អាមេរិក ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ដល់សម្ភាសជាមួយស្ថានីយទូរទស្សន៍ Fox News ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតី ៣វិច្ឆិកា ដោយរំពឹងថា លោកនឹងដណ្ដើមបានជ័យជម្នះលើលោក ចូ បៃដិន ដោយពិន្ទុដាច់គ្នាឆ្ងាយ ច្រើនជាងកាលគ្រាដែលសាងប្រវត្តិសាស្ត្រ យកឈ្នះលោកស្រី ហ៊ីលឡារី គ្លីនតុន កាលពីការបោះឆ្នោតឆ្នាំ២០១៦ ទៅទៀត។

ពេលលោក ស្ទីវ ឌូហ្ស៊ីយ៍ ពិធីកររួមរបស់កម្មវិធី Fox News and Friend បានសួរអំពីគំនិតយោបល់ពាក់ព័ន្ធនឹងលទ្ធផលការបោះឆ្នោត ហើយលោកប្រធានាធិបតីសហរដ្ឋអាមេរិក ឆ្លើយថា “កាលលើកមុន ខ្ញុំបានពិន្ទុឆ្នោតពីក្រុមអ្នកបោះឆ្នោត ៣០៦សំឡេង។
“ខ្ញុំបញ្ចប់ត្រឹម ៣០៦សំឡេង” លោកត្រាំ បានផ្ដល់បទសម្ភាសនៅពេលព្រឹក ថ្ងៃអង្គារ (ទី៣វិច្ឆិកា) “២២៣-៣០៦ ជាចំនួនដែលល្អ វាជាចំនួនដែលហាក់ដូចជាច្រើនដែរ ហើយខ្ញុំគិតថា យើងធ្វើបានខ្ពស់បំផុត ខ្ញុំគិតថា យើងនឹងធ្វើបានកាន់តែល្អឡើង” ។
ការពិតទៅ គឺនៅក្នុងការបោះឆ្នោតឆ្នាំ២០១៦ លោកត្រាំ ទទួលបានពិន្ទុពីក្រុមអ្នកបោះឆ្នោត តែ ៣០៤សំឡេងប៉ុណ្ណោះ ក្រោយពីក្រុមអ្នកបោះឆ្នោត រីផាប្ល៊ីកាន់ ២នាក់ បានបោះឆ្នោតជំទាស់។
“វាមិនធ្លាប់កើតឡើងពីមុនមកទេ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសយើង មិនធ្លាប់មានអ្វីបែបនេះទេ!”
ក្នុងឆ្នាំនេះ គេសន្និដ្ឋានថា នឹងបានឃើញចំនួនអ្នកចេញមកប្រើសិទ្ធិបោះឆ្នោត ច្រើនបំផុត ជាប្រវត្តិសាស្ត្រ ក្រោយពីមានអ្នកប្រើសិទ្ធិបោះឆ្នោតមុនពេលកំណត់ដល់ទៅជិត ១០០លាននាក់ តែយ៉ាងណាក្ដី មានភាពអាចទៅរួច ដែលថា លទ្ធផលការបោះឆ្នោត នឹងមិនទាន់មានការសរុបនៅឡើយទេ ក្រោយបិទហិបឆ្នោត កាលពីយប់ថ្ងៃអង្គារ(ទី៣វិច្ឆិកា) ដោយសារតែរដ្ឋ ដែលមានការប្រកួតប្រជែងខ្ពស់ជាច្រើន បានអនុញ្ញាតឱ្យមន្ត្រីរាប់សន្លឹកឆ្នោតតាមប្រៃសណីយ៍ ដែលបានទទួលយឺតពេលនោះ អាចរាប់បានច្រើនថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត។
លោកត្រាំ បានសម្ដែងការខកបំណង និងថ្លែងថា ជនជាតិអាមេរិក គួរតែបានដឹងលទ្ធផលការបោះឆ្នោត នៅក្នុងថ្ងៃបោះឆ្នោតតែម្ដង។ មានរបាយការណ៍ព័ត៌មានថា បើសិនលោកត្រាំ មានពិន្ទុនាំមុខដែលរាងច្បាស់លាស់ពិតប្រាកដបន្តិចនោះ លោកនឹងប្រកាសជ័យជម្នះភ្លាមតែម្ដង តែយ៉ាងណាក្ដី ក្រោយមក លោកត្រាំ បានបដិសេធព័ត៌មាននេះ និងបានបញ្ជាក់ថា វាជា “ព័ត៌មានខុសពីការពិត។
ចំណុចនេះ ត្រូវបានលើកយកមកជជែកពិភាក្សាម្ដងទៀត ក្នុងអំឡុងពេលសម្ភាស នៅពេលព្រឹកថ្ងៃអង្គារ(ទី៣វិច្ឆិកា) តែយ៉ាងណាក្ដី ជាថ្មីម្ដងទៀត លោកត្រាំ បានបដិសេធគំនិតដែលថា លោកនឹងប្រកាសជ័យជម្នះមុនពេលប្រកាសលទ្ធផលជាផ្លូវការ ដោយប្រាប់ថា លោកនឹងប្រកាស នៅពេលដែលបានទទួលជ័យជម្នះច្បាស់លាស់ពិតប្រាកដ និងគ្មានហេតុផលអី ដែលត្រូវលេងល្បិចនោះទេ៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Fox News
#អគុណសន្តិភាព