You are currently viewing ថ្ងៃនេះ​ក្រសួងសុខាភិបាល​ប្រកាស​មិនមាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នោះទេ! ការព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ-១៩ ចំនួន២នាក់

ថ្ងៃនេះ​ក្រសួងសុខាភិបាល​ប្រកាស​មិនមាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នោះទេ! ការព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​កូ​វីដ-១៩ ចំនួន២នាក់

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ ចំនួន២នាក់​ជាសះស្បើយ និង​មិនមាន​រកឃើញ​ករណី​ឆ្លង​ថ្មី​នោះទេ។ បច្ចុប្បន្ន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​សល់​តែ៣នាក់​ប៉ុណ្ណោះ។

អ្នកជំងឺ​ដែល​ទើប​ព្យាបាល​ជាសះស្បើយ​ទាំង២នាក់​រួមមាន៖

១៖ បុរស​ជន​ជា​បារាំង​អាយុ២៧ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​បារាំង បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​សិង្ហ​បុរី មកដល់​កម្ពុជា នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ចំនួន២ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប។

២៖ ស្ត្រី​ជនជាតិ​ឥណ្ឌា​អាយុ៣៤ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌា (ក្រុង​ដេលី) មកដល់​កម្ពុជា​នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​កូ​វីដ-១៩ ចំនួន២ដង និង​ត្រូវបាន​អនុ​ញ្ញា​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង៧៖០០នាទី​ព្រឹក​ថ្ងៃទី១៧ ខែតុលា​នេះ កម្ពុជា​បាន​រកឃើញ​អ្នកជំងឺ​កូ​វីដ-១៩ ចំនួន២៨៣នាក់ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​ចំនួន២៨០នាក់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន៣នាក់៕

#អរគុណ​សន្តិភាព

Leave a Reply