សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត នៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈស្តង់ដារពីរអំពីការអនុវត្ត លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
យោងតាមសារលិខិតអបអរសាទរ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រោមមូលបទ «ការស្ដារពិភពលោកឱ្យមានភាពប្រសើរឡើងវិញ ប្រកបដោយសមធម៌ និងនិរន្តរភាព» សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មិនភ្លេចទេនូវវិនាសកម្ម និងការឈឺចាប់ ដែលបង្កឡើងដោយសង្គ្រាម ដែលប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្កទាំងនោះ បានដាក់បង្ខំមកលើកម្ពុជា។ សម្ដេចតេជោបានថ្លែងថា កម្ពុជាក៏មិនបានឱ្យប្រទេសទាំងនោះ សងបំណុលសីលធម៌ ដែលពួកគេជំពាក់ចំពោះប្រជាជនកម្ពុជាទេ តែកម្ពុជាគ្រាន់តែប្រើប្រាស់សិទ្ធិអធិបតេយ្យរបស់ខ្លួន ជាម្ចាស់ទឹក ម្ចាស់ដី ការពារការរស់រានមានជីវិតឡើងវិញរបស់ប្រជាជនកម្ពុជា ការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិតែប៉ុណ្ណោះ។ ក្នុងទិសដៅនេះ កម្ពុជាបានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួន នូវគោលនយោបាយអព្យាក្រឹត្យមិនចូលបក្សសម្ព័ន្ធ សន្តិសហវិជ្ជមាន មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងការគោរពគ្នា និងមានផលប្រយោជន៍ទៅវិញទៅមកជាមួយបណ្ដាប្រទេសទាំងអស់នៅក្នុងពិភពលោក។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីការប្ដេជ្ញាចិត្តយ៉ាងមោះមុត របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការការពារ ទោះក្នុងតម្លៃណាក៏ដោយ នូវសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានដោយលំបាក ដើម្បីកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ។ សម្ដេចតេជោគូសបញ្ជាក់បន្ថែមថា ដោយសារគុណតម្លៃនៃសន្តិភាពដែលកម្ពុជាទទួលបានដោយលំបាកនេះហើយ ដែលបានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើននៅលើគ្រប់វិស័យគួរឱ្យកត់សម្គាល់ និងបានជំរុញឱ្យកម្ពុជាខិតខំអភិវឌ្ឍន៍ខ្លួន ក្លាយជាប្រទេសមួយដែលបានរួមចំណែកយ៉ាងសកម្ម នៅក្នុងបុព្វហេតុសន្តិភាពពិភពលោក។ ទន្ទឹមនេះ កម្ពុជាមានមោទនភាពយ៉ាងក្រៃលែង ដែលបានប្រែក្លាយពីប្រទេសធ្លាប់តែទទួលជំនួយពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ ទៅជាប្រទេសដែលមានលទ្ធភាពបញ្ជូនកងកម្លាំងជាបន្តបន្ទាប់ចូលរួមបេសកកម្មថែរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសនានា ដែលកំពុងជួបប្រទះនឹងវិបត្តិសង្គ្រាម។
សូមជម្រាបជូនថា ចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២១នេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៧ ៥២៧ នាក់ (ក្នុងស្រី៤៦៨នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតាមតំបន់ចំនួន១០ ក្នុងប្រទេសចំនួន ០៩ រួមមាន ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល លើបង់ ស៊ីប ស៊ីរី ម៉ាលី និងយេម៉ែន។
សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអះអាងថា កម្ពុជានឹងបន្តរួមចំណែកក្នុងបុព្វហេតុការពារសន្តិភាព ស្ថិរភាព និងសន្តិសុខពិភពលោក តាមរយៈការចូលរួមកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានានៅលើសកលលោក ដែលរួមមាន អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការប្រែប្រួលអាកាសធាតុ ការជួយដូរគ្រឿងញៀន និងជំងឺឆ្លងនានា។ល។ កម្ពុជាមានឆន្ទៈដ៏មោះមុត និងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីសាមគ្គីភាព ភាតរភាពជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌៕