ភ្នំពេញ៖ សមាជិករដ្ឋសភាចំនួន១១៦រូប នៃចំនួនសមាជិកសភាទាំងអស់បានលើកដៃអនុម័ត លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោល ព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ការអនុម័តសេចក្តីព្រាងច្បាប់ទាំងនេះធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៥នីតិកាលទី៦ នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងមានសមាជិក សមាជិការដ្ឋសភា ចូលរួមចំនួន១១៦រូប នៃចំនួន សមាជិកសភាទាំងអស់។

ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធាន គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន តំណាងរដ្ឋាភិបាលក្នុងការការពារសេចក្តីព្រាង ច្បាប់នេះ បាន លើកឡើងថា ពិធីសារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក រវាងកម្ពុជា និងវៀតណាម នេះ ជាឯកសារបច្ចេកផ្លូវច្បាប់ ដែលបានកត់ត្រាទុកយ៉ាងលម្អិតខ្សែ ព្រំដែនគោក រវាងកម្ពុជា និងវៀតណាម និងអមដោយផែនទីឋានលេខាព្រំដែនគោកខ្នាត១ លើ ២៥០០០ចំនួន៩២ផ្ទាំង ដែលបានរំលេចបង្គោលព្រំដែននៅលើផៃនដី និងមានកត់ត្រា និយាមការច្បាស់លាស់ ដើម្បីកត់សម្គាល់ សមិទ្ធផល៨៤ភាគរយ ដែលប្រទេសទាំងពីរ សម្រេច បានរួម និងឧបសម្ព័ន្ធ៤ទៀតដូចជា៖ តារាងចុះលេខបង្គោលព្រំដែន។ តារាង និយាមការនិងរយៈកម្ពស់បង្គោលព្រំដែន។ តារាងរាយនាមកម្មសិទ្ធិដីកោះ នៅតាមខ្សែ ព្រំដែនផ្លូវទឹក។ តារាងបញ្ជីកំណាត់ព្រំដែនដែលពុំទាន់ធ្វើបញ្ចប់ការខណ្ឌសីមា និងបោះ បង្គោលព្រំដែន។
ឯកឧត្តមបន្តថា យោងតាមសន្និសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រាជរដ្ឋាភិបាលកម្ពុជា និងវៀតណាមបានបញ្ចប់ការធ្វើឯកសារពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក នៃប្រទេសទាំងពីរដើម្បីទទួលយកលទ្ធផលចំនួន៨៤ភាគរយ នៃខ្សែព្រំដែនរួម និងផែនទីឧបសម្ព័ន្ធ ឋានលេខាព្រំដែនគោកខ្នាត១/២៥០០០ ចំនួន៩២ផ្ទាំង ដែលបាន ចុះហត្ថលេខានៅ ថ្ងៃទី៥ខែតុលា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម។ ក្នុងនោះភាគីទាំងពីរខណ្ឌសីមាព្រំដែនបានប្រវែង១០៤៥គីឡូម៉ែត្រ និងបោះបង្គោល ព្រំដែនធំបាន ចំនួន៣១៥បង្គោល បង្គោលខណ្ឌសីមាព្រំដែនបានចំនួន១៥១១បង្គោល បង្គោលតម្រុយព្រំ ដែនបានចំនួន២២១បង្គោល និងចំណុចពិសេ សចំនួន១០០០សរុបមាន ចំនួន៣០៤៧បង្គោលនៅលើដីនិងនៅលើផែនទី៕
#អគុណសន្តិភាព