ភ្នំពេញ៖ ឯកឧត្តម នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានអះអាងថា ការលក់ឥណទានកាបូន គឺជាការលើកស្ទួយមុខមាត់ កិត្តិយសរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ខណៈដែលកម្ពុជាទទួលបានថវិកា ១១,៦លានដុល្លារ ពីរលក់លក់ឥណទានកាបូន ក្នុងរយៈពេល ៥ឆ្នាំ។

យោងតាមប្រសាសន៍ឯកឧត្តម នេត ភក្ត្រា បានឱ្យដឹងចាប់តាំងពីឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០នេះ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងទីផ្សារស្ម័គ្រចិត្ត បានថវិកាចំនួន ១១,៦លានដុល្លារ ហើយការលក់ឥណទានកាបូននេះគឺបានលក់នៅក្នុងទីតាំងចំនួនបី រួមមាន ដែនជម្រកសត្វព្រៃកែវសីមា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ។

ឯកឧត្តមអ្នកនាំពាក្យបានគូសបញ្ជាក់ថា៖ « ការលក់ឥណទានកាបូននេះបានបង្ហាញថា កម្ពុជាការពារបាននូវតំបន់ការពារធម្មជាតិ ក៏ដូចជាធនធានធម្មជាតិបានយ៉ាងល្អប្រសើរ ដែលធ្វើឱ្យកម្ពុជាចៀសផុតពីការលាបពណ៌ថា កម្ពុជាជាប្រទេសដែលកាប់ឈើច្រើនជាងគេ និងបានក្លាយជាប្រទេសដែលឈានមុខគេក្នុងការលក់ឥណទានកាបូន»។
លើសពីនេះទៀត កម្ពុជាបាននិងកំពុងស្វះស្វែងរកដៃគូផ្សេងៗទៀត ដើម្បីបន្តទិញឥណទានកាបូននេះបន្ថែមទៀត ហើយចំពោះក្រុមហ៊ុន ដែលបានទិញឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត មានក្រុមហ៊ុន Disney ក្រុមហ៊ុន Shell និងក្រុមហ៊ុន Gucci ។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,៣ លានហិកតា ដែលក្នុងនោះមានឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ការពារបេតិកភណ្ឌធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ សរុបជិត ៧០ កន្លែង និងមានមន្ត្រីឧទ្យានុរក្សចំនួន ១,២៦០ នាក់ ៕
ប្រភព៖ AKP
#អរគុណសន្តិភាព