បរទេស៖ មានអ្នកស្លាប់យ៉ាងតិច ២៥នាក់ នៅក្នុងហេតុការណ៍វាយប្រយុទ្ធគ្នា រវាងក្រុមជនសង្ស័យជួញដូរគ្រឿងញៀន ជាមួយប៉ូលិសក្នុងទីក្រុង រីអូ ដឺ ចាណេរ៉ូ របស់ប្រទេសប្រេស៊ីល កាលពីថ្ងៃព្រហស្បតិ៍ (ទី៦ឧសភា ) ក្លាយជាហេតុការណ៍វាយសម្រុកចូលឆែកឆេរ ដែលបង្ហូរឈាមច្រើនបំផុតក្នុងប្រវត្តិសាស្ត្រមួយទៀតរបស់រដ្ឋមួយនេះ។

រូបភាពព័ត៌មានពីស្ថានីយទូរទស្សន៍ បានបង្ហាញឱ្យឃើញពីមនុស្សម្នា ដែលក្លាយជាមុខសញ្ញានៃកិច្ចប្រតិបត្តិការសម្រុកចូលឆែកឆេរ ក្នុងតំបន់អនាធិបតេយ្យ ចាខាសេស៊ីនហូ នោះ បានព្យាយាមរត់គេច ដោយឡើងផ្លោះរំលងដំបូលផ្ទះ ពេលដែលប៉ូលិសធ្វើដំណើរទៅដល់ ព្រមជាមួយរថក្រោះ និងមានឧទ្ធម្ភាគចក្រ ហោះបញ្ជាការ ពីខាងលើ ខណៈដែលការប៉ះទង្គិចគ្នាយ៉ាងក្ដៅគគុកនោះ បណ្ដាលឱ្យអ្នករស់នៅម្ដុំនោះ ត្រូវរត់គេចរកទីពួនកំបាំងនៅក្នុងកន្លែងស្នាក់អាស្រ័យ។
នៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានអាជ្ញាធរប៉ូលិស ១នាក់ ចំណែកក្រៅពីនោះ គឺជាក្រុមជនសង្ស័យ ដែលជាសមាជិកក្រុមជួញដូរគ្រឿងញៀន។
អាជ្ញាធរ បានបញ្ជាក់ថា មានប៉ូលិស ៣នាក់រងរបួស និងម្នាក់ក្នុងចំណោមនោះ ត្រូវគ្រាប់ចំក្បាល និងក្រោយមកបានស្លាប់នៅឯមន្ទីរពេទ្យ។

ខណៈពេលជាមួយគ្នា ប៉ូលិសបានបង្ហើបឱ្យដឹងថា ក្នុងចំណោមជនសង្ស័យដែលស្លាប់នោះ មានច្រើននាក់ មានឋានៈជា មេខ្លោងក្រុមជួញដូរគ្រឿងញៀន ដែលគ្រប់គ្រងការរស់នៅរបស់មនុស្សម្នានៅក្នុងតំបន់អនាធិបតេយ្យនោះ និងមានជនសង្ស័យយ៉ាងតិច ១០នាក់ទៀត ត្រូវចាប់ខ្លួន។
អាជ្ញាធរ បានបញ្ជាក់ថា ក្រៅពីជួញដូរគ្រឿងញៀនហើយ ក្រុមទាំងនេះ តែងតែបង្កហេតុ ប្លន់រថយន្តដឹកទំនិញ និងឡើងលើរថភ្លើងនៅតាមជាយក្រុង ដើម្បីប្លន់ និងលួចទ្រព្យសម្បត្តិអ្នកដំណើរទៀតផង។

អង្គភាពពន្លត់អគ្គិភ័យ បានឱ្យដឹងថា គ្រាប់កាំភ្លើងដែលបាញ់ចេញមក ក្នុងអំឡុងការប៉ះប្រយុទ្ធ បានហោះទៅត្រូវក្បួនរថភ្លើងមួយ ធ្វើឱ្យកញ្ចក់រថភ្លើងបែកខ្ចាយពាសពេញទីនោះ និងធ្វើឱ្យអ្នកដំណើរ ២នាក់រងរបួស។
ហេតុការណ៍នេះ អាចរាប់ថា ជាកិច្ចប្រតិបត្តិការវាយសម្រុកចូលឆែកឆេរ ដែលបង្ហូរឈាមខ្លាំងបំផុត ក្នុងជុំ ១៦ឆ្នាំរបស់រដ្ឋរីអូ ដឺ ចាណេរ៉ូ ដែលប្រឈមនឹងហេតុការណ៍ធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងគ្រឿងញៀនជាច្រើនទសវត្សរ៍មកហើយ ជាពិសេស ក្នុងតំបន់ ជនក្រីក្រនានា ដែលហៅថា “ហ្វាវេឡា។
កាលនោះ ប្រតិបត្តិការវាយសម្រុកចូលឆែកឆេរនៅឯ បៃសាដា ភ្លូមិនេនសេ តំបន់ជួរជាយក្រុងប៉ែកខាងជើង ដែលពោរពេញទៅដោយហេតុការណ៍ហិង្សា របស់ទីក្រុងរីអូ កាលពីឆ្នាំ២០០៥ ដែលមានអ្នកស្លាប់ច្រើនដល់ទៅ ២៩នាក់។
លោក រ៉ូណាល់ដូ អូលីវៀរ៉ា មេបញ្ជាការប៉ូលិស បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «វាជាតួលេខអ្នកស្លាប់ច្រើនបំផុតមួយទៀត នៅក្នុងកិច្ចប្រតិបត្តិការឆែកឆេររបស់ប៉ូលិសក្នុងរីអូ ច្រើនជាង ១៩នាក់ក្នុងហេតុការណ៍នៅឯតំបន់អនាធិតេយ្យ ខំផេលសូ អូ អាឡេម៉ៅ ក្នុងឆ្នាំ២០០៧ តែយើងមិនបានបាត់បង់មន្ត្រីរបស់យើងឡើយ សូម្បីតែម្នាក់ ក្នុងហេតុការណ៍នៅគ្រានោះ”
ក្នុងអំឡុងពេលថ្លែងការណ៍ ពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការវាយសម្រុកចូលនេះ ប៉ូលិសបាននាំយកអាវុធផ្សេងៗ ដែលរឹបអូសបាន ចេញមកដាក់បង្ហាញ ក្នុងនោះមានដូចជា កាំភ្លើងយន្តវាយលុក ៦ដើម, កាំភ្លើងខ្លី ១៥ដើម, កាំភ្លើងយន្ត ១ដើម, គ្រាប់បែកដៃ ១៤គ្រាប់ និងគ្រាប់កាំភ្លើងធំ ១គ្រាប់៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែសម្រួលដោយ ទិទីតំតាតូ
#អរគុណសន្តិភាព
ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331