ខេត្តបាត់ដំបង៖ ប្រតិបត្តិការបោសសំអាតមីននៅក្នុងខេត្តបាត់ដំបង បានចាប់តាំងពីឆ្នាំ ១៩៩២ ហើយគិតមកដល់ខែកញ្ញា ឆ្នាំ២០២១នេះ ផ្ទៃដីទូទាំងខេត្ដបាត់ដំបងចំនួន ៤៦ ៣៧៣ហិកតា ត្រូវបានកំទេចមីនយកដីមកប្រើប្រាស់តាមតម្រូវការ ខណៈខេត្ដបាត់ដំបងសង្ស័យមានផ្ទៃដី ១១ ០០០ហិកតា នៅសល់មីនដែលត្រូវដោះស្រាយឱ្យអស់នៅឆ្នាំ២០២៥ តាមការកំណត់ នៃផែនការយុទ្ធសាស្រ្ដជាតិសកម្មភាពមីន (២០១៨-២០២៥)។
ឯកឧត្ដម សុខ លូ អភិបាលខេត្ដបាត់ដំបង បានថ្លែងនៅក្នុងពិធីតម្លើងប៉ាណូអប់រំយល់ដឹងអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម) នៅក្នុងឃុំអូដារ ស្រុកកំរៀង ខេត្ដបាត់ដំបង នាថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០២១ ថា ប្រជាពលរដ្ឋតែងតែរំពឹងទុកថា វិស័យសេដ្ឋកិច្ច កសិកម្ម ក៏ដូចជាជីវភាពរស់នៅរបស់ប្រជាកសិករ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនជាលំដាប់ អាស្រ័យដោយយើងមានលទ្ធភាពស្ដារផ្ទៃដីបង្កបង្កើនផល ដែលបានបាត់បង់ដោយសារ គ្រាប់មីន ឱ្យកាន់តែទូលំទូលាយ និងទាញយកផលប្រយោជ៍អំពីផ្ទៃដី ដែលប្រកបដោយសក្កានុពលទាំងនោះ។
លោកអភិបាលបានបន្តទៀតថា ជាក់ស្ដែងផ្អែកលើបញ្ហាប្រឈមយើងមានប្រតិបត្តិការបោសសំអាតមីន ដោយមានការសហការ ពីអង្គភាព CMAC អង្គការ MAG អង្គការ HALO-trust និងប្រតិបត្តិករនានាបានរំដោះផ្ទៃដីទូទាំងខេត្ដបាត់ដំបង ចាប់តាំងពីឆ្នាំ១៩៩២ ដល់ខែកញ្ញា ឆ្នាំ២០២១នេះសរុប ៤៦ ៣៧៣ហិកតា បានរកឃើញ និងកំទេចចោលមីនប្រឆាំងមនុស្សចំនួន២០២ ១៤៥គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ៣ ៩៨២គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន១ ១៣៣ ១៥១គ្រាប់ និងមីនច្នៃ៣ ៩៧៣គ្រាប់។
ផ្ទៃដីដែលបានបោះសំអាតមីនរួចត្រូវបានយកមកប្រើប្រាស់តាមតម្រូវការដូចជា ធ្វើជាដីកសិកម្ម៧៥% ជាលំនៅឋាន១០% ជាដីហេដ្ឋារចនាសមព័ន្ធរូបវ័ន្ដ១៥% មានអ្នកទទួលផលផ្ទាល់ចំនួន១៧៣ ៤៧៤គ្រួសារ គិតជាចំនួនមនុស្ស៤៣៣ ៦១៥នាក់ ក្នុងនោះ មានស្រ្តីចំនួន៥១% និងបុរស៤៩% ខណៈនៅសល់តំបន់សង្ស័យមានមីន សរុបទូទាំងខេត្ដប្រមាណ ១១ ០០០ហិកតាទៀត ដែលត្រូវដោះស្រាយឱ្យអស់នៅឆ្នាំ២០២៥៕