ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានជួបពិភាក្សាការងារតាមទូរស័ព្ទ និង Video Conference ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Yuasa Goro មេបញ្ជាការកងស្វ័យ ការពារជើងគោក ជប៉ុន និងជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក Cirilito E. Sobejana មេបញ្ជាការកងទ័ព ជើងគោកហ្វីលីពីន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។

នៅក្នុងជំនួបសន្ទនាតាមទូរស័ព្ទនេះ ភាគីទាំងពីរក៏បានចែករម្លែក និងផ្លាស់ប្តូរបទ ពិសោធន៍ទៅវិញទៅមកលើការចូលរួមរបស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុននៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជា បញ្ហាប្រឈមរួមដ៏ធ្ងន់ធ្ងរមួយ និងដែលកំពុងនៅបន្តរាតត្បាតពិភពលោកនៅឡើយ។
ក្នុងនោះ នាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវការគោរពកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ប្រសើរ និងត្រឹមត្រូវ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងវិធានការទាំងឡាយ ដែលកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទបានអនុវត្តន៍នៅក្នុងការងារនេះ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្តាប្រទេសជាមិត្ត ជាអាទិ៍ កម្ពុជា-ជប៉ុន ជាពិសេសទំនាក់ ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ដែលជាគន្លឹះមួយដ៏មានប្រសិទ្ធភាពដើម្បីឆ្លើយតប ទៅនឹងបញ្ហាប្រឈមនានាដែលកើតមាន ដោយបានសង្កត់ធ្ងន់ថា បញ្ហាកូវីដ-១៩ ជាបទ ពិសោធន៍ថ្មីមួយសម្រាប់ទាំងអស់គ្នា ទាំងការសហការដោះស្រាយផ្ទៃ ក្នុងប្រទេសនីមួយៗ ក៏ដូចជាការសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកជាមួយ បណ្តា ប្រទេសជាដៃគូ នៅក្នុងឆ្លើយតបនឹងជំងឺដ៏កាចសាហាវនេះ។ ឆ្លងតាមការប្រឈមនៃការដោះស្រាយរួមគ្នាលើ បញ្ហាកូវីដ-១៩នេះ ទាំងអស់គ្នានឹងអាចស្វែងរកនូវចំណុចខ្លាំង និងចំណុចប្រឈមនានា ដើម្បី ឈានទៅពង្រឹងនូវយន្តការនៃការសហប្រតិបត្តិការជាមួយគ្នាឱ្យបានកាន់តែប្រសើរឡើង។

នាយឧត្តមសេនីយ៍ YUASA Goro បានសម្តែងនូវការពេញចិត្ត និងការអរគុណ ចំពោះការបន្តរក្សានូវទំនាក់ទំនងដ៏ល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ទោះបីក្នុងស្ថានភាព វិបត្តិនៃជំងឺកូវីដ-១៩ ដែលស្តែងឡើងតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទនេះ និងបានបញ្ជាក់ ឡើងវិញអំពីការគោរពអញ្ជើញ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅ ប្រទេសជប៉ុន ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខ។
នាឱកាសនោះ ថ្នាក់ដឹកនាំកងទ័ពជើងគោក នៃប្រទេសទាំងពីរ បានឯកភាពគ្នាទៅ លើសារៈសំខាន់នៃកិច្ចសហការរវាងប្រទេសទាំងពីរក្នុងគ្រប់វិស័យទាំងអស់ ជាពិសេស រវាងកងទ័ព និងកងទ័ព ជាអាទិ៍ ការរួមគ្នាបង្កើនសមត្ថភាពឆ្លើយតបនឹងយថាហេតុ គ្រោះមហន្តរាយផ្សេងៗ ការផ្តល់ឱកាសក្នុងការលើកកម្ពស់សមត្ថភាព និងបណ្តុះបណ្តាល ធនធានមនុស្ស ក៏ដូចជាការបង្កើតឱកាសឱ្យមានការភ្ជាប់ទំនាក់ទំនងមនោសញ្ចេតនារវាង យោធិនគ្រប់លំដាប់ថ្នាក់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាដើម ដែលសុទ្ធ សឹងជាមូលដ្ឋាន នៅក្នុងការទំនាក់ទំនងយូរអង្វែង ហើយសង្ឃឹមយ៉ាងមុតមាំថា នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលឡើងវិញ ឬបញ្ចប់ក្នុងពេលខាងមុខនេះ កងទ័ពជើងគោកទាំងពីរ នឹងអាចបន្តជំរុញនូវល្បឿននៃកិច្ចសហប្រតិបត្តិការទាំងនេះឱ្យមានសន្ទុះឡើងវិញ។
សូមជម្រាបថា នាយឧត្តមសេនីយ៍ YUASA Goro ទើបបានដឹកនាំគណៈប្រតិភូកង ស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការលើកទី១ នៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងទៅ៕
#អរគុណសន្តិភាព