(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់ជាផ្លូវការហើយថាខ្លួននឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ឱ្យអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ ទប់ទល់នឹងការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី។

ប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងត្រូវផ្ដល់ឱ្យអ៊ុយក្រែន នៅក្រោមកញ្ចប់ជំនួយយោធា ១.៨៥ពាន់លានដុល្លារ ដែលត្រូវបានប្រកាសចំពេល ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេស​ចាប់តាំងពីសង្រ្គាម ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ្សេលេនស្គី នៅឯសេតវិមាន លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានបញ្ជាក់បន្ថែមដែរថាសហរដ្ឋអាមេរិក នឹងបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន ពីរបៀបប្រើប្រាស់ប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) ដែលនឹងត្រូវចំណាយពេលវេលាមួយចំនួន។

ប៉ុន្តែ លោក បៃដិន នៅតែសង្កត់ធ្ងន់ថាប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះត្រូវផ្ដល់​ឱ្យអ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ីតែប៉ុណ្ណោះ។ ទីក្រុងមូស្គូ ធ្លាប់បានព្រមានថាប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងក្លាយជាគោលដៅស្របច្បាប់នៃការវាយប្រហាររបស់កងទ័ពរុស្ស៉ី នៅក្នុង សង្រ្គាមអ៊ុយក្រែន ហើយវាអាចនឹងធ្វើឱ្យសង្រ្គាមផ្ទុះឡើងកាន់តែខ្លាំង៕

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331