You are currently viewing ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង នឹង​អញ្ជើញ​មក​កម្ពុជា​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ

ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង នឹង​អញ្ជើញ​មក​កម្ពុជា​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ

ភ្នំពេញ៖ ក្នុងជំនួប​សម្តែង​ការគួរសម សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ាក់ ហឿង​ឃ្យុ​ង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ទើប​តែងតាំង​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជម្រាប ជូន​ពី​ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម​ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ មកកាន់ ព្រះរាជាណាចក្រ​កម្ពុជា នៅ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ ដើម្បី​ពង្រឹងពង្រីក​កិច្ច សហប្រតិបត្តិការ​រវាង​រដ្ឋសភា​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​រឹងមាំ​ឡើង។

ក្នុងជំនួប​នោះ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ស្វាគមន៍ ដំណើរ​ទស្សនកិច្ច​រប​ស់​ឯកឧត្តម​ប្រធានរដ្ឋសភា នៃ​សាធារណរដ្ឋ​កូរ៉េ មកកាន់​កម្ពុជា ហើយ​រដ្ឋសភា​កម្ពុជា​ត្រៀម​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ​ឱ្យ​បានល្អ។

សម្តេច​ប្រធានរដ្ឋសភា បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ​នាពេល​កន្លងមក ដែល​បាន​នាំមក នូវ​ឧ​ត្ត​ម​ប្រយោជន៍ សម្រាប់​ប្រជាជន​ទាំងសងខាង និង​បាន​ស្វាគមន៍ ចំពោះ​បេសកកម្ម​របស់ ឯកឧត្តម ប៉ាក់ ហឿង​ឃ្យុ​ង នៅ​កម្ពុជា។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​លើកឡើងថា សាធារណរដ្ឋ​កូរ៉េ បាន និង​កំពុង​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និង​អភិវឌ្ឍន៍ជនបទ​ជាដើម។ សម្តេច​បានស្នើ​សុំ​សាធារណរដ្ឋ​កូរ៉េ​បន្ថែម ចំនួន​កូតា​ពលរដ្ឋ​ខែ្មរ​ទៅធ្វើ​ការងារ​នៅ​កូរ៉េ​ទៀតផង​ដែរ។

ឯកឧត្តម ប៉ាក់ ហឿង​ឃ្យុ​ង បាន​គាំទ្រ​ប្រសាសន៍​លើកឡើង​របស់ សម្តេច ប្រធានរដ្ឋសភា និង​បាន​ជម្រាប​សម្តេច អំពី​ការរីកចម្រើន​ខាង​ផ្នែក​ន​យោ​យ​បាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ នៅក្នុង​រយៈពេល​ចុង ក្រោយនេះ មានការ​រីកចម្រើន​ខ្លាំង​គួរឱ្យកត់សម្គាល់។ ទំហំ​ពា​ណិ​ជ្ចក​ម្ម​កម្ពុជា-កូរ៉េ​នៅ ឆ្នាំ២០១៩ បាន​កើន​ដល់ ១ពាន់​លាន​ដុល្លារ ហើយ​ទុនវិនិយោគ​កូរ៉េ​នៅ​កម្ពុ​ជាមាន​ជាង ៥ពាន់​លាន​ដុល្លារ ដែល​នាំ​កូរ៉េ​ក្លាយជា​ប្រទេស​ទី២ ក្នុងការ​វិនិយោគ​នៅ​កម្ពុជា។ ចំណែក ពលរដ្ឋ​កម្ពុជា ដែល​កំពុងធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ មាន​ប្រមាណ៤ម៉ឺន​នាក់។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត​បន្តថា នៅ​ឆ្នាំ​ខាងមុខ សាធារណរដ្ឋ​កូរ៉េ​នឹង​ផ្តល់ជំនួយ ដល់​កម្ពុជា​បន្ថែម ខាង​ផ្នែក​ដោះមីន ហើយ​និមិត្តរូប​នៃ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​មួយ អាច​លេច​ជា​រូបរាង​ផងដែរ។ ទាក់ទង​ជំនួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-កូរ៉េ ឆ្លងកាត់​ទន្លេ មេគង្គ​នោះ បច្ចុប្បន្ន យើង​កំពុងតែបន្ត​ការពិភាក្សាគ្នា៕

#អរគុណ​សន្តិភាព

Leave a Reply