You are currently viewing សង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ មិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់

សង្កាត់ចំនួន៤ ក្នុងក្រុងតាខ្មៅ មិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់

ខេត្តកណ្ដាល៖ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឡុងណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័ក្រុងភ្នំពេញ នៅសាលាខេត្ត កណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជួយបំពេញបន្ថែម ដល់ការផ្គត់ផ្គង់ទឹក ដើម្បី ធានាការប្រើប្រាស់គ្រប់គ្រាន់ និងមាននិរន្តភាព នៅទូទាំងក្រុងតាខ្មៅ។

ឯកឧត្តម ឡុងណារ៉ូ / ឯកឧត្តម គង់ សោភ័ណ្ឌ

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ ក្រុងតាខ្មៅមានសង្កាត់ចំនួន៤ ដែលទើបកាត់មកពីស្រុកស្អាង នៅមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់នៅឡើយទេ ដូច្នេះ ស្នើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជួយពន្លឿនការសិក្សាបន្ថែម និងរិះរកដំណោះស្រាយ ធ្វើយ៉ាងណាផ្គត់ផ្គង់ទឹក ឱ្យប្រជាពលរដ្ឋ នៅសង្កាត់ចំនួន៤ ដែលទើបកាត់ចេញពីស្រុកស្អាងមានទឹកប្រើប្រាស់គ្រប់គ្រាន់។

ជាការឆ្លើយតប ឯកឧត្តម ឡុង ណារ៉ូ បានជម្រាបជូន ឯកឧត្ដម អភិបាលខេត្តពីគម្រោងការផ្គត់ផ្គង់ទឹក សំរាប់ទូទាំងក្រុងតាខ្មៅ ដោយឯកឧត្តម បានលើកឡើងថា៖ នៅក្នុងឆ្នាំ២០២៤ ខាងមុខនេះ រដ្ឋាករទឹកស្វយ័តភ្នំពេញ នឹងអាចផលិតទឹកបាន ៣ម៉ឺនម៉ែត្រគីបបន្ថែមទៀត សម្រាប់ប្រើប្រាស់នៅក្រុងតាខ្មៅ និងនៅឆ្នាំ២០៣០ គ្រោងនឹងបង្កើតរោងចក្រផលិតទឹកមួយ នៅក្រុងតាខ្មៅ ដែលមានអនុភាពផលិតបាន ៦ម៉ឺនម៉ែត្រគីប អាចផ្គត់ផ្គង់បាននៅទូទាំងក្រុងតាខ្មៅ និងប្រើប្រាស់ទឹកបានគ្រប់គ្រាន់ នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

ទន្ទឹមនឹងនោះ ឯកឧត្តម អគ្គនាយក ក៏បានជម្រាបពីគម្រោងបន្ថែម ក្នុងការពង្រីកវិសាលភាពរបស់ខ្លួន សម្រាប់ភូមិសាស្រ្តខេត្តដែលជាប់ព្រំប្រទល់រាជធានីភ្នំពេញ ឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានតម្លៃសមស្របដូចគ្នាដែរ។

គួររំលឹកថា៖កន្លងមកនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដាក់ពង្រាយទុយោទឹករបស់ខ្លួន មានទំហំ ៦០សង់ទីម៉ែត្រ ឆ្ពោះមកក្រុងតាខ្មៅ នៅត្រង់ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ ២ ឆ្ពោះទៅសង្កាត់ព្រែកហូរ ។

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331