ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើឱ្យមន្ត្រីទើបចូលបម្រើការថ្មីក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ត្រូវបន្តពង្រឹងភាសាបរទេសបន្ថែមលើជំនាញដែលខ្លួនមានស្រាប់ ដើម្បីមានសមត្ថភាពចូលរួមវេទិកានានាទាំងក្នុង និងក្រៅប្រទេស។

ថ្លែងបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹងអំពីច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងរចនាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន សម្រាប់មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០២១ នាព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២១នេះ នៅក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងព័ត៌មានមិនមែនធ្វើការងារតែផ្សាយព័ត៌មានទេ គឺមានកិច្ចការងារជាច្រើនទៀតមានទំនាក់ទំនងជាមួយបរទេសដែលតម្រូវឱ្យមន្ត្រីត្រូវចេះភាសាបរទេស។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបន្តថា«ក្រៅពីការងារជំនាញរបស់ក្រសួងព័ត៌មាន យើងនៅមានកម្មវិធីច្រើនទៀតសម្រាប់ទំនាក់ទំនងជាមួយបរទេស។ ដូច្នេះការយល់ដឹងអំពីទំនាក់ទំនងបរទេស យល់ដឹងពីរចនាសម្ព័ន្ធរបស់គេ និយាយរួមបើសិនគ្មានកូវីដទេគឺមួយឆ្នាំៗគឺមានមន្ត្រីចេញទៅក្រៅប្រទេសច្រើនណាស់ ទាំងអ្នកចាស់និងអ្នកថ្មី ពីព្រោះយើងឱ្យអ្នកថ្មីដាក់អមអ្នកចាស់ដើម្បីស្វែងយល់ អ៊ីចឹងរៀនទាំងជំនាញ រៀនទាំងផ្នែកទំនាក់ទំនងអន្តរជាតិនិងផ្នែកផ្សេងៗទៀត មានតែជំនាន់នេះទេដែលប្រឡងមិនមានការបកប្រែ ជាធម្មតាមន្ត្រីចូលក្រសួងព័ត៌មានត្រូវតែចេះភាសាបរទេសមួយយ៉ាងតិច»។

ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបន្ថែមថា ការណ៍ដែលឯកឧត្តម ជំរុញឱ្យមន្ត្រីរៀនភាសាបរទេសឱ្យចេះច្បាស់នេះគឺដើម្បីមានអនាគតល្អសម្រាប់មន្ត្រីខ្លួនឯង។ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានក្រើនរំឭកមន្ត្រីថ្មីទាំងអស់ត្រូវស្វែងយល់ពីសិទ្ធិ ច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលឱ្យបានច្រើនក្នុងពេលក្លាយជាមន្ត្រីរាជការ ដើម្បីអនុវត្តការងារឱ្យបានត្រឹមត្រូវ៕