បរទេស៖រដ្ឋមន្ត្រិក្រសួងការបរទេសរបស់ប្រទេសអ៊ីស្រាអ៊ែលលោក Yair Lapid កាលពីថ្ងៃអង្គារម្សិលមិញនេះបានចុះចតទៅដល់ទឹកដីនៃសហភាពអារ៉ាប់រួម UAE ក្នុងនាមជាទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងបំផុតដោយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអ៊ែលនៅក្នុងប្រទេសអារ៉ាប់មួយនេះ។
ការិយាល័យរបស់លោក Lapid បានចេញផ្សាយនូវសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថាលោកបានធ្វើដំណើរជាមួយនឹងគណប្រតិភូរបស់ក្រសួងការបរទេសនិងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ផ្សេងទៀតផងដែរសម្រាប់ដំណើរទស្សនកិច្ចដែលមានរយៈពេល២ថ្ងៃ។

សេចក្តីថ្លែងការណ៍ដដែលក៏បានប្រកាសដែរថាលោក Lapid ក៏នឹងត្រូវចូលរួមនៅក្នុងពិធិសម្ភោធដាក់ឲ្យដំណើរការស្ថានទូតអ៊ីស្រាអ៊ែលប្រចាំនៅរដ្ឋធានី Abu Dhabi និងអគ្គកុងស៊ុលប្រចាំនៅក្នុងទីក្រុង Dubai ផងដែរ។
គួរឲ្យដឹងដែរថាអ៊ីស្រាអ៊ែលនិងសហភាពអារ៉ាប់ទើបតែបានចុះកិច្ចព្រមព្រៀងដើម្បីដំណើរការទំនាក់ទំនងការទូតជាធម្មតាឡើងវិញរវាងគ្នាក្រោមការសម្របសម្រួលដោយអាមេរិកកាលពីខែកញ្ញាឆ្នាំ២០២០កន្លងទៅនេះប៉ុណ្ណោះ៕
#អរគុណសន្តិភាព