នៅរសៀលថ្ងៃអង្គារ ១២កើតខែបុស្ស ឆ្នាំខាលចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី ទៅប្រគល់ផ្ទះថ្មី១ខ្នង គឺខ្នងផ្ទះទី២៣៧ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកស្រី ឈិន ទី អាយុ៥៥ឆ្នាំជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុកចំនួន៤នាក់ ត្រូវជាភរិយាសពលោកពលបាលឯក អាំង វៀន ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨៥ នៅអង្គភាពវរសេនាតូចលេខ៦ យោធាខេត្តកំពង់ធំ ហើយបានពលីជីវិតនៅឆ្នាំ១៩៩១ នៅសមរភូមិអូរពោធិ៍ ខេត្តព្រះវិហារ។
ដោយមើលឃើញពីជីវភាពរស់នៅ របស់គាត់មានការលំបាកខ្វះខាត ទើបគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សុំការសម្រេចសាងសង់ផ្ទះជូនគាត់នៅពេលនេះ ជាខ្នងផ្ទះទី២៣៧ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តារ ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៤ និងដូសទី៥ ឱ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព តាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងពិធីប្រគល់ផ្ទះថ្មីនេះ ក្រុមការងារអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករ៥០គីឡូក្រាម,មី២កេស, ទឹកត្រី១យួរ, ត្រីខកំប៉ុង១យួរ, និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកាមួយចំនួនផងដែរ ។
លោកស្រី ឈិន ទី គ្រួសារអតីតយុទ្ធជនពលី និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនឹងពុទ្ធពរទាំងប្រាំប្រការ កុំបីឃ្លៀងឃ្លាតឡើយ និងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន លុះអវសាន្តជីវិត៕


