ភ្នំពេញ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋរងគ្រោះចំនួន ១១៦គ្រួសារ ក្នុងក្រុងសៀមរាប មកពី៣សង្កាត់ ស្មើនឹង ៤ភូមិ បានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ដែលពិធីចែកអំណោយនេះបានប្រព្រឹទត្តទៅថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងលោកជំទាវ។

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ឯកឧត្តម ទៀ សីហា បានគូសបញ្ជាក់ថា ជាពិសេសក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយប្រទេសយើងកំពុងប្រឈមនឹងបញ្ហាទឹកជំនន់ផង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ ។ សំខាន់គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការក្រីក្រ។ ឯកឧត្តម បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានចំនួនតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ តាមរយៈការធ្វើអនាម័យសុខភាពឱ្យបានជាប្រចាំ ត្រូវដុសលាងសម្អាតដៃជាមួយទឹកសាប៊ូ អាល់កុល ឬជែល និងពាក់ម៉ាសឱ្យបានត្រឹមត្រូវ។

ឯកឧត្តម ទៀ សីហា ក៏បានក្រើនរម្លឹកផងដែរអំពីការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាជំងឺឆ្លងថ្មី គឺជំងឺគ្រុនឈីក និងជំងឺគ្រុនឈាម ដែលឆ្លងតាមរយៈមូសខ្លាញីខាំ។ដូច្នេះត្រូវប្រុងប្រយ័ត្នតាមរយៈធ្វើអនាម័យនៅជុំវិញលំនៅឋាន បំបាត់ជម្រក់មូសខ្លា ស្លៀកពាក់ខោអាវវែងៗ និងត្រូវដេកក្នុងមុង ទោះយ ប់ឬថ្ងៃក៏ដោយ។ ព្រមគ្នាពេលដែលមានគ្រោះទឹកជំនន់នេះ បងប្អូនត្រូវហូបទឹកស្អាត ទឹកឆ្អិនដាំពុះជាដើម ចៀសវាងជំងឺតម្កាត់ផ្សេង។ បើសង្ស័យមានរោគសញ្ញាអ្វីមួយកើតឡើង សូមរួសរាន់យកអ្នកជំងឺទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីពិគ្រោះ ពិនិត្យនិងព្យាបាលជំងឺឱ្យបានទាន់ពេលវេលា។ដោយហង្ស សៀកអំណោយដែលចែកជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំង ១១៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ៣០គីឡូក្រាម, ឃីត១កញ្ចប់, កន្ទេល១, មី១កេស, ត្រីខ១យូរ, ទឹកស៊ីអ៊ីវ៤ដប, អាយឺត២, សាប៊ូប្រូតិច២ដុំ, តង់ប្លាស្ទិច១, និងថវិកា១០ម៉ឺនរៀល៕
#អរគុណសន្តិភាព