You are currently viewing រមណីយដ្ឋានឆ្នេរខ្សាច់សហគមន៍អេកូទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ ត្រៀមទទួលភ្ញៀវទេសចរ នៅក្នុងថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២៣

រមណីយដ្ឋានឆ្នេរខ្សាច់សហគមន៍អេកូទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ ត្រៀមទទួលភ្ញៀវទេសចរ នៅក្នុងថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២៣

រមណីយដ្ឋានឆ្នេរខ្សាច់សហគមន៍អេកូទេសចរណ៍កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ បានត្រៀមទទួលភ្ញៀវទេសចរ ក្នុងថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២៣ និងបានធ្វើពិធីសូត្រមន្តប្រោះព្រំ សុំម្ចាស់ទឹកម្ចាស់ដីជួយបីបាច់ថែរក្សាទាំងទីតាំង ទាំងសុវត្ថិភាពភ្ញៀវទេសចរ កាលពីថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ។

លោក ប៊ុន បាន ប្រធានសហគមន៍អេកូទេសចរណ៍កោះទ្រង់ សង្កាត់កោះទ្រង់ ក្រុងក្រចេះបានបញ្ជាក់ថា ដោយអនុវត្តនូវគោលការណ៍របស់មន្ទីរទេសចរណ៍ខេត្ត សហគមន៍អេកូទេស ចរណ៍កោះទ្រង់ បានធ្វើការកែសម្រួលទីតាំងរោងសម្រាប់ភ្ញៀវអង្គុយ និងសម្រាកកម្សាន្ត ធ្វើការផ្សព្វផ្សាយតាមរូបភាពផ្សេងៗ ដើម្បីទាក់ទាញទាំងភ្ញៀវជាតិ និងភ្ញៀវទេសចរបរទេស ឱ្យចូលមកទស្សនាកម្សាន្តកាន់តែច្រើនថែមទៀត ។

លោក សំ បួយ ចៅសង្កាត់កោះទ្រង់ ក៏បានសម្តែងក្តីសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងសង្កាត់កោះទ្រង់ ដែលត្រូវបានរដ្ឋបាលខេត្តក៏ដូចជាមន្ទីរទេសចរណ៍ខេត្ត បង្កើតនិងរៀបចំឱ្យមានរមណីយដ្ឋានឆ្នេរខ្សាច់ សហគមន៍អេកូទេសចរណ៍នេះឡើង ក្នុងគោលបំណងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងសហគមន៍ និងលើកស្ទួយកម្រិតជីវភាពប្រជាជនក្នុងសង្កាត់កោះទ្រង់ ក្រុងក្រចេះ ទាំងមូលផងដែរ ។

លោក ប្រាក់ វិកុល ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា រមណីយដ្ឋានឆ្នេរខ្សាច់សហគមន៍អេកូទេសចរណ៍កោះទ្រង់នេះ បានចាប់ផ្តើមបើកដំណើរការទទួលភ្ញៀវចាប់តាំងពីឆ្នាំ២០១៧មកម៉្លេះ ។

លោកបញ្ជាក់ថា ដើម្បីទាក់ទាញភ្ញៀវមកកម្សាន្ត ឱ្យកាន់តែច្រើន និងសប្បាយរីករាយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ មន្ទីរទេសចរណ៍សហការជាមួយ សហគមន៍អេកូទេសចរណ៍កោះទ្រង់ បានធ្វើពិធីសូត្រមន្តប្រោះព្រំសុំម្ចាស់ទឹក ម្ចាស់ដី ជួយបីបាច់ថែរក្សាទាំងទីតាំងកម្សាន្ត ទាំងសុវត្ថិភាពភ្ញៀវមកទស្សនាកម្សាន្ត និងមានគោលដៅសំខាន់ គឺទទួលភ្ញៀវដែលចូលមកកម្សាន្តនៅថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២៣ ដែលប៉ាន់ស្មានប្រមាណជា ង១ម៉ឺននាក់ ។

លោកប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងទៀតថា ដោយមានការចង្អុលបង្ហាញ និងណែនាំពីឯកឧត្តម វ៉ា ថន អភិបា ល នៃគណៈអភិបាលខេត្តក្រចេះ យើងបានធ្វើការពង្រីក និងកែប្រែទំហំទីតាំងកម្សាន្ត បង្កើនចំនួនរោងសម្រាប់ភ្ញៀវអង្គុយកម្សាន្ត ពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពភ្ញៀវ អនាម័យម្ហូបអាហារ ការរៀបចំទីតាំងថតរូបអនុស្សាបវរីយ៍ ក៏ដូចជាបង្កើតល្បែងកម្សាន្តសប្បាយជា ច្រើនទៀតផង ៕

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331