ភ្នំពេញ៖ មន្រ្តីទទួលបន្ទុកព័ត៌មានសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត សរុបចំនួន ១២៥នាក់ បានទទួលវគ្គបំប៉នតាមអនឡាញ (Zoom) ស្តីពីការសរសេរអត្ថបទព័ត៌មាន ការថតរូបភាព និងគោលការណ៍ណែនាំស្តីពីអត្តសញ្ញាណកាកបាទក្រហមកម្ពុជា។

វគ្គបំប៉ននេះត្រូវបានធ្វើឡើងនៅនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពី ការិយាល័យទំនាក់ទំនងសាធារណៈ ក្រោមអធិបតីភាព និងផ្តល់ខ្លឹមសារគន្លឹះដោយ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងមានការចូលរួមពីលោក ម៉ារ យ៉ារិទ្ធិ អ្នកកាសែតជើងចាស់ ប្រធានកម្មវិធីព័ត៌មាន អប្សរាណេត នៃស្ថានីយ៍ទូរទស្សន៍អប្សរា។

លោក ម៉ារ យ៉ារិទ្ធិ បង្ហាញពីការសរសេរអត្ថបទដោយផ្តោតលើគ្រឹះសំខាន់នៃ «5W» និងការសរសេរ Lead នាំមុខដោយផ្អែកលើតម្លៃមូលដ្ឋានគ្រឹះទាំង៥ សំដៅធ្វើយ៉ាងឱ្យខ្លឹមសារអត្ថបទព័ត៌មានទទួលបានភាពរឹតតែទាក់ទាញពីសាធារណជន៕
