បរទេស៖ប្រទេសរុស្សីកាលពីថ្ងៃពុធម្សិលមិញបាននិយាយថាខ្លួនបានបើកការបាញ់ប្រហារព្រមទាំងទំលាក់គ្រាប់បែកជាច្រើនផងទៅលើនាវាចម្បាំងមួយគ្រឿងរបស់ប្រទេសអង់គ្លេសដើម្បីដេញវាឲ្យចេញពីដែនសមុទ្រដែលរដ្ឋាភិបាលក្រុងមូស្គូអះអាងថាជាដែនទឹករបស់ខ្លួន។
រុស្សីបានបន្តថានាវាចម្បាំងរបស់អង់គ្លេសបានធ្វើដំណើរចូលដល់ឆ្នេរសមុទ្រខ្មៅរបស់តំបន់ Crimea ខណៈដែលអង់គ្លេសវិញបានបដិសេធចំពោះហេតុការណ៍នេះដោយឆ្លើយតបថាការបាញ់ប្រហារទាំងនោះគឺគ្រាន់តែជាការបាញ់គ្រាប់កាំភ្លើងរបស់រុស្សីនៅមុនការធ្វើសមយុទ្ធរបស់ពួកគេប៉ុណ្ណោះហើយក៏មិនមានការទំលាក់គ្រាប់បែកអ្វីនោះដែរ។

ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងឡុងបានបញ្ជាក់ដែរថានាវាចម្បាំងរបស់ខ្លួន HMS Defender ពិតជាបានធ្វើដំណើរទៅក្បែរដែនទឹកនោះមែនប៉ុន្តែជឿជាក់ថាវាគឺជាដែនទឹករបស់ប្រទេសអ៊ុយក្រែនប៉ុណ្ណោះដែលវាស្របទៅតាមច្បាប់របស់អន្តរជាតិ។
អ្នកជំនាញយោធាជាច្រើនបាននិយាយថាបើទោះបីជានេះជាហេតុការណ៍ពិតឬមិនពិតក្តីប៉ុន្តែវាបានបង្ហាញថាជាស្ថានភាពប្រឈមមុខគ្នាដែលកំពុងមានការកើនឡើងរវាងលោកខាងលិចនិងប្រទេសរុស្សីផងដែរ៕
#អរគុណសន្តិភាព