នៅថ្ងៃ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី០៣ ខែមករា ឆ្នាំ២០២៣ នៅសាលាខេត្តកំពង់ឆ្នាំង មានបើកកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្ដីពី វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅជន បទ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង តំណាងអង្គការនានា លោក លោកស្រីអភិបាលក្រុង ស្រុក និងមន្ត្រីរាជការជាច្រើននាក់ផងដែរ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ទឹកស្អាត ទទួលបានគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំក្រសួងរួចហើយ និងកំពុងតែអនុវត្តនូវកិច្ចសន្យា។ ផ្ដើមអនុវត្តគម្រោងសាងសង់បណ្តាញលូតភ្ជាប់ចេញពីលំនៅឋាន ហាងអាជីវកម្ម របស់បងប្អូនប្រជាពលរដ្ឋ អាជីវករនៅក្រុងកំពង់ឆ្នាំង។

ឯកឧត្តមបានគូសបញ្ជាក់ អំពីការបង្វែរទិសដៅ នៃគម្រោងនៅបណ្តាញខ្សែផ្លូវមួយ ចំនួនស្ថិតក្នុងគម្រោងសាងសង់ផ្លូវ ដោយសារការយកចិត្តទុកដាក់គិតគូរ និងទឹកចិត្តដ៏ថ្លៃថ្លាពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយសម្រួលដល់ការតភ្ជាប់ប្រព័ន្ធលូទឹកភ្លៀង និងទឹកកខ្វក់ពីខ្នងផ្ទះរបស់ប្រជាពល រដ្ឋ មកកាន់ប្រព័ន្ធលូមេដោយឥតគិតថ្លៃ។

ឯកឧត្តមបានបន្តថា ការធ្វើអនាម័យសម្អាតបរិស្ថាន គឺជាជំនួយការដ៏ល្អបំផុតដើម្បីបញ្ចៀសការកកស្ទះប្រព័ន្ធលូបង្ហូរទឹកកខ្វក់ ទាំងអស់គ្នានៅក្នុងក្រុង ខេត្ត និងស្រុកមួយចំនួន ។ ការបែងចែកទទួលខុសត្រូវ នូវផ្លូវមួយចំនួនតាមការកំណត់របស់អាជ្ញាធរ ហើយការងារនេះ នឹងចូលរួមធ្វើជាប្រចាំទាំងអស់គ្នា ។ ព្រោះអនាម័យក្នុងក្រុង ស្រុក ខេត្ត វាមានសារៈសំខាន់ណាស់សម្រាប់សុខភាពប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តពិសេសសម្រាប់ភ្ញៀវទេសចរជាតិនិងភ្ញៀវទេសចរបរទេស ដែលបានមកលេងកម្សាន្ត ទស្សនាតាមដងផ្លូវ និងរមណីយដ្ឋាននានាផងដែរ។

ឯកឧត្តមបានបន្តទៀតថា ការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់របស់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវ ក៏ដូចជានៅមុខលំនៅឋាននានា គឺជាបញ្ហាដែលត្រូវយកចិត្តទុកដាក់ ដើម្បីរក្សាសោភណភាពទីក្រុង។ គ្រប់សមាសភាពពាក់ព័ន្ធនានា ត្រូវបែងចែកការទទួលខុសត្រូវតាមដងផ្លូវដែលបានបែងចែករបស់មន្ទីរបរិស្ថាន ព្រោះសំរាមកើតចេញដោយសារតែប្រជាពលរដ្ឋ ជាអ្នកគ្រប់គ្រងកាកសំណល់រឹង រាវ ។ ដូច្នេះប្រជាពលរដ្ឋ ត្រូវចូលរួមបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយធ្វើអនាម័យសម្អាតបរិស្ថានតាមមុខផ្ទះ ដោយធ្វើការវេចខ្ចប់សំរាមដាក់ស្បោងប្លាសស្ទិកឱ្យបានត្រឹមត្រូវ ដើម្បីឱ្យក្រុមហ៊ុនមកប្រមូលសំរាម។

ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង ស្រុក ខេត្ត និងដាក់ចេញនូវវិធានការបន្តបន្ទាប់ ដើម្បីឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមធ្វើអនាម័យក្នុងស្រុក ខេត្តទាំងអស់គ្នា ។ បញ្ហាសំរាម យើងត្រូវធ្វើការអប់រំផ្សព្វផ្សាយប្រជាពលរដ្ឋ ឱ្យពួកគាត់ចូលរួមទាំងអស់គ្នា ដោយអប់រំពួកគាត់ នៅពេលដែលគាត់យកសំរាមបោះចោល នៅតាមដងផ្លូវសាធារណៈ និងមានវិធានការ គឺធ្វើការផាកពិន័យ។ សំខាន់ការអប់រំផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋចូលរួមសហការ ទើបទទួលបានជោគជ័យ ដើម្បីឱ្យទីក្រុងទេសចរណ៍របស់យើង មានអនាម័យល្អស័ក្ដិសម និងមានខ្យល់អាកាសបរិសុទ្ធ៕

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331