កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២១នេះ មានបើកកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការ រវាងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ក្នុងទិសដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តំណាង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នឹងមានការចូលរួមពីអាជ្ញាធរខេត្តក្នុងខេត្តទាំងពីរ រៀបចំនៅសាលប្រជុំសាលាស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ដោយកន្លងមកអាជ្ញាធរខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ កងកម្លាំងសមត្ថកិច្ច ក្រុមគ្រូពេទ្យ គឺបានបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការប្រឆាំង ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយដាក់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ ក្នុងការចុះតាមដានជាប្រចាំ នូវការចេញចូលរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ក្រៅពីនេះក៏បានចុះអប់រំផ្សព្វផ្សាយអំពីវិធាននាការនានារបស់រាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ដើម្បីបញ្ចៀសការឆ្លងរីករាលដាលនៅក្នុងសហគមន៍របស់ខ្លួន ដោយប្រកាន់ខ្ជាប់លាងសំអាតដៃនិងសាប៊ូ ឬអាកុល ពាក់ម៉ាស់ គម្លាតសុវត្ថិភាព និងមិនត្រូវជួបជុំដែលមានមនុស្សច្រើននោះទេ។

ក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំនៃខេត្តទាំងពីរ បានជម្រុញដល់អាជ្ញាធរដែនដី ត្រូវបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យយល់ដឹង និងការធ្វើចត្តាឡីស័កត្រូវអត់ធ្មត់ និងគោរពតាមការណែនាំក្រសួងសុខាភិបាល ដោយស្នាក់នៅឱ្យបានគ្រប់កាលកំណត់រយៈពេល១៤ថ្ងៃ ដើម្បីធ្វើការតាមដានសុខភាព ព្រោះការធ្វើចត្តាឡីស័កបានត្រឹមត្រូវនឹងជួយឱ្យយើងមានសុវត្ថិភាពល្អ ចៀសផុតពីការចម្លងជំងឺកូវីដ-១៩ ពីខ្លួនយើង ទៅក្រុមគ្រួសារ និងសហគមន៍ដែលខ្លួនរស់នៅ៕




#អរគុណសន្តិភាព