំអូន ជាសមាជិកាព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ជំនួសឯកឧត្តម សុខ យាត ដែលបានទទួលមរណភាព។

លោកជំទាវ ទេព្វ សំអូន សមាជិកាព្រឹទ្ធសភាថ្មី ត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់តំណែង។ សម័យប្រជុំក៏បានបោះឆ្នោតជ្រើសរើសឯកឧត្តម អ៊ឹង លាងហ៊ួ ជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល និងបានពិនិត្យឱ្យយោបល់ និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៩ ទៀតតាមការស្នើឡើងរបស់រាជរដ្ឋាភិបាល។

ក្នុងនោះសម័យប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ដោយឥតកែប្រែចំនួន ៣៨សំឡេង នៃចំនួនសមាជិក ព្រឹទ្ធសភាទាំងមូល។ សម័យប្រជុំបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង ដោយឥតកែប្រែសេចក្តីព្រាងច្បាប់ស្ដីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជាចំនួន៣៨ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង ដោយឥតកែប្រែសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមពៀងអាស៊ានបូកបី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភា ទាំងមូល។

បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីការងារទាំងមូល ដោយឥតកែប្រែ ចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុង ដោយឥតកែប្រែសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដោយឥតកែប្រែចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ សម័យប្រជុំព្រឹទ្ធសភាក៏បានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធា រណរដ្ឋប្រជាមានិតចិន ដោយឥតកែប្រែចំនួន ៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំង មូល ៕

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331