ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល ស្តីពី ក្រមសីលធម៌ និង វិជ្ជាជីវ:សារព័ត៌មាន ដែលរៀបចំឡើង ដោយក្រសួងព័ត៌មាន សហការជាមួយក្រុមហ៊ុន ឌីជីថល ស្កាយ ម៉ាល់ឌីមេឌា បានប្រារព្ធ បើកនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នាសាលសត្យា ទីស្តីការក្រសួងព័ត៌មាន ក្រោមវត្តមាន ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការ និងជាប្រធាន គណ:កម្មាធិការបណ្តុះបណ្តាល វិជ្ជាជីវ:សារព័ត៌មាន និងវិក្រឹត្យការ នៃក្រសួងព័ត៌មាន។

លោក អ៊ុក វរ៉ា នាយកប្រតិបត្តិក្រុមហ៊ុន ឌីជីថល ស្កាយ ម៉ាល់ឌីមេឌា បានលើកឡើង ថា ការដែលក្រសួងព័ត៌មាន និងក្រុមហ៊ុនរៀបចំជាវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីបញ្ជ្រាប ការយល់ដឹងបានកាន់តែទូលំទូលាយ និងធ្វើការឱ្យមានប្រសិទ្ធភាព សម្រាប់ជាការឆ្លើយ តបទៅនិងគុណភាពនៃការផ្សព្វផ្សាយ សារព័ត៌មានកាន់តែប្រសើរឡើង និងជំរុញការ ផ្សព្វផ្សាយប្រកបដោយវិជ្ជាជីវ: ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ មានអ្នក សារព័ត៌មាន មកពីតាមបណ្តាអគ្គនាយកដ្ឋាន គ្រប់មន្ទីរព័ត៌មាន ខេត្ត រាជធានី និងអ្នកព័ត៌មាន មកពីក្រុមហ៊ុន ឌីជីថល ស្កាយ ម៉ាល់ឌីមេឌា សរុបជារួម ជិត១០០ នាក់។
ឯកឧត្តម ហ៊ីវ ជននាថ បានលើកឡើងថា វិស័យព័ត៌មាន គឺជាវិស័យដែល មាន ទម្ងន់ធ្ងន់ និងដើរតួយ៉ាងសំខាន់មួយ សម្រាប់ការការពារស្ថេរភាពសង្គម សេដ្ឋកិច្ច នយោបាយ និងសន្តិសុខសង្គម។ សារព័ត៌មាន គឺជាដៃគូដ៏សំខាន់ នៅក្នុងសង្គមប្រជាធិប តេយ្យ ដើម្បីរួមចំណែកតាមឃ្លាំមើលការអនុវត្តច្បាប់ របស់ស្ថាប័នសាធារណៈ និងធ្វើជាស្ពាន ចម្លងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំពីប្រជាពលរដ្ឋ មកកាន់រាជរដ្ឋាភិបាល វិញ។ ការអភិវឌ្ឍនៃបច្ចេកវិទ្យា Digital នៅក្នុងយុគសម័យបដិវត្ត ឧស្សាហកម្ម ជំនាន់ទី៤ បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសម័យថ្មី មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមាន សក្តានុពលខ្លាំងក្លាក្នុងការប្រកួតប្រជែងទីផ្សារជាមួយសារព័ត៌មានប្រពៃណី នាពេលបច្ចុប្បន្ន ជាមួយនឹងគុណភាពនៃការផ្ទុកទិន្នន័យ ការរក្សាទុកទិន្នន័យ ការបញ្ជូនទិន្នន័យ បានរហ័ស នឹងសមត្ថភាពនៃការផលិតព័ត៌មាន ដ៏សម្បូរបែប បានធ្វើឱ្យបរិមាណនៃប្រព័ន្ធផ្សព្វផ្សាយ ជំនាន់ថ្មីមានការកើនឡើងយ៉ាងគំហុក និងទទួលបាននូវការគាំទ្រពេញនិយមពី សំណាក់ អ្នកប្រើប្រាស់នៅទូទាំងប្រទេស ក៏ដូចជានៅក្នុងសកលលោក។
ឯកឧត្តម ហ៊ីវ ជននាថ បានបញ្ជាក់ដែរថា ដោយសារតែការផលិតព័ត៌មាន មានលក្ខណៈសម្បូរបែបនេះហើយ ទើបបង្កើតឱ្យមានបញ្ហាប្រឈមជាសកល ដែលកំពុងកើត មានទាំងនៅក្នុងប្រទេសកម្ពុជា និងនៅលើសកលលោកគួរឱ្យព្រួយបារម្ភ។ នោះគឺការផ្សព្វ ផ្សាយព័ត៌មានក្លែងក្លាយ និងការផ្សព្វផ្សាយព័ត៌មានញុះញង់។ ដើម្បីចូលរួមចំណែកទប់ស្កាត់ ព័ត៌មានក្លែងក្លាយ និងញុះញង់ទាំងអស់នេះ កន្លងមក ក្រសួងព័ត៌មានបានបង្កើត គណៈកម្មការតាមដានព័ត៌មានក្លែងក្លាយ សម្រាប់ឃ្លាំមើល និងតាមដានដែលទទួលបាន ប្រសិទ្ធភាពខ្ពស់។
ឯកឧត្តមរដ្ឋលេខាធិការ ក្រសួងព័ត៌មានបានរម្លឹកឡើងវិញដែរថា ដើម្បីអនុវត្តន៍ អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលថា “កុំបំពានសិទ្ធិ អ្នកដទៃ កុំបំភ្លៃការពិត” ។ ដូច្នេះអ្នកសារព័ត៌មានដែលនៅកម្រិតនៃការយល់ដឹង ត្រូវបង្កើន សមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីអនុវត្តន៍ការងារឱ្យបានល្អ និងចូលរួមលើកកម្ពស់វិស័យ ព័ត៌មានកាន់តែរឹងមាំ បន្ថែមទៀត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ីវ ជននាថ ក៏បានឡើងធ្វើបទបង្ហាញស្តីពី ក្រមសីលធម៌ និងតម្លៃរបស់អ្នកសារព័ត៌មាន សារ:សំខាន់នៃវិជ្ជាជីវះសារព័ត៌មាន និងផល ប៉ះពាល់៕
#អរគុណសន្តិភាព