ភ្នំពេញ៖ ខេត្តហ៊ូប៉េ (Hubei) ប្រទេសចិនស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) ជាមួយខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ។ នេះ បើតាមលិខិតរបស់ឯកឧត្តម ប្រាក់សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផ្ញើជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ២ ខែកក្កដា កន្លងមកនេះ ។

ឯកឧត្តម ប្រាក់ សុខុនបានសរសេរថា «ខ្ញុំបាទសូមគោរពជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាបថា មន្ទីរការបរទេសខេត្តហ៊ូប៉ ប្រទេសចិន ស្នើសុំបង្កើតចំណងមេត្រីភាព (Sister City) រវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយខេត្តសៀមរាប ខេត្តកំពត និងក្រុងព្រះសីហនុ ក្នុងគោលបំណងបង្កើតភាពស្និទ្ធស្នាល និងបង្កើនកិច្ច សហប្រតិបត្តិការក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ខេត្តខាងលើ»។
បើតាម ឯកឧត្តមប្រាក់ សុខុន ខេត្តហ៊ូប៉េជាមជ្ឈមណ្ឌលភូមិសាស្ត្រសេដ្ឋកិច្ច និងដឹកជញ្ជូនរបស់ចិន និងជាខេត្តដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវាត់និងផ្លូវផងដែរ។ លើសពីនេះទៀត ក្រុមហ៊ុនធំៗនៅខេត្តនេះបានមកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងធនធាន ថាមពលជាដើម៕
#អរគុណសន្តិភាព