នៅព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ លោក ស៊ិន វណ្ណវុទ្ធ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជា ការឯកភាពរដ្ឋបាលស្រុកសណ្តាន់ បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ ផ្ទះបាយ ចំនួន៤ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលពិធីនេះប្រព្រឹត្តទៅនៅផ្នែកសឹករងសណ្តាន់ ស្ថិតនៅឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោកវរសេនីយ៍ត្រី ឃួន សុខមករា នាយផ្នែកវិស្វកម្មនៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំបានឡើងរាយការណ៍អំពីគម្រោងសាងសង់ផ្ទះបាយចំនួន៤ខ្នង គឺ នៅទីបញ្ជាការផ្នែកសឹករងសណ្តាន់១ខ្នង និង៣ខ្នងផ្សេងទៀតដែលត្រូវសាងសង់ នៅផ្នែក សឹករងស្ទោង ផ្នែកសឹករងប្រាសាទសំបូរ និងផ្នែកសឹករងប្រាសាទបល្ល័ង្ក ដែលជាអំណោយ ដ៏ថ្លៃថ្លារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលមានទំហំក្នុង១ខ្នងៗទំហំ៤៨ម៉ែត្រការ៉េ ធ្វើពីបេតុង និងដំបូលប្រក់ស័ង្កសីកិនភ្លី មានបន្ទប់ឃ្លាំងសម្រាប់ទុកដាក់សម្ភារៈផ្សេងៗ និងកន្លែងសម្រាប់រៀបចំ តុពិសាអាហារ ដែលត្រូវ សាងសង់តាមលក្ខណៈបច្ចេកទេស។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងតែឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ក្នុងការងារកសាងអង្គភាពរឹងមាំ មានជាអាទិ៍ ការសាងសង់ឃ្លាំងដាក់សម្ភារបច្ចេកទេសយោធា ការឧបត្ថម្ភទោចក្រយានយន្ត គោយន្ដ សម្រាប់ដឹកជញ្ជូននិងបង្កបង្កើនផល ព្រមទាំងសមិទ្ធផលជាច្រើនទៀត ពិសេសលើវិស័យ មនុស្សធម៌មានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្រាប់ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមជាងសំណង់ ដែលត្រូវដំ ណើរការសាងសង់ផ្ទះបាយនៅទីបញ្ជាការផ្នែកសឹករងសណ្តាន់ និង៣ផ្នែកសឹករងទៀត នៅពេលនេះ ត្រូវយកចិត្តទុកដាក់សាងសង់ឱ្យបានសមស្របតាមលក្ខណៈបច្ចេកទេស ធានាគុណភាព និងមានសោភណភាព។
ជាមួយគ្នានោះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ធំ ក៏បានក្រើន រំលឹកដល់យោធិននៅផ្នែកសឹករងទាំង៤ ក្រោយពេលសាងសង់រួច ត្រូវខិតខំថែរក្សា និងកែលម្អសោភណភាព ការរៀបចំអាហារហូបចុកប្រចាំថ្ងៃក្នុងផ្ទះបាយឱ្យមានអានាម័យល្អ ធានាសុខភាពជូនកងទ័ព និងត្រូវខិតខំបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ផ្ទះបាយ លើកកម្ពស់ជីវភាពរស់នៅរបស់យោធិនបន្ថែមលើគោលរបបដែលថ្នាក់លើបានកំណត់។
លោកវរសេនីយ៍ទោ អ៊ូ សុធា មេបញ្ជាការផ្នែកសឹករងសណ្តាន់ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំតំណាងមេបញ្ជាការផ្នែកសឹករងប្រាសាទបល្ល័ង្ក ប្រាសាទ សំបូរ និងផ្នែកសឹករងស្ទោង បានសូមគោរពថ្លែងអំណរគុណដ៏ ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានជួយ ឧបត្ថម្ភ ផ្ទះហូបបាយ សម្រាប់ អង្គភាព ផ្នែកសឹក រងទាំង ៤ ដែលមិនទាន់មាន ផ្ទះហូបបាយសមរម្យកន្លងមកហើយទើបថ្ងៃនេះ បានទទួលផ្ទះហូបបាយថ្មី ដែលជាចំណង ដៃរបស់ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ សូមគោរពជូនពរ ឯកឧត្តម និងលោកជំទាវ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕


