ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូ សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សហគ្រាស TK & D ដែលស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។

គួរបញ្ជាក់ថា សហគ្រាស TK & D បង្កើតឡើងក្នុងគោលបំណង ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។
សហគ្រាសនេះបោះទុនវិនិយោគប្រមាណជាង៥លានដុល្លារ នៅលើផ្ទៃដីប្រមាណជាង២ហិកតា ដែលអាចស្រូបយកនូវទីផ្សារពលកម្ម ជូនបងប្អូនប្រជាពលរដ្ឋយើង បានប្រមាណជាង១០០នាក់ផងដែរ៕