You are currently viewing សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញ​ចូលរួម​ច្រូតស្រូវ និង​រំលឹក​ទីតាំង​ស្លាកស្នាម កាលសម័យ​តស៊ូ

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញ​ចូលរួម​ច្រូតស្រូវ និង​រំលឹក​ទីតាំង​ស្លាកស្នាម កាលសម័យ​តស៊ូ

ត្បូងឃ្មុំ៖ឆ្លៀតពេល​ឈប់សម្រាក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ក្រុមការងារ បាន​អញ្ជើញ​ចូលរួម​ច្រូតស្រូវ ប្រមូល​ភោគផល​កសិកម្ម ជាមួយ​បងប្អូន​កូនក្មួយ ប្រជាកសិករ នៅក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ។

សម្តេច​បាន​មានប្រសាសន៍ថា កា​ដាំ​ដុះ ជា​ជីវភាព របស់​សម្តេច ដែលជា​កូន​កសិករ។ សម្តេច​តែងតែ​ចូលរួម​បង្កបង្កើនផល​ស្រូវ ជាមួយ​បងប្អូន កូនក្មួយ​ជា​កសិករ នៅពេល​ទំនេរ​ពី​ការងារ​ប្រទេសជាតិ តាំងពីដើម រហូត​រៀងមក មិន​ថា​ពេល​ភ្ជួរ​រាស់ ដក​ស្ទូង និង​ច្រូតកាត់ បោក​បែន នោះទេ។

ក្នុងពេល​នោះដែរ សម្តេច​ក៏បាន​អញ្ជើញ​ចុះ​ពិនិត្យ តំបន់​ដែល​សម្តេច​ធ្លាប់បាន​ឆ្លងកាត់ ក្នុង​សមរភូមិ និង​ពេល​រំដោះ​ប្រទេសជាតិ​ចេញពី​របប​ខ្មែរក្រហម​ប្រល័យពូជសាសន៍។

សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍ថា “ទីនោះ​ជា​ស្លាកស្នាម​អតីតកាល និង​ប្រវត្តិសាស្ត្រ មិនអាច​បំភ្លេចបាន ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ” ។

បន្ទាប់មក​សម្តេច​បាន​អញ្ជើញ​បន្តដំណើរ​ទៅពិនិត្យ វឌ្ឍនភាព​ការសាងសង់​សមិទ្ធផល​នានា នៅ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ កំពង់​ម៉ឺន​ជ័យ។

នៅក្នុង​ថ្ងៃ​បញ្ចប់ នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នេះ​ផងដែរ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន សូម​ជូនពរ​ជនរួមជាតិ ទទួលបាន សុខ​សុវត្ថិភាព ក្នុងការ​ធ្វើដំណើរ​កម្សាន្ត ជួបជុំ​ក្រុមគ្រួសារ ហើយ​កុំ​ភ្លេច​អនុវត្ត​វិធានការ​ការពារ​ជំងឺ​កូ​វីដ១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន៕

#អគុណសន្តិភាព

Leave a Reply