You are currently viewing សម្តេច​តេ​ជោ​ហ៊ុន សែន អំពាវនាវ​ដល់​ធនាគា​រ និង​មីក្រូហិរញ្ញវត្ថុ អនុគ្រោះ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់

សម្តេច​តេ​ជោ​ហ៊ុន សែន អំពាវនាវ​ដល់​ធនាគា​រ និង​មីក្រូហិរញ្ញវត្ថុ អនុគ្រោះ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់

បន្ទាយមានជ័យ៖ សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​អំពាវនាវ​ដល់​បណ្ដា​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទូទាំងប្រទេស ត្រូវ​ជួយ​អនុគ្រោះ​ពន្យា​ពេល​ក្នុង​ការសង់​ប្រាក់ រួមជាមួយ​នឹង​ការបន្ធូរបន្ថយ​អត្រា​ការប្រាក់ តាម​ដែល​អាច​ធ្វើបាន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុងតែ​រងគ្រោះ​ដោយសារ​ទឹកជំនន់។

នៅក្នុង​ឱកាស​នៃ​ការចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ជាង១ម៉ឺន​គ្រួសារ ស្ថិតនៅក្នុង​មង្គលបុរី ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «មុននេះ​អំពាវនាវ​សម្រាប់​អ្នក​ដែល​បាត់បង់​ប្រាក់ចំណូល​ដោយសារ​កូ​វីដ-១៩ ដូចជា​កម្មករ​ត្រូវ​បិទ​រោងចក្រ​អីចឹង ត្រូវ​ឲ្យ​មាន​ភាពអនុគ្រោះ​យ៉ាងម៉េច? និង​ការ​ជំពាក់​ប្រាក់​អត្រា​ការប្រាក់​វា​យ៉ាងម៉េច? ឥឡូវនេះ ខ្ញុំ​ក៏​សូម​អំពាវនាវ​ទៅកាន់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ សុំ​ការយោគយល់​ចំពោះ​អ្នក​លិចលង់​នៅ​គ្រប់​ទីកន្លែង ឲ្យ​មានការ​បន្ធូរបន្ថយ​ទៅលើ​ពេលវេលា​នៃ​ការសង​ប្រាក់ រហូត​ទៅដល់​ការបន្ថយ​អត្រា​ការប្រាក់​នៅក្នុង​រយៈពេល​នៃ​ការលំបាក» ។

សម្តេច​តេ​ជោ​ហ៊ុន សែន ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​សុំ​កុំ​មានការ​រឹបអូស​ទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់​ប្រជាពលរដ្ឋនៅក្នុង​ដំណាក់កាល​កូ​វីដ-១៩ និង​នៅក្នុង​ដំណាក់កាល​គ្រោះទឹកជំនន់​នេះ។

យ៉ាងណាក៏ដោយ​សម្តេច​តេ​ជោ​ហ៊ុន សែន នៅតែ​បញ្ជាក់​ដដែល​ថា «នៅមាន​ចរន្ត​មួយ​ចលនា​ឲ្យ​ដក​ប្រាក់​ទាំងអស់​ចេញពី​ធនាគារ ដើម្បី​ធ្វើ​ឲ្យ​ធនាគារ​ស្រុក​ខ្មែរ​ដួលរលំ។ អាហ្នឹង​ទី១ ទៅ។ ទី២ ចលនា​ឲ្យ​ប្រជាជន​ទាំងអស់​ដក​លុយ។ ខ្ញុំ​នៅតែ​លើកទឹកចិត្ត​ឲ្យ​រឹបអូស​អ្នកណា​ក៏ដោយ​ដែល​ធ្វើតាម​ការអំពាវនាវ​នេះ​សូម​ឲ្យ​ធនាគារ​រឹបអូស​ទៅ។ តែបើ​អ្នកណា​មិន​ធ្វើតាម​អា​អ្នក​អំពាវនាវ​ដើម្បី​ធ្វើ​វិ​ឆេ​ត​កម្ម​សូម​យោគយល់​ឲ្យ​គេ​ផង។ ជួនកាល​យើង​ទៅ​ខ្ចី​ធនាគារ​យក​ប្លង់ដី​ប្លង់​ផ្ទះ​យកទៅដាក់​ខ្ចី​គេ​បានត្រឹមតែ២០០០ទេ។ តែ​តម្លៃ​ដី​របស់​យើង​មាន​រហូតដល់ ១៥០០០តែ​យើង​បាន​ខ្ចី​តែ ២០០០ទេ។ អីចឹង​គេ​អាច​រៀបចំ​ឡើងវិញ​អនុញ្ញាត​ឲ្យ​ខ្ចី​បន្ថែម ១០០០ទៀត។ អាហ្នឹង​ជាការ​រៀបចំ​ឡើងវិញ​ដើម្បី​ឲ្យ​យកមក​ធ្វើជា​ដើមទុន​រកស៊ី​តទៅ​ទៀត។ អីចឹង​ខ្ញុំ​យក​វេទិកា​នេះ​អំពាវនាវ​នៅ​គ្រប់​ធនាគារ​និង​គ្រប់​មីក្រូហិរញ្ញវត្ថុ​សូម​ធ្វើការ​យោគយល់​នៅលើ​សភាពការណ៍​ដ៏​លំបាក​របស់​ប្រជាជន​យើង។ ពិត​ហើយ​អស់លោក​ត្រូវការ​ចំណេញ​ប៉ុន្តែ​បើ​ចំណេញ​នៅលើ​ការលំបាក​របស់​ប្រជាពលរដ្ឋ​ក៏​មិនមែនជា​ការសប្បាយរីករាយ​សម្រាប់​ទាំងអស់គ្នា​ហើយ​នៅក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ​ទេ។ អីចឹង​ទេ​សង្ឃឹមថា​ធនាគារ​ទាំងអស់​នឹងមាន​ការយោគយល់​ហើយ​ធនាគារជាតិ​នៃ​កម្ពុជា​ក៏ដូចជា​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏ត្រូវ​បន្តធ្វើ​ការណែនាំ​មីក្រូហិរញ្ញវត្ថុ​ក៏ដូចជា​ធនាគារ​ទាំងឡាយ​ឲ្យ​មានការ​ផ្តល់​ការយោគយល់» ។

សម្តេច​តេ​ជោ​ហ៊ុន សែន គូសបញ្ជាក់ថា «ក្រៅពី​ការយោគយល់​ផល​លំបាក​នៃ​ការបាត់បង់​ប្រាក់ចំណូល​មកពី​កូ​វីដ-១៩ យើង​ក៏ត្រូវ​ផ្តល់នូវ​ការយោគយល់​ថែមទៀត​ចំពោះ​អ្នក​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​ប៉ះពាល់​ដល់​ចំនួន ១៤៣៣៤៨គ្រួសារ​ស្មើនឹង​មនុស្ស ៤១៧៣៩២នាក់ ហើយ​ក្នុងចំណោម​នោះ​ក៏​មិនមែន​សុទ្ធតែ​អ្នក​ជំពាក់​ធនាគារ​នោះទេ» ៕

#អគុណសន្តិភាព

Leave a Reply