You are currently viewing រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២១

រដ្ឋបាលខេត្តព្រៃវែង បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២១

ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្ត និងមានសមាជិកចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត និង នាយក/នាយករងសាលាខេត្ត ជាមួយលោកនាយកទីចាត់ការហិរញ្ញវត្ថុខេត្ត លោកនាយកទីចាត់ការធនធានមនុស្សខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្តផងដែរ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែកក្កដា ឆ្នាំ២០២១  ។

ឆ្លៀតក្នុងឧកាសនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៍បានធ្វើការប្រគល់អនុក្រឹត្យ តែងតាំងអភិបាលរងខេត្តថ្មី លោក អន ភារៈ ជំនួសលោក ចាន់ ថា ដែលត្រូវផ្លាស់ប្តូរទៅកាន់តំណែងជាអភិបាលរងខេត្តកំពតវិញ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា កិច្ចប្រជុំរបស់គណៈអភិបាលខេត្ត គឺដើម្បីជួបប្រជុំត្រួតពិនិត្យរាល់សកម្មភាពការងារដែលសម្រេចបានក្នុងខែកន្លងទៅ ព្រមទាំងរួមគ្នាត្រួតពិនិត្យពិភាក្សា បញ្ហាប្រឈម ចំណុចខ្វះចន្លោះដែលនៅមិនទាន់បានអនុវត្តនិងការដោះស្រាយ ដើម្បីធ្វើយ៉ាងណា យើងរួមគ្នាកែលម្អ ដោះស្រាយឲ្យបានកាន់តែល្អប្រសើរ ទាន់ពេលវេលានិងអនុវត្តឲ្យបានចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងអាចឆ្លើយតបទៅនឹងភាពអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិក៏ដូចក្នុងខេត្តព្រៃវែង ក្នុងការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ធានាបម្រើជូនប្រជាជននៅក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានោះឯកឧត្តម ជា សុមេធី អភិបាលខេត្តក៏បានសម្ដែងការកោតសរសើរដល់អាជ្ញាធរ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពក្នុងខេត្តព្រមទាំងបានជម្រុញណែនាំឱ្យមានការបង្កើនការយកចិត្តទុកដាក់ខិតខំអនុវត្តនូវ ទិសដៅការងារ និងដោះស្រាយក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យបានកាន់តែសម្រេចប្រសើរឡើងថែមទៀតផងដែរ៕

#អរគុណសន្តិភាព

Leave a Reply