You are currently viewing អង្គការ USAID ព្រៃឡង់បៃតង កំពុងអភិរក្សសត្វត្រដេវវិច តាមរយៈកម្មវិធីថែទាំសម្បុកសត្វ

អង្គការ USAID ព្រៃឡង់បៃតង កំពុងអភិរក្សសត្វត្រដេវវិច តាមរយៈកម្មវិធីថែទាំសម្បុកសត្វ

គម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹងនៅថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ថា សត្វត្រដេវវិចទួល ដេកយកជើងរបស់វាបាស់ឡើងលើ ដូចជាពាក្យចាស់តែងតែពោលថា “កុំដេកយកជើងទ្រមេឃដូចសត្វត្រដេវវិច” មានន័យថា កុំព្យាយាមធ្វើអ្វីដែលហួសពីសមត្ថភាពរបស់ខ្លួនខ្លាំងពេក។

សត្វត្រដេវវិចទួល គឺជាបក្សីមានទំហំមធ្យម ដែលមានប្រវែង ២៣ ទៅ ២៨សង់ទីម៉ែត្រ មានស្លាបប្រវែង ៤២ ទៅ៤៩សង់ទីម៉ែត្រ។ ស្លាប និងខ្នងមានពណ៌ត្នោតខ្ចីជាមួយនឹងពណ៌ស្វាយភ្លឺរលោង ប៉ុន្តែផ្នែកក្បាល ទ្រូង និងផ្នែកខាងមុខនៃកមានពណ៌ខ្មៅ។ សត្វប្រភេទនេះត្រូវបានគេស្គាល់សម្រាប់លក្ខណៈពិសេសរបស់វា ដែលវាមានសំឡេងស្រែកឮខ្លាំង ។ ជាធម្មតាពួកវាត្រូវបានគេរកឃើញនៅក្នុងហ្វូងតូចៗ ជុំវិញតំបន់ដែលមានទឹក វាលស្រែកសិកម្ម និងដីស្ងួត។ ការហោះហើររបស់វាមានភាពយឺត ប៉ុន្តែមានសមត្ថភាពហើររហ័សរហួនគួរឱ្យកត់សម្គាល់ នៅពេលដែលវាការពារសម្បុករបស់វា ឬ នៅពេលដែលត្រូវបានវាយប្រហាដោយសត្វស្ទាំង។

សត្វត្រដេវវិចទួល ស៊ីពពួកស្រមោច សត្វកញ្ចែ ដង្កូវ និងសត្វល្អិតដទៃទៀត ខ្យង និងសត្វឥតឆ្អឹងខ្នងដទៃទៀត ដែលភាគច្រើនត្រូវបានរើសពីក្នុងដី។ វាស៊ីអាហារទាំងពេលថ្ងៃនិងពេលយប់។ សម្បុកសត្វប្រភេទនេះ ពិបាករកណាស់ដោយសារតែពងរបស់ពួកវាមានពណ៌លំនាំដូចពណ៌ដី។ សម្បុករបស់សត្វត្រដេវវិច ភាគច្រើនត្រូវបានគំរាមកំហែងដោយការធ្វើកសិកម្ម។

គម្រោង USAID ព្រៃឡង់បៃតង កំពុងធ្វើការអភិរក្សបក្សី តាមរយៈកម្មវិធីថែទាំសម្បុកសត្វ រួមទាំងការសហការជាមួយដៃគូនានា ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីយ៉ាងសម្បូរបែប នៅតំបន់ទេសភាពព្រៃឡង់ និងតំបន់ជុំវិញ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331