ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន សម្រាប់អាណត្តិឆ្នាំ២០២៣-២០២៧ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងជម្រាបលាទៅបំពេញភារកិច្ចថ្មីនៅរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី​ កាលពីថ្ងៃ​អង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង​។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តមបណ្ឌិតអគ្គលេខាធិការ និង​សហការី ដែល​បាន​អញ្ជើញមកទីស្តីការក្រសួង នាឱកាសដែលឯកឧត្តមបណ្ឌិតនឹងទៅបំពេញភារកិច្ចថ្មី ជាអគ្គលេខាធិការអាស៊ាន នាពេលខាងមុខនេះ និង​បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា នៅក្នុងអាណត្តិប្រាំឆ្នាំ នៃការដឹកនាំរបស់ឯកឧត្តមបណ្ឌិតនឹងសម្រេចបាននូវសមិទ្ធផលថ្មីៗសំខាន់ៗបន្ថែមទៀត សម្រាប់សសរស្តម្ភទាំងបី ដើម្បីឈានឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន ដែលប្រកបដោយបរិយាប័ន្ន ភាពធន់រឹងមាំ និងចីរភាព។ ជាពិសេសក្នុងការកសាងនូវសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលបច្ចុប្បន្នយើងទាំងអស់គ្នាកំពុងតែប្រឈមមុខនឹងវិបត្តិជំងឺរាតត្បាតកូវីដ-១៩និងការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយសកល។​

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានសម្ដែងការគាំទ្រ និងផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ជូនឯកឧត្តមបណ្ឌិត នូវការបំពេញភារកិច្ចនេះ ដើម្បីឧត្តមប្រយោជន៍អាស៊ានជារួម និងជាពិសេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល និង​ជូនពរឯកឧត្តមបណ្ឌិត និងសហការីទាំងអស់ ទទួលបានជោគជ័យក្នុងការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទកៈ ក្នុងការបំពេញភារកិច្ច ជាអគ្គលេខាធិការអាស៊ាន ក្នុងអាណត្តិឆ្នាំ២០២៣-២០២៧។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងពិភាក្សាការងារប្រកបដោយអត្ថន័យ និងខ្លឹមសារសំខាន់ៗ ជាពិសេសការផ្ដល់អនុសាសន៍ល្អៗ សម្រាប់ការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន និង​បានប្ដេជ្ញាចិត្តថានឹងខិតខំបំពេញភារកិច្ចនេះ ឱ្យអស់ពីសមត្ថភាពដើម្បីឧត្តមប្រយោជន៍តំបន់ និងកម្ពុជា៕

 

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331