សៀមរាប៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងឱកាសចុះពិនិត្យ «គម្រោងប្លាស្ទិកដូរយកអង្ករ» អនុវត្តដោយមូលនិធិទំពាំងស្នងឫស្សី គាំទ្រដោយក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថាគម្រោងនេះ បានកាត់បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ ១០០តោន ទាំងប្លាស្ទិកសើម និងស្ងួត មិនឱ្យបំពុលបឹងទន្លេសាប។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមទៀតថា បច្ចុប្បន្ននេះ គម្រោងនេះបាននិងកំពុងពង្រីកការសម្អាត សំណល់ ប្លាស្ទិកក្នុងបរិស្ថានដែលហូរនាំមកពីផ្នែកផ្សេងៗតាមស្ទឹង ព្រែកនានានៅរដូវទឹកដំឡើង។ យុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកពីបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងទឹកសម្រកក្រោម «គម្រោងប្លាស្ទិកដូរយកអង្ករ» នេះបានផ្ដួចផ្ដើមធ្វើជាផ្លូវការតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយចលនាមហាជនតាមសហគមន៍នានាជុំវិញបឹងទន្លេសាបដូចជាសហគមន៍កំពង់ឃ្លាំង សហគមន៍មេជ្រៃ ចុងឃ្នៀស បឹងពារាំង កំពង់ភ្លក និងស្ទឹងសៀមរាបផ្នែកខាងក្រោមជាដើម ក្នុងគោលបំណងដើម្បីឱ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់ដោយសំណល់ប្លាស្ទិក និងចេះញែក បែងចែក ទុកដាក់សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ដោយឈប់ធ្វើការដុតប្លាស្ទិក និងបញ្ឈប់ការបោះចោលប្លាស្ទិកចូលទៅក្នុងទឹកបឹងទន្លេសាប។

គួរបញ្ជាក់ផងដែរថា គិតរហូតមកដល់ពេលនេះគម្រោងយកប្លាស្ទិកដូរយកអង្ករនិងរបស់បរិភោគផ្សេង ទៀតរបស់ពលរដ្ឋរស់នៅសហគមន៍តំបន់បឹងទន្លេសាបបានកើនឡើងជាង ៦១០ គ្រួសារ៕
