ភ្នំពេញ៖ ស្ថានីយប្រេងឥន្ធនៈសូគីមិច ដែលមានទីតាំងនៅច្រមុះជ្រូកក្បាលថ្នល់ ត្រូវបាន អាជ្ញាធររាជធានីភ្នំពេញ ធ្វើការរុះរើ ខណៈដែលបានដោះស្រាយផលប៉ះពាល់ជាមួយនឹងម្ចាស់ស្ថានីយបានបញ្ចប់។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៥ ខែតុលានេះថា គម្រោងនៃការកែសម្រួលប្រព័ន្ធចរាចរ នៅតំបន់ក្បាលថ្នល់ឱ្យកាន់តែប្រសើរឡើង បានឈានដល់ការរុះរើ និងឈូសឆាយ ស្ថានីយប្រេងឥន្ធនៈសូគីមិចនៅច្រមុះជ្រូកក្បាលថ្នល់នេះ ខណៈដែល ការដោះស្រាយផល ប៉ះពាល់ជាមួយនឹងម្ចាស់ទីតាំងបានបញ្ចប់ និងក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានសុំគោលការណ៍ទៅរាជរដ្ឋាភិបាល ដើម្បីសុំប្ដូរទីតាំងស្ថានីយប្រេងឥន្ធនៈចេញ។

លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ប្រព័ន្ធចរាចរនៅច្រមុះជ្រូកក្បាល ថ្នល់មានការ កកស្ទះចរាចររាល់ថ្ងៃ។ ដោយមើលឃើញពីបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសុំគោលការណ៍ ទៅរាជរដ្ឋាភិបាល ដើម្បីសូមយកស្ថានីយប្រេងឥន្ធនៈសូគីមិច ចេញពីច្រមុះជ្រូកក្បាលថ្នល់ ដោយប្តូទៅកាន់ទីតាំងផ្សេង ដើម្បីសម្រួលប្រព័ន្ធចរាចរនៅតំបន់នេះឱ្យកាន់តែ ប្រសើរឡើងជាងមុន ពិសេសគឺការតភ្ជាប់មហាវិថី៦០ម៉ែត្រ ត្រង់មកផ្លូវព្រះមុនីវង្សតែម្តង។
លោក សាំ ពិសិដ្ឋ. បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងការកែប្រព័ន្ធលំហូរចរាចរ នៅស្តុបច្រមុះជ្រូកក្បាលថ្នល់នេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងពង្រីកផ្លូវព្រះមុនីវង្ស ឱ្យបានបីគន្លង និងផ្លូវលេខ២៧១ បីគន្លង៕
#អរគុណសន្តិភាព