ស្វាយរៀង៖ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នាថ្ងៃព្រហស្បតិទី០៨ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមទទួលយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួន ដែលទទួលបានការឧបត្ថម្ភពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅស្រុកចន្ទ្រា និងស្រុករំដួល។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរបស់រដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ បានយកចិត្តទុក្ខដាក់បំពេញភារកិច្ច ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនទទួលបានលទ្ធផលគួរជាទីមោទនៈ។ ជាពិសេស ការអុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកច្រកម្ពុជា ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីរាលដាលជម្ងឺកូវីដ១៩ ទាំងអស់គ្នា។

សំណូមពរឲ្យអាជ្ញាធរទាំងអស់ត្រូវបន្តពង្រឹងការយកចិត្តទុក្ខដាក់ក្នុងការគ្រប់គ្រងចំពោះបងប្អូនប្រជាពលរដ្ឋចំណាកស្រុក បានវិលត្រលប់ចូលមកកាន់ខេត្តវិញ និងប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់តាមព្រំដែនស្វាយរៀងនៃប្រទេសកម្ពុជា និងវៀតណាម ដោយអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់នូវវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែន និងការពង្រឹងវិធានការរដ្ឋបាលចាំបាច់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ បំប្លែងថ្មីប្រភេទ (ដែលតា និង បែលតា មានកម្រិតឆ្លងដ៏ស្រួចស្រាវបំផុត) ចូលក្នុងសហគមន៍។ ជាពិសេស ត្រូវផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋ អំពីវិធានការរបស់សុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាលគឺ ៣កុំ និង៣ការពារ ដើម្បីកាត់ផ្តាច់ការឆ្លងរីករាលដាល ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ។

អំណោយដែលបានផ្តល់ជូននាពេលនេះ រួមមាន ៖ ទឹកសុទ្ធ ៥០កេស អង្ករ ១តោន មី ៥០កេស ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ ត្រីខ ៥កេស ម៉ាស ៥កេសធំ អាល់កុល ៣កាន សាប៊ូលាងដែ ១០០ដុំ ថ្នាំដុសធ្មេញ ១០០ទីប ច្រាស់ដុសធ្មេញ ១០០ដើម និងថវិកា ១លានរៀល៕


#អរគុណសន្តិភាព