បរទេស៖ក្រុមមន្ត្រីសុខាភិបាលនិងប៉ូលីសកាលពីថ្ងៃចន្ទម្សិលមិញបានអះអាងថាមនុស្សយ៉ាងហោចណាស់៥២នាក់បានបាត់បង់ជីវិតនិង២២នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍ភ្លើងឆេះអគារមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលពោរពេញទៅដោយអ្នកជំងឺដោយសារកូវីដ។
ហេតុការណ៍ឆេះមន្ទីរពេទ្យនេះគឺជាលើកទី២ហើយក្នុងប្រទេសអ៊ីរ៉ាក់ត្រឹមតែរយៈពេល៣ខែចុងក្រោយដែលវាត្រូវបានគេមើលឃើញថាអាចបណ្តាលមកពីការផ្ទុះធុងអុកស៊ីសែនរបស់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យដែលស្ថិតនៅភាគខាងត្បូងទីក្រុង Nassiriya។

មន្ត្រីសុខាភិបាលម្នាក់បានអះអាងថាមនុស្សស្លាប់ចុងក្រោយដែលអាចទាញបានសាកសពមកក្រៅនោះគឺមានទៅដល់៥២នាក់និងរបួសសរុប២២នាក់ប៉ុន្តែប្រតិបត្តិការស្វែងរកនៅតែបន្តធ្វើឡើងចំពោះជនរងគ្រោះផ្សេងទៀតដែលប្រហែលជាអាចនៅមានជាប់ពីក្នុងកំទេចកំទីបាក់បែក។
រំលឹកដែរថាកាលពីខែមេសាកន្លងទៅហេតុការណ៍ផ្ទុះបំពង់អុកស៊ីសែនដូចគ្នានេះបានកើតឡើងម្តងហើយនៅក្នុងមន្ទីរពេទ្យក្នុងទីក្រុងបាដាដដែលវាបានបណ្តាលឲ្យមានអ្នកបាត់បង់ជីវិតដល់ទៅ៨២នាក់និងរបួស១១០នាក់៕
#អរគុណសន្តិភាព