You are currently viewing ​ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី០១នាក់ លើ​បុរស​ជនជាតិ​ប៉ូឡូញ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​មិនមាន​ទេ

​ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី០១នាក់ លើ​បុរស​ជនជាតិ​ប៉ូឡូញ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​មិនមាន​ទេ

(ភ្នំពេញ)៖ នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ថ្មី ចំនួន០១នាក់​លើ​បុរស​ជនជាតិ​ប៉ូឡូញ ដែល​ទើប​ធ្វើដំណើរ​ចូលមក​កម្ពុជា និង​មិនមាន​ករណី​ជាសះស្បើយ​នោះឡើយ។

បុរស​ជនជាតិ​ប៉ូឡូញ​អាយុ៤៧ឆ្នាំ ដែល​រកឃើញ​មាន​ជំងឺ​កូ​វីដ-១៩នេះ មាន​អាសយដ្ឋាន​ស្នាក់នៅ​បណ្ដោះអាសន្ន នៅ​សណ្ឋាគារ​មួយ ក្នុង​ខេត្ត​ព្រះសីហនុ ជា​អ្នក​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ប៉ូឡូញ បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

សូម​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ​សរុប​មាន​ចំនួន ៥៤នាក់ (ស្រី ៣៦នាក់ និង​កុមារ ០២នាក់) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជាតិ​ប៉ូឡូញ អាយុ៤៧ឆ្នាំ ខាងលើ។ រីឯ អ្នកដំណើរ​ចំនួន ៥៣នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ-១៩ នោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា ឡី​ស័ក​ចំនួន១៤ថ្ងៃ នៅ​សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​មណ្ឌល​កងទ័ព​ជើង​អាកាស។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង ០៧៖០០នាទី ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅ​កម្ពុ​ជាមាន​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប២៨៦នាក់ (ស្ត្រី ៥៨នាក់ និង​បុរស ២២៨នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស​មាន​ចំនួន ២៨០នាក់ (ស្មើនឹង ៩៧.៩០% ធៀប នឹង​ចំនួន​អ្នកមាន​វីរុស​កូ​វីដ-១៩ទាំងអស់) និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រាជធានី​ភ្នំពេញ ចំនួន០៦នាក់៕

#អរគុណ​សន្តិភាព

Leave a Reply