You are currently viewing បកស្រាយ ពាក្យ​ថ្លែងការណ៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន “ប្រទេសជាតិ​កំពុង​ហាយនៈ ដោយសារ​កូ​វីដ-១៩”
បកស្រាយ ពាក្យថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីជប៉ុន “ប្រទេសជាតិកំពុងហាយនៈ ដោយសារកូវីដ-១៩”

បកស្រាយ ពាក្យ​ថ្លែងការណ៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន “ប្រទេសជាតិ​កំពុង​ហាយនៈ ដោយសារ​កូ​វីដ-១៩”

តូ​ក្យូ៖ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​ប្រើពាក្យធ្ងន់ៗថា ប្រទេសជាតិ​កំពុង​ប្រឈម​នឹង “គ្រោះ​ហាយនៈ” កូ​វីដ-១៩ ដែល​ធ្វើឱ្យរញ្ជួយ​សេដ្ឋកិច្ច​របស់​ជប៉ុន​យ៉ាងធ្ងន់ធ្ងរ។ រដ្ឋាភិបាល ត្រូវ​ប្រញាប់​ស្ដារ​ធុរកិច្ច និង​បន្ធូរបន្ថយ​វិធានការ​គ្រប់គ្រង​ជំងឺ​រាតត្បាត​យ៉ាង​ប្រុងប្រយ័ត្ន។

បកស្រាយ ពាក្យថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីជប៉ុន “ប្រទេសជាតិកំពុងហាយនៈ ដោយសារកូវីដ-១៩”
បកស្រាយ ពាក្យថ្លែងការណ៍របស់លោកនាយករដ្ឋមន្ត្រីជប៉ុន “ប្រទេសជាតិកំពុងហាយនៈ ដោយសារកូវីដ-១៩”

លោក យ៉ូ​ឈិ​ហ៊ី​ដេ ស៊ូ​ង៉ៈ បាន​ថ្លែង​គោលនយោបាយ​នៅក្នុង​សភា​កាលពី​ថ្ងៃទី២៦ តុលា ជា​លើកដំបូង បន្ទាប់ពី​ឡើង​គ្រង​តំណែង​ជា​មេដឹកនាំ​ប្រទេស​ជប៉ុន។ ពាក្យ​ថ្លែងការណ៍ ដែល​ត្រូវបាន​គេ​និយាយ​ដល់​ខ្លាំង​បំផុត​នោះ​គឺ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន បាន​បញ្ជាក់ថា “ការ​រាតត្បាត​របស់​វីរុស​កូ​រ៉ូ​ណា បានធ្វើឱ្យ​សេដ្ឋកិច្ច​ជប៉ុន​ធ្លាក់ចុះ​ទាប​បំផុត​ក្រោយ​ចប់​សង្គ្រាមលោក…ជប៉ុន​កំពុង​ប្រឈម​នឹង​ស្ថានការណ៍​វិបត្តិ​ដែល​អាច​ហៅ​បាន​ថា ជា​គ្រោះ​ហាយនៈ​កម្រិត​ជាតិ…ខ្ញុំបាទ ក្នុងនាម​ជា​អ្នកដឹកនាំ​នាវា​រដ្ឋ បានដឹង​យ៉ាងច្បាស់​អំពី​ភាព​ទទួលខុសត្រូវ​ដ៏​ធំធេង​នេះ” ។

ការប្រើ​ពាក្យ ដែល​បញ្ជាក់​ពី​ភាព​ធ្ងន់ធ្ងរ​បែបនេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញថា សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន បាន​រង​ផលប៉ះពាល់​ពី​ការ​រាតត្បាត​របស់​មេរោគ​កូ​វីដ​យ៉ាងធ្ងន់ធ្ងរ ជាង​អ្វីដែល​គេ​មើលឃើញ ដោយសារតែ​កន្លងមក រដ្ឋបាល​បាន​ប្រើ​ថវិកា​ចំនួន​ដ៏​ច្រើន ក្នុងការ​ទំនុកបម្រុង​ធុរកិច្ច និង​ប្រជាជន តែ​ការឆ្លង​រាលដាល​ដែល​អូសបន្លាយ​ពេល​យូរ​នេះ ស្ទើរតែ​គ្រប់​ប្រទេស​ទូទាំង​ពិភពលោក នៅតែ​បិទ​ប្រទេស ផ្អាក​ការធ្វើដំណើរ ធ្វើឱ្យ​ធុរកិច្ចផ្សេងៗ ពិបាក​នឹង​ស្ដារ​ខ្លួន​ឡើងវិញ។

បើទោះបីជា ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​នៅ​ប្រទេស​ជប៉ុន​ក្នុង ថ្ងៃៗ នៅតែ​កើនឡើង​ប្រមាណ​ជា ៤០០-៧០០នាក់​ក្ដី តែ​រដ្ឋបាល​ជប៉ុន បានសម្រេច​ចិត្ត​រួចហើយ​ថា នឹង​ដំណើរការ​សេដ្ឋកិច្ច​ទៅមុខ និង “រស់នៅ​រួមគ្នា​ជាមួយ​មេរោគ​វីរុស”…តែ​ខណៈ​នេះ ជប៉ុន​នៅតែ​មិនទាន់​បើកទ្វារ​ទទួល​អ្នកទេសច​របរ​ទេស​នៅឡើយ ទើបត្រូវ​ឧបត្ថម្ភ​គាំទ្រ​វិស័យ​ទេសចរណ៍ និង​ប្រើប្រាស់​សេវាកម្ម​ក្នុងប្រទេស​ជា​ចម្បង។

ចំណុច​សំខាន់​នៃ​ពាក្យ​ថ្លែងការណ៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ជប៉ុន ដែល​ពាក់ព័ន្ធ​នឹង​ការស្ដារ​សេដ្ឋកិច្ច​ពី​វីរុស​កូ​វីដ មានដូចជា៖

លើកកម្ពស់​ការពិនិត្យ​រក​មេរោគ របស់​អង្គភាព​សុខភាព​សាធារណៈ​ក្នុង​តំបន់ផ្សេងៗ ឱ្យបាន​ក្នុង ១ថ្ងៃជា​មធ្យម ២០០ ០០០ករណី។ អ្នក​ដែលមាន​ភាព​ប្រថុយប្រថាន និង​មាន​អាការ​ធ្ងន់ធ្ងរ ជន​ចាស់ជរា នឹង​បានទទួល​ការពិនិត្យ​យ៉ាង​ទូលំទូលាយ។

ស្វែងរក​វ៉ាក់សាំង​កូ​វីដ-១៩ ឱ្យ​ប្រជាជន​គ្រប់រូប​ដោយ​ឥតគិតថ្លៃ ឱ្យបាន​ក្នុងអំឡុងពេល​ពាក់កណ្ដាល​ឆ្នាំ​ខាងមុខ ហើយ​រដ្ឋបាល​នឹងត្រូវ​បង់ប្រាក់​សំណង បើ​ប្រជាជន​បាន​រង​ផលប៉ះពាល់ រួមទាំង​ទូទាត់​ឱ្យ​អង្គភាព​ដែល​ត្រូវ​រង​ការប្ដឹង​ផ្ដល់ ដោយសារ​ផលប៉ះពាល់​ពី​ការប្រើ​វ៉ាក់សាំង។

បន្ត​គោលនយោបាយ “អា​បេ ណូ​និក​ស៍” ព្រមទាំង​កែសម្រួល​ការធ្វើការងារ​ក្នុង​ផ្នែកផ្សេង។

ផ្ដល់ប្រាក់​ឧបត្ថម្ភ​គាំទ្រ មិន​លើស ២លាន​យ៉េន ទៅឱ្យ​ក្រុមហ៊ុន​ដែលមាន​ប្រាក់ចំណូល​ធ្លាក់ចុះ​ដោយសារ​កូ​វីដ និង​ផ្ដល់​ប្រាក់កម្ចី​គ្មាន​ការប្រាក់ គ្មាន​ទ្រព្យ​បញ្ចាំ ឱ្យ​ប្រជាជន​ដែល​ប្រឈម​នឹង​ភាព​លំបាកលំបិន​ក្នុង​ជីវិត។

រៀបចំ​គ្រោងការ “យុទ្ធនាការ GO TO” លើកកម្ពស់​វិស័យ​ទេសចរណ៍ ការប្រើប្រាស់ និង​ការចាយវាយ​ក្នុងប្រទេស។

បង្កើត “ការិយាល័យ​សេដ្ឋកិច្ច​ឌីជីថល” ជំរុញ​ការកែសម្រួល​ប្រព័ន្ធ​រាជការ និង​ម៉ូ​ដែល​សេដ្ឋកិច្ច​ថ្មី ដែល​នៅ​រួមគ្នា​ជាមួយ​វីរុស​កូ​រ៉ូ​ណា (With Corona) និង​ក្រោយ​ឆ្លង​ផុត​វីរុស​កូ​រ៉ូ​ណា (Post Corona)។

បញ្ឈប់​ការប្រើ​ត្រា​ប្រថាប់​នៅក្នុង​ការ​ដំណើរការ​ការងារ ដើម្បី​ងាយស្រួល​ដល់​ការធ្វើការងារ​តាម​អន​ឡាញ (ប្រទេស​ជប៉ុន មាន​វប្បធម៌​ការប្រើ​ត្រា​ប្រថាប់ ជំនួស​ការចុះហត្ថលេខា)។

កែសម្រួល​ខ្សែចង្វាក់​ផ្គត់ផ្គង់​របស់​ម៉ាស់​អនាម័យ​ការពារ និង​ឧបករណ៍​វេជ្ជសាស្ត្រ ឱ្យ​ផលិត​ក្នុងប្រទេស ឬ​ពង្រីក​ការផលិត​នៅក្នុង​ប្រទេស​ជាច្រើន​ទៀត រួមទាំង​ប្រើការ​ផលិត​បែប​ស្វ័យប្រវត្តិ មិនចាំបាច់​ប្រើ​មនុស្ស។

កាត់បន្ថយ​ការ​ផ្ដុំគ្នា​របស់​សេដ្ឋកិច្ច​នៅក្នុង​ទីក្រុង​តូ​ក្យូ និង​ខេត្ត៣ ដែល​នៅ​ជុំវិញ (សៃ​តា​ម៉ៈ, ឈិ​បៈ, ខា​ណា​ង៉ា​វ៉ៈ) មិនឱ្យ​លើស ៣០ភាគរយ របស់ GDP បង្កើន​ការពង្រីក​សេដ្ឋកិច្ច​ឆ្ពោះទៅ​ភូមិភាគផ្សេង។

ជំរុញ​វិស័យ​ទេសចរណ៍ ឱ្យ​ក្លាយជា​ផ្នែក​មួយ​របស់​ជីវិត​រស់​នៅ​បែប​ថ្មី ដោយ​រដ្ឋាភិបាល​នឹង​ឧបត្ថម្ភ​ថ្លៃ​ចាយវាយ ឱ្យ​ការធ្វើដំណើរ​ក្នុងប្រទេស​មានតម្លៃ​ថោក។

រដ្ឋាភិបាល នឹង​ផ្ដល់ប្រាក់​ឧបត្ថម្ភ​គាំទ្រ ដល់​អ្នក​ដែលមាន​បទពិសោធ​នៅក្នុង​ស្ថាប័ន​ខ្នាត​ធំ​ណា ដែល​ត្រូវការ​ចេញមក​ធ្វើ​ធុរកិច្ច SME ក្នុង​តំបន់​របស់​ខ្លួនឯង។

បើកទទួល​ពលករ​ប​រទេស​ជា​បន្តបន្ទាប់ ជាពិសេស​ក្រុម​ធុរកិច្ច​ហិរញ្ញវត្ថុ ដោយ​នឹង​ផ្ដល់​សិទ្ធិ​ពិសេស​ផ្នែក​ភាស៊ី និង​វី​សា​ស្នាក់នៅ​ក្នុងប្រទេស​ជប៉ុន។

កែសម្រួល​ប្រព័ន្ធ​ការធ្វើការងារ ជួយ​គាំទ្រ​ស្ត្រី ជនបរទេស ការផ្លាស់ប្ដូរ​ការងារ ដើម្បី​បង្កើត​ភាពសម្បូរ​បែប​ក្នុងការ​ធ្វើការ។

ប្រកាស​រៀបចំ​ព្រឹត្តិការណ៍​កីឡា តូ​ក្យូ អូឡាំពិក និង​ផា​រ៉ា​ឡាំ​ពិ​ក នៅ​ឆ្នាំក្រោយ ដើម្បី​បង្ហាញ​ពី​ជ័យជម្នះ​របស់​មនុស្សជាតិ លើ​មេរោគ​វីរុស​កូ​រ៉ូ​ណា។

លោក យ៉ូ​ឈិ​ហ៊ី​ដេ ស៊ូ​ង៉ៈ ជា​មេដឹកនាំ​ជប៉ុន ក្នុងអំឡុង​ពេលដែល​លំបាកលំបិន​បំផុត លោក​ថ្លែងថា លោក​ត្រូវការ​រុញច្រាន​ប្រទេស​ជប៉ុន ឱ្យ​ក្លាយជា​សង្គម​មួយ​ដែល​ពឹង​អាស្រ័យ​លើ​ខ្លួនឯង ជួយ​គ្នា​ទៅវិញទៅមក និង​ឧបត្ថម្ភ​គាំទ្រ​សួន​រួម ដើម្បីឱ្យ​ប្រទេស​ជប៉ុន​រួច​ផុតពី​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​គ្រានេះ​ឱ្យបាន៕

ប្រភព៖ សារព័ត៌មាន​បរទេស

ចុចអាន៖ តើ​ជប៉ុន​នឹងមាន​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ យ៉ាងណា នៅពេល​រៀបចំ​ព្រឹត្តិការណ៍ “តូ​ក្យូ អូឡាំពិក”?

#អរគុណសន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

Leave a Reply