ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា លទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ១០ខែដើមឆ្នាំ២០២០ សម្រេចបាន ៥៣៦.៣០៥ តោន ពោលគឺមានកំណើនគ្រប់គោលដៅទាំងអស់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ។

ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨.៣៦៥ តោន ស្មើនឹង +១៧,១១% ដែលធៀបទៅនឹងរយៈពេល ១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧ .៩៤០ តោន ។ អង្ការដែលបាននាំចេញទាំងនោះមានអង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១.១៣២ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩.០១២ តោន និងអង្ករចំហ៊ុយមានចំនួន ៦.១៣៨ តោន។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១០ខែនេះ មានចំនួន ៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម ២៨ប្រទេស ប្រទេសចិន (រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ និងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។
សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១០ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៧៤ ៣៩១ តោនកើនចំនួន ៣២,៥១% និងប្រទេសចិនមានបរិមាណសរុបចំនួន ១៩៤ ៤៥១ តោន កើនឡើងចំនួន ៣៦,២៦% ចំណែកបណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧១ ៨៨២ តោន កើនឡើងចំនួន ១៣,៤០%, និងចុងក្រោយគោលដៅដ៏ទៃទៀត ចំនួន ២៩ប្រទេស មានបរិមាណសរុបចំនួន ៩៥ ៥៨១ តោន បានកើនឡើងចំនួន ១៧,៨៣% ។
ការនាំចេញស្រូវទៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម សម្រាប់រយៈពេល ៩ខែ២៨ថ្ងៃ ដើមឆ្នាំ២០២០ (មកទល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២០) មានបរិមាណសរុបចំនួន ១ ៤២៧ ២២៦ តោន៕
#អរគុណសន្តិភាព