ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសំឡូត ដឹកនាំដោយ សើ សាម៉េត ប្រធានគណៈកម្មាធិការសាខាអនុស្រុកនិងសហការី បានចូលរួមសម្តែងនូវការសោកស្តាយ និងបាននាំយកអំណោយមនុស្សធម៌ទៅផ្ដល់ជូនប្រជាពលរដ្ឋឈ្មោះផុន ណាវី ដែលរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន កាលពីល្ងាចថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះស្ថិតនៅចំណុចអក្សរតេ ភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូតខេត្តបាត់ដំបង។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក សើ សាម៉េត ប្រធានគណកម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជាស្រុក បានពាំនាំប្រសាសន៍ របស់ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្តជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះទាំងអស់ រួមទាំងបង្កឱ្យមានអ្នករបួសធ្ងន់ធ្ងរម្នាក់ និងស្លាប់បាត់បង់ជីវិតម្នាក់ទៀតផងដែរ។ ទន្ទឹមនឹងនេះ លោកប្រធានគណៈកម្មាធិការអនុសាខា ក៏បានថ្លែងអំណរគុណ និងការកោតសរសេីរ ចំពោះកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកសំឡូតដែលបានខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តជួយអន្តរាគមន៍ពន្លត់អគ្គិភ័យមិនឱ្យប៉ះពាល់ច្រេីនជាងនេះ ជាពិសេស កោតសរសេីរចំពោះបងប្អូនអ្នកជិតខាងដែលមានទឹកចិត្តសប្បុរស ជួយទុក្ខធុរៈគ្នាក្នុងគ្រាមានអាសន្ន ដែលនេះជាស្មារតីមនុស្សធម៌ចែករំលែកក្តីអាណិតស្រឡាញ់ សាមគ្គីគ្នា ចេះជួយគ្នាក្នុងគ្រាមានអាសន្ន។
ជាមួយគ្នានេះ លោក សើ សាម៉េត ក៏បានពាំនាំសេចក្តីអំពាវនាវពីសំណាក់ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ដែលផ្តាំផ្ញេីដល់បងប្អូនទាំងអស់សូមអនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសផុតពីជំងឺកូវីដ-១៩ និងបង្កាកុំអោយរីករាលដាលឆ្លងក្នុងសហគមន៍ទាំងអស់គ្នាជាពិសេសត្រូវចូលរួមអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) ។
លោក ផុន ណាវី បានថ្លែង អំណរ គុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានគិតគូរ មានក្តីមេត្តា ករុណា និងទឹកចិត្តជ្រះថ្លា ជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកដោយគ្មានរេីសអេីងអ្វីឡេីយ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះទទួលបាន ៖ អង្ករ២០kg ទឹកត្រី និងទឹកស៊ីអ៉ីវ១យួ ទឹកសុទ្ធ១យួរ និងថវិកាមួយចំនួនផងដែរ៕

#អរគុណសន្តិភាព