សៀមរាប៖ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយរងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅ រសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះថា នៅក្នុងកិច្ចការរៀបចំសណ្តាប់ធ្នាប់ និងសោភណភាពនៅបរិវេណខាងលិចប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យដំណើរការ បន្ទប់ទឹកអនាម័យកម្រិតស្តង់ដារអន្តរជាតិ ដែលមានទីធ្លាធំទូលាយ និងបំពាក់ទៅដោយ សម្ភារ បរិក្ខារទំនើប ដែលមានទីតាំងនៅក្នុងទីលានបដិសណ្ឋារកិច្ច។

ឯកឧត្តមបានបន្តថា ក្រៅពីបន្ទប់ទឹកសាធារណៈកម្រិតស្តង់ដារមួយកន្លែងនេះ អាជ្ញាធរជាតិអប្សរា ក៏កំពុងតែសាងសង់បន្ទប់ទឹកបែបនេះចំនួន៣កន្លែងទៀត ដើម្បីឆ្លើយ តបទៅនឹងតម្រូវការភ្ញៀវទេសចរនៅថ្ងៃអនាគត។ បន្ទប់ទឹកអនាម័យនេះនឹងស្ថិតក្រោមការ ថែទាំរបស់គ្រឹះស្ថានអង្គរដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការផ្តល់សេវាកម្មទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរ។
ឯកឧត្តម យិត ចាន់ដារដ្ឋ បានបញ្ជាក់ថា ក្រៅពីការរៀបចំនៅក្នុងទីលាន បដិសណ្ឋាកិច្ចឱ្យមានសណ្តាប់ធ្នាប់ និងសោភណភាពហើយនៅ អាជ្ញាធរជាតិអប្សរា ក៏កំពុង តែរៀបចំផ្លូវថ្មើរជើង ដែលភ្ជាប់ពីចំណតរថយន្តមកកាន់ទីលាន បដិសណ្ឋាកិច្ច និងបន្ត ទៅកាន់អង្គរ។ ផ្លូវថ្មើរជើងនេះមានសម្រាប់ជនពិការផងដែរ ជាមួយគ្នានេះនៅអមសងខាងផ្លូវ និងមាន ដាំដើមផ្កាដែលមានក្លិនក្រអូប ពេលភ្ញៀវទេសចរដើរទៅទស្សនាអង្គរតាមផ្លូវនេះ និងមានភាពស្រស់ស្រាយ។
សូមបញ្ជាក់ថា បន្ទប់ទឹកអនាម័យកម្រិតស្តង់ដារអន្តរជាតិនេះ មានបន្ទប់ស្រីចំនួន៨ បុរសចំនួន៦ បង្គន់នោមសម្រាប់បុរសចំនួន៦ និងបង្គន់សម្រាប់ជនពិការចំនួន២(ស្រី១ ប្រុស១) សម្រាប់ឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ ក្នុងគោលបំណងលើកកម្ពស់សោភណភាព បរិស្ថាន និងអនាម័យនៅតំបន់រមណីយ ដ្ឋានអង្គរបេតិកភណ្ឌពិភពលោក៕
#អរគុណសន្តិភាព