ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Björn Häggmark ឯកអគ្គរាជទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឯកអគ្គរាជទូត បាន លើកឡើងថា ការងារមួយចំនួនក្នុងការបញ្ចប់តួនាទី កិច្ចការងាររបស់ ឯកឧត្តម នៅកម្ពុជា រួមមានការកំណែទម្រង់រចនាសម្ព័ន្ធ និងប្រព័ន្ធហិរញ្ញវត្ថុរបស់ស៊ុយអ៊ែត ហើយស្ថានទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការបិទជាផ្លូវការ នាពេលខាងមុខនេះ។ ឯកឧត្តម បានបញ្ជាក់ថា ទោះបីបិទស្ថានទូតនៅព្រះរាជាណាចក្រកម្ពុជាក៏ដោយ ក៏ស៊ុយអែត នៅតែបន្ដកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា លើវិស័យពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជា វិស័យឧត្តមសិក្សាស្រាវជ្រាវ និងវប្បធម៌។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តម ឯកអគ្គរាជទូត ក៏បានលើកឡើងសំណូមពរចំនួន២ ជូនសម្ដេចក្រឡាហោម រួមមាន៖ ទី១-ស្នើសុំបង្កើតស្ថានអគ្គកុងស៊ុល ស៊ុយអែត នៅកម្ពុជា ដើម្បីជួយសម្របសម្រួលដល់ប្រជាពលរដ្ឋស៊ុយអែត កំពុងមានវត្តមាននៅកម្ពុជា។ ទី២-ការលំបាកប្រជាពលរដ្ឋស៊ុយអ៊ែត នៅកម្ពុជា ក្នុងផ្ដល់ទិដ្ឋាការរបស់ខ្លួន ដោយសារលិខិតឆ្លងដែនរបស់ពួកគាត់ជិតផុតកំណត់ ហើយស្ថានទូតស៊ុយអែត នៅកម្ពុជា មិនអាចទទួលសំណើរសុំលិខិតឆ្លងដែនថ្មីបាន ដែលពួកគាត់ត្រូវតែធ្វើដំណើរទៅទីក្រុងបាងកក ដើម្បីដាក់ពាក្យស្នើសុំនូវលិខិតឆ្លងដែនថ្មី ប៉ុន្ដែដោយសារស្ថានភាពកូវីដ-១៩ ដូច្នេះពួកគាត់ពុំអាចបន្ដស្នើសុំនូវលិខិតឆ្លងដែនថ្មីពួកគាត់បាន។ ឯកឧត្តម ក៏បានស្នើសុំដល់ភាគីកម្ពុជាពិនិត្យលទ្ធភាពបន្ដទិដ្ឋាការ ដល់ស្នាក់នៅរបស់ប្រជាពលរដ្ឋស៊ុយអ៊ែត នៅកម្ពុជា ដោយទទួលយកទម្រង់លិខិតឆ្លងដែនថ្មី ដែលស្ថានទូត ចេញជាបណ្ដោះអាសន្ន។

ពាក់ព័ន្ធនឹងសំណើរបង្កើតស្ថានអគ្គកុងស៊ុល សម្ដេចក្រឡាហោម មានប្រសាសន៍ថា ក្រសួងការបរទេសកម្ពុជា កំពុងពិនិត្យរឿងទាំងនេះហើយ។ ពាក់ព័ន្ធសំណើរទី២វិញ ការផ្ដល់ទិដ្ឋាការលិខិតឆ្លងដែនទម្រង់ថ្មីជាបណ្ដោះអាសន្ននោះ សម្ដេចក្រឡាហោម បានលើកឡើងថា នឹងប្រមូលព័ត៌មានគ្រប់ជ្រុងជ្រាយ ដើម្បីឆ្លើយតបទៅនឹងស្ថានទូតវិញ។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងអំពីកិច្ចសហការប្រតិបត្តិការមួយចំនួន ដែលកម្ពុជា និងស៊ុយអែត ចំនួន២ រួមមាន ៖ទី១-ការងារពាក់ព័ន្ធកំណែទម្រង់ថ្នាក់ក្រោមជាតិ និងទី២-ការងារអនុវត្តច្បាប់ផ្នែកនគរបាល ដូចជា៖ ប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអនុក្រិតកម្មឆ្លងដែន ជាដើម។

ពាក់ព័ន្ធការងារកំណែទម្រង់ថ្នាក់ក្រោមជាតិ សម្ដេចក្រឡាហោម មានប្រសាសន៍បន្ថែមថា កន្លងមកស៊ុយអែត បានចូលរួមក្នុងកិច្ចការងារនេះ។ សម្ដេចក្រឡាហោម ទទួលស្គាល់ថា ស៊ុយអែត ជាប្រទេសមួយដែលមានបទពិសោធន៍ច្រើន ក្នុងការងារកំណែទម្រង់នេះ ដែលសម្ដេចផ្ទាល់ ក៏បានអញ្ជើញបំពេញទស្សនាកិច្ចនៅស៊ុយអែត ដើម្បីសិក្សាការងារកំណែទម្រង់កន្លងមកផងដែរ។
សម្ដេចក្រឡាហោម លើកឡើងថា សម្រាប់កម្ពុជាទោះបីគោលដៅកំណែទម្រង់មិនទាន់បានសម្រេចបានទាំងស្រុងក៏ដោយ យើងបានបោះជំហានទៅមុខជាប្រចាំ ហើយក៏បានទទួលបានលទ្ធផលតាមការរំពឹងទុក ហើយនាពេលនេះ កម្ពុជាកំពុងរៀបចំដាក់ចេញផែនការ១០ឆ្នាំ ដំណាក់កាលទី២ សម្រាប់បន្តការងារកំណែទម្រង់របស់ថ្នាក់ក្រោមជាតិ។

ពាក់ព័ន្ធការងារផ្នែកអនុវត្តច្បាប់នគរបាល រួមមានការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដូចជា ការប្រឆាំងបទល្មើសបច្ចេកវិទ្យា បញ្ហាគ្រឿងញៀន និងការប្រឆាំងភេវកម្ម ហើយសម្ដេចក្រឡាហោម ក៏ស្នើស៊ុយអែត ពិនិត្យលទ្ធភាពបន្ដពង្រឹងការងារនេះ បន្ថែមទៀត។
ជាកាឆ្លើយតបនឹងការលើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ឯកអគ្គរាជទូត ស៊ុយអ៊ែត បានលើកឡើងថា ស៊ុយអែតមានមោទនភាពដែលបានគាំទ្រដល់កម្ពុជា បង្កើតជាមូលដ្ឋានក្នុងការធ្វើកំណែទម្រង់ថ្នាក់ក្រោមជាតិ។ ដោយឡែក សំណើររបស់ សម្ដេចក្រឡាហោម ពាក់ព័ន្ធពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការនគរបាលក្នុងការប្រឆាំងឌក្រិដ្ឋកម្មឆ្លងដែន ឯកឧត្តម នឹងពាំនាំសំណើរនេះទៅកាន់រាជរដ្ឋាភិបាលស៊ុយអែត៕
#អរគុណសន្តិភាព