ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ត្រូវបានវិទ្យាស្ថាន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) ផ្តល់ពានរង្វាន់ “Lifetime Achievement Award” រង្វាន់សមិទ្ធផលប្រចាំជីវិត ដែលជាការបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាងច្រើន ក្នុងវិស័យសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមចំណែក សំខាន់ជាមួយ AIBD ។ ការផ្ដល់ពានរង្វាន់នេះ បានធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងខណៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤៦ និងសន្និសីទលើកទី១៩ នៃវិទ្យាស្ថាន ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) ឆ្នាំ ២០២១ ស្តីពី “ការដឹកនាំប្រព័ន្ធផ្សាយក្នុងបរិបទថ្មី” តាមរយៈប្រព័ន្ធវីដេអូ អនឡាញ នៅសាលប្រជុំក្រសួងព័ត៌មាន។

ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានថ្លែងអំណរគុណដល់ AIBD ចំពោះពានរង្វាន់មួយនេះ ហើយបានបញ្ជាក់ថា ពាន់រង្វាន់នេះ គឺមិនមែនតែសម្រាប់ ឯកឧត្តមរដ្ឋមន្ត្រី តែម្នាក់ប៉ុណ្ណោះទេ គឺសម្រាប់ក្រុមការងារទាំងអស់នៃ ក្រសួងព័ត៌មានកម្ពុជា ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញការងារ និងសម្រេចបាននូវជោគជ័យជាច្រើន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានថ្លែងសុន្ទរកថា ដោយបញ្ជាក់ថា ការជួបគ្នានៅពេលនេះ ជាសមូហភាពដែលទាក់ទងនឹងព័ត៌មាន និងតំណាងឱ្យប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសរៀងៗខ្លួន ។ ឯកឧត្ដមរដ្ឋមន្រ្ដីលើកឡើងថា ទាំងអស់គ្នា បានមើលដោយក្តីរន្ធត់ នៅពេលដែលជំងឺ Covid-19 រាតត្បាត បាននាំមកនូវរលកយក្ស ស៊ូណាមិ នៃព័ត៌មាន និងភាពច្របូកច្របល់។ ទន្ទឹមនេះ ឥទ្ធិពលអវិជ្ជមាននៃព័ត៌មានក្លែងក្លាយ និងព័ត៌មានមិនពិត លើនយោបាយ សេដ្ឋកិច្ច សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងវប្បធម៌ គឺមិន អាចប្រកែកបាន។ លើសពីនេះទៀត បញ្ហាទាំងនេះ បានបង្អាក់ដល់ការរួបរួម និងសន្តិភាពរបស់ប្រទេសធ្វើឱ្យមានការមិនទុកចិត្តគ្នា ការបែកបាក់គ្នា និងអំពើហិង្សារវាងប្រជាជន និងធ្វើឱ្យប៉ះពាល់ ដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ AIBD សម្រាប់ការផ្តល់កន្លែងទំនេរ ដល់អ្នកធ្វើគោលនយោបាយ និងអ្នកអនុវត្តន៍ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីពិភាក្សាអំពីបញ្ហាកើនឡើងផ្សេងៗ ជាពិសេសក្នុងអំឡុងពេល ចាប់ផ្តើមនៃជំងឺរាតត្បាត។ ឯកឧត្ដមបានអះអាងថា ជោគជ័យមួយដែល AIBD និងសមាជិករួមគ្នា បង្កើតបានធម្មនុញ្ញប្រព័ន្ធ ផ្សព្វផ្សាយ ដែលជាឯកសារដែលមានគោលបំណង ដោះស្រាយបញ្ហាសំខាន់ៗ ចំនួនប្រាំមួយ ដែលកំពុងប្រឈមមុខនឹងប្រព័ន្ធផ្សព្វផ្សាយ។ សម្រាប់ធម្មនុញ្ញប្រព័ន្ធផ្សព្វផ្សាយ បានបញ្ជាក់អំពីទិដ្ឋភាពដ៏សំខាន់បំផុតសម្រាប់ទាំងអស់គ្នានៅទីនេះ ហើយដូចសុភាសិតមួយចែងថា «ការរួមគ្នាគឺជាការចាប់ផ្តើម រក្សាជាមួយគ្នាគឺជា ការរីកចម្រើន, ការធ្វើការជាមួយគ្នា គឺជាជោគជ័យ»។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ជាការពិតណាស់ នេះគឺជាពេលវេលាសម្រាប់កិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងក្នុងចំណោមអង្គការ សមាជិកនៃ AIBD ដើម្បីរួមគ្នា និងលើកកម្ពស់ព័ត៌មានពិតប្រាកដ និងការសរសេរ កម្មវិធីដ៏ល្អ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា “វាដល់ពេលហើយដើម្បីពិចារណា និងដឹកនាំអង្គការនេះ ដែលទាំងអស់គ្នាជាអ្នកទទួលផល ឆ្ពោះទៅកាន់កម្ពស់កាន់តែច្រើន បង្កើតអនាគតដ៏ មានតម្លៃសម្រាប់ឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់”។
លោកស្រី Philomena Gnanapragasam អគ្គនាយិកា AIBD និងជាប្រធានអង្គប្រជុំ បានជម្រាបជូនពីគោលបំណង នៃកិច្ចប្រជុំនាឱកាសនេះ គឺ ដើម្បីពិនិត្យលើរបាយការណ៍សកម្មភាពដែល AIBD សម្រេចបានកន្លងមក។ ជាមួយគ្នានេះដែរ អង្គប្រជុំបានស្តាប់មតិជាបន្តបន្ទាប់ដែលបានលើកឡើងដោយថ្នាក់ដឹកនាំនៃបណ្តាលប្រទេសជា សមាជិក AIBD ៕