សហរដ្ឋអាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងទៅសភាកុងហ្គ្រេស ពាក់ព័ន្ធនឹងការអនុម័តកិច្ចព្រមព្រៀងលក់យន្តហោះប្រដេញ F-35 ផលិតដោយក្រុមហ៊ុន ឡុកហ៊ីត ម៉ារទីន ចំនួន ៥០គ្រឿង ទៅ
ឱ្យសហរដ្ឋអារ៉ាប់ អេមីរេត(UAE) ក្នុងតម្លៃសរុប ១០ ០០០លានដុល្លារ ដែលគេសន្និដ្ឋានថា រឿងនេះ នឹងនាំឆ្ពោះទៅរកការកាច់កុងគ្នា ជាមួយអ្នកនយោបាយនៅក្នុងសភាមួយចំនួន ដែលនៅមិនទាន់ឯកភាពជាមួយនឹងការលក់គ្រឿងយុទ្ធភណ្ឌទំនើប ទៅឱ្យប្រទេសដែលមានចំណែករួមក្នុងការសម្លាប់ប្រជាពលរដ្ឋនៅក្នុងសង្គ្រាមយេមែន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែកញ្ញាថា សហរដ្ឋអាមេរិក និងយូអេអ៊ី មានគោលដៅក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់យន្តហោះ F-35 មួយហ្វូងធំ ឱ្យទាន់មុនពិធីបុណ្យជាតិ របស់យូអេអ៊ី ដែលត្រូវនឹងថ្ងៃទី2 ធ្នូ ខាងមុខ។
គណៈកម្មការផ្នែកកិច្ចការបរទេស របស់ព្រឹទ្ធសភា និងសភាតំណាងរាស្ត្រអាមេរិក មានសិទ្ធិក្នុងការពិចារណា ឬសូម្បីតែជំទាស់លើការលក់អាវុធ ក្រោមកម្មវិធីពិចារណា បែបមិនផ្លូវការបាន។

រដ្ឋាភិបាលអ៊ីស្រាអែល ដែលបានចេញមកជំទាស់រឿងនេះ កាលពីពេលដំបូងៗនោះ បានបន្ទន់ឥរិយាបថខ្លះហើយ កាលពីសប្ដាហ៍មុន បន្ទាប់ពីសហរដ្ឋអាមេរិក ផ្ដល់ការធានារ៉ាប់រងថា វានឹងមិនធ្វើឮ
ឱ្យកងទ័ពអ៊ីស្រាអែល ចាញ់ប្រៀបប្រទេសជិតខាងនោះទេ។
ទាំងអស់នេះ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល មានកិច្ចព្រមព្រៀងជាមួយគ្នាជាយូរយារមកហើយថា អាវុធដែលសហរដ្ឋអាមេរិក លក់ទៅឱ្យប្រទេសណាមួយនៅក្នុងភូមិភាគរបស់ខ្លួន ត្រូវតែមិនប៉ះពាល់ដល់សក្ដានុពលខាងយោធាដែលខ្លាំងពូកែជាង(Qualitative military edge)របស់អ៊ីស្រាអែលឡើយ។
“យើងសុទ្ធតែប្រឈមនឹងគ្រោះថ្នាក់រុករានដូចគ្នា” លោកនាយករដ្ឋមន្ត្រី បេនចាមីន នេតាន់យ៉ាហ៊ូ របស់អ៊ីស្រាអែល បានផ្ដល់បទសម្ភាសកាលពីថ្ងៃទី30 តុលា ក្រោយពីត្រូវបានសួរ អំពីរឿងសហរដ្ឋអាមេរិក ប្រុងលក់ F-35 ទៅឱ្យយូអេអ៊ី ដោយគេសន្និដ្ឋានថា លោកនេតាន់យ៉ាហ៊ូ កំពុងនិយាយអំពីសត្រូវលេខ១ របស់ខ្លួនគឺ “អ៊ីរ៉ង់”។
លោក អេលៀត អ៊ែងហ្គើល ប្រធានគណៈកម្មការផ្នែកកិច្ចការបរទេសរបស់សភាតំណាងរាស្ត្រអាមេរិក បានអះអាងថា ក្រសួងការបរទេស បានផ្ញើឯកសារជូនដំណឹងក្រៅផ្លូវការ ទៅសភាកុងហ្គ្រេស រួចហើយ កាលពីម្សិលមិញ(ទី30 តុលា)។
លោកថ្លែងថា៖ “ក្នុងអំឡុងពេលដែលកុងហ្គ្រេសកំពុងពិចារណាកិច្ចពញរមព្រៀងនេះ សូមឱ្យយល់ឱ្យច្បាស់ថា ការផ្លាស់ប្ដូរស្ថានភាពដែលកំពុងមាន នឹងមិនធ្វើឱ្យ ភាពមានប្រៀបខាងយោធារបស់អ៊ីស្រាអែល ធ្លាក់ចូលក្នុងភាពប្រថុយប្រថានយ៉ាងពិតប្រាកដ”
ប្រភពព័ត៌មាន បានបញ្ជាក់ថា រដ្ឋបាលលោកត្រាំ ត្រៀមនឹងបញ្ជូនឯកសារជូនដំណឹងជាផ្លូវការ ទៅសភាកុងហ្គ្រេសក្នុងរយៈពេល ២-៣ថ្ងៃខាងមុខ ដែលក្រោយពីបានជូនដំណឹងហើយ ក៏ជាសិទ្ធិរបស់សភាកុង
ហ្គ្រេស ក្នុងការពិចារណាអនុម័ត ឬជំទាស់ការលក់អាវុធនេះ។

សហរដ្ឋអារ៉ាប់ អេមីរេត ជាសម្ព័ន្ធមិត្តមួយ ដែលជិតស្និទ្ធបំផុតជាមួយសហរដ្ឋអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា និងបានបង្ហាញពីសេចក្ដីប្រាថ្នាក្នុងការបានគ្រប់គ្រងហ្វូងយន្តហោះប្រដេញ គេចរ៉ាដា F-35 នេះយូរមកហើយ ដែលនៅទីបំផុត ក៏សមដូចបំណង នៅពេលដែលក្រុងវ៉ាស៊ីនតោន សន្យាថា នឹងបើកឱកាសឱ្យបញ្ជាទិញបាន ក្រោយពីប្រទេសមួយនេះ(យូអេអ៊ី) យល់ព្រមធ្វើកិច្ចព្រមព្រៀង ស្ដារសម្ព័ន្ធភាពជាមួយអ៊ីស្រាអែល។
ដោយសារតែសហរដ្ឋអាមេរិក មានកាតព្វកិច្ចដែលត្រូវការពារសក្ដានុពលខាងយោធា ដែលខ្លាំងពូកែរបស់អ៊ីស្រាអែលនោះ ធ្វើឱ្យរយៈពេលកន្លងមក មិនមានប្រទេសអារ៉ាប់ណាមួយអាចកុម្ម៉ង់ទិញ F-35 បានឡើយ ខណៈដែលអ៊ីស្រាអែល គ្រប់គ្រងហ្វូងយន្តហោះប្រភេទនេះរួចមកហើយ មិនតិចជាង ២៤គ្រឿងឡើយ និងកំពុងតែបញ្ជាទិញបន្ថែមទៀត ៥០គ្រឿង៕
ប្រភព៖ សារព័ត៌មានរ៉យទ័រ
លិងក៍ https://mgronline.com/around/detail/9630000112578
#អគុណសន្តិភាព