អាមេរិក៖ មនុស្សទូទាំងពិភពលោក កំពុងនាំគ្នាអ៊ុតថា តើនរណានឹងក្លាយជាមេដឹកនាំសហរដ្ឋអាមេរិក ប្រទេសមហាអំណាចលំដាប់លេខ១ ព្រោះនឹងមានផលប៉ះពាល់ដល់ទិសដៅនយោបាយ សម្ព័ន្ធភាពអន្តរជាតិ និងវិបត្តិសេដ្ឋកិច្ចចុះខ្សោយ ដែលវិធានការផ្សេងៗទាំងឡាយ នៅមិនទាន់ទប់ឈ្នះនៅឡើយ ដោយសារតែមកពីការឆ្លងរាតត្បាតរបស់វីរុសកូរ៉ូណា។

តែលោកត្រាំ បានប្រកាសថា ខ្លួនជាអ្នកឈ្នះ យកចំណេញជាមុន នៅក្នុងថ្ងៃរាប់សន្លឹកឆ្នោត ទោះជាមិនទាន់រាប់ចប់អស់ក៏ដោយ និងបានប្រាប់ទៀតថា រឿងនេះនឹងត្រូវអូសបន្លាយវែងឆ្ងាយ ទៅតស៊ូគ្នាដល់ថ្នាក់ឡើងសាលដីកា។
តែ ទោះជាអ្នកណានឹងឡើងមកធ្វើជាប្រធានាធិបតីក៏ដោយ ក៏ត្រូវតែចាត់ការវីរុសកូរ៉ូណាដែរ ហើយបើលោកដូណាល់ ត្រាំ ជាអ្នកក្ដាប់វាសនាកម្មប្រទេសជាតិបន្តទៀត ក៏នៅមិនទាន់ដឹងថា តើលោកនឹងផ្លាស់ប្ដូរផ្នត់គំនិត ឬក៏អត់ឡើយ ព្រោះលោកចូ បៃដិន គូប្រជែង មានទស្សនៈនយោបាយក្នុងរឿងនេះ ផ្សេងពីគ្នា ដូច្នេះការប្រកាសរបស់លោកត្រាំ គឺជាសញ្ញានៃភាពស្មុគស្មាញប្រាកដណាស់។
លោកត្រាំប្រកាសថា នឹងបើកប្រទេស មិនបិទធុរកិច្ច…លោកចូ បៃដិន ប្រាប់ថា ត្រូវតែគ្រប់គ្រងឱ្យតឹងរ៉ឹង តែលទ្ធផលដែលមើលឃើញមកហើយ គឺវិធានការគ្រប់គ្រងតឹងរ៉ឹង បិទប្រទេសក្នុងទ្វីបអឺរ៉ុប ធ្វើឱ្យកើតមានការតវ៉ា និងក្រោយការបន្ធូរបន្ថយ ធ្វើឱ្យកើតការឆ្លងរាលដាលជាថ្មី ទើបធ្វើឱ្យមិនដឹងថា តើនឹងត្រូវចាត់ការយ៉ាងណា ឱ្យបានលទ្ធផលល្អ?

ដូច្នេះ អ្នកណាឈ្នះការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក នឹងត្រូវប្រឈមយ៉ាងតិច ២-៣សង្គ្រាមធំៗ ដែលនឹងមានផលប៉ះពាល់ដល់ពលរដ្ឋអាមេរិកាំង និងពិបាកក្នុងការដោះស្រាយឱ្យបាន។ លំដាប់ទី១ គឺការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណា ព្រោះក្នុង ថ្ងៃៗមានប្រជាជនអាមេរិកាំងឆ្លងមេរោគ ៨-៩ម៉ឺននាក់ និងមានអ្នកស្លាប់ជាង ១ពាន់នាក់រាល់ថ្ងៃ។
សម្រាប់ជ័យជម្នះ មិនថាអ្នកណាក៏ដោយ វានឹងមិនចប់ដោយងាយៗឡើយ អាចត្រូវតស៊ូអូសបន្លាយទៅដល់សាលដីកា ខណៈដែលថ្ងៃរាប់សន្លឹកឆ្នោត លោកដូណាល់ ត្រាំ បានចេញមកថ្លែងព័ត៌មានថា នឹងតស៊ូ…។ រឹតតែ បើខ្លួនឯងចាញ់ផង ក៏នឹងធ្វើបែបហ្នឹង ដូចដែលបានប្រកាសទុករួចហើយ កាលពីពេលមុននេះ ហើយបើខាងលោកបៃដិន ឈ្នះ ក៏អាចនឹងធ្វើបែបដូចគ្នាហ្នឹងដែរ…។
ទាំងអស់នេះ ដោយសារតែម្នាក់ៗ សុទ្ធតែមានក្រុមប្រជាជនរបស់ខ្លួន ដែលត្រៀមជាស្រេចក្នុងការបង្ករឿង…ហាង ផ្សារផ្សេងៗ ក៏បង្កើនការការពារ។ សូម្បីតែមន្ទីរសេតវិមាន ក៏បន្ថែមរបងការពារ ដើម្បីមិនឱ្យមនុស្សសម្រុកចូលទៅបានដែរ។ នេះជា ប្រជាធិបតេយ្យបែប New normal មានអំពើហិង្សា ចាប់ផ្ដើមក្នុងយុគសម័យ ដែលលោកត្រាំធ្វើជាមេដឹកនាំ។
នៅពេលការឆ្លងរាលដាលរបស់វីរុសកូរ៉ូណា ក៏នៅតែអូសបន្លាយ ការកែបញ្ហាសេដ្ឋកិច្ច ក៏នឹងក្លាយជារឿងពិបាក ព្រោះគោលនយោបាយ ការចាយវាយរបស់សហរដ្ឋអាមេរិក ត្រូវឆ្លងកាត់សភា។
ដូច្នេះហើយ ទើបវីរុសកូរ៉ូណា ជាវិបត្តិមួយដែលពិភពលោកមិនដែលធ្លាប់ប្រឈមសោះឡើយ ក្នុងជុំ ១០០ឆ្នាំមកនេះ។ ទាំងហុចផលប៉ះពាល់យ៉ាងឥតឈប់ឈរដល់ការរស់នៅក្នុងក្ដីប្រថុយប្រថាន និងការដំណើរការធុរកិច្ចគ្រប់កម្រិត។
កន្លងមក អាចនិយាយបានថា សហរដ្ឋអាមេរិកបរាជ័យក្នុងការចាត់ការគ្រប់គ្រងការឆ្លងរាលដាល ព្រោះមេដឹកនាំ ដូចជាលោកដូណាល់ ត្រាំនេះ ជាគំរូមិនល្អ មានតែបន្ទោសអ្នកដទៃ រួមទាំងពេទ្យ អ្នកជំនាញការ រាលដាលទៅដល់អង្គការសុខភាពពិភពលោក និងចោទប្រទេសចិនថា ជាដើមហេតុនៃការឆ្លងរាលដាល។
ជំងឺនេះ ត្រូវអាស្រ័យលើការមានវិន័យក្នុងការគ្រប់គ្រង និងការរស់នៅយ៉ាងម៉ឺងម៉ាត់ សាងក្ដីលំបាកនៅក្នុងការរស់នៅប្រចាំថ្ងៃ។ ដែលធ្ងន់ធ្ងរបំផុត គឺក្រុមអ្នកដែលគ្មានការងារធ្វើ និងនៅទំនេរ ព្រោះគ្មានសញ្ញា ឬវិធីណាមួយថានឹងរកប្រាក់ចំណូលបានឡើយ។
រឹតតែប្រជាជនអាមេរិកាំង ជឿលោកត្រាំយ៉ាងងើបក្បាលមិនរួច មិនយកចិត្តទុកដាក់លើការពាក់ម៉ាស់អនាម័យការពារ មានជំនឿថា មនុស្សធម្មតា មិនគួរមកបង្ខិតបង្ខំគ្នា និងមិនប្រតិបត្តិខ្លួនយ៉ាងប្រយ័ត្នប្រយែងផងនោះ ទើបមិនមែនជារឿងចម្លែកឡើយ ដែលប្រទេសមានតិចណូឡូជីឈានមុខគេមួយនេះ បរាជ័យក្នុងរឿងនេះ។
ព្រោះមេរោគវីរុសកូរ៉ូណា វាមិនបានយកចិត្តទុកដាក់ថា អ្នកណាមាន ឬអ្នកណាក្រនោះទេ បើបណ្ដោយខ្លួនឱ្យធ្លាក់ក្នុងភាពប្រថុយប្រថាន ប្រាកដជានឹងធ្លាក់ខ្លួនឈឺ រហូតដល់ថ្នាក់ស្លាប់មិនខាន។
ប្រជាជនអាមេរិកាំង នៅតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ទាំងមនុស្សគ្មានការងារធ្វើ ធុរកិច្ចបិទចោល ធ្លាក់ខ្លួនក្រ ហើយធំប៉ុនណា ក៏នៅតែដួលរលំបានដែរ បើខ្សែចង្វាក់ហិរញ្ញវត្ថុត្រូវដាច់ ដូចដែលបានឃើញរួចមកហើយ។ ធុរកិច្ចអាកាសចរណ៍ ការធ្វើដំណើរទេសចរណ៍ ស្ថិតក្នុងសភាពស្ងាត់ជ្រងំ ធ្វើឱ្យផ្នែកដឹកជញ្ជូន ស្ទើរតែមិនរស់…។
បញ្ហាការបែងចែក រើសអើងជាតិសាសន៍ សម្បុរស្បែក ចាប់ផ្ដើមមានភាពធ្ងន់ធ្ងរឡើង ស្ទើរតែមិនខុសពីយុគសម័យមុនឆ្នាំ១៩៦០ តែលើកនេះ ការស្អប់ខ្ពើម ចេញមកព្រមជាមួយការបំពាក់អាវុធ ដែលត្រៀមជាស្រេចក្នុងការកាប់សម្លាប់គ្នា ហើយអាវុធសម័យនេះ ថែមទាំងទាន់សម័យជាង ៥០-៦០ឆ្នាំមុនទៅទៀត និងប្រជាជនអាមេរិកាំង មានអាវុធសឹងតែគ្រប់ផ្ទះ។

ភាពរ៉ាវឆាន ការរើសអើងពណ៌សម្បុរ និងជាតិសាសន៍ បានងើបឡើងមកវិញយ៉ាងខ្លាំងក្លា ក្នុងយុគសម័យដែលលោកត្រាំធ្វើជាមេដឹកនាំ។ ក្រុមមនុស្សស្បែកសក្បាលរឹង បានចិត្ត ព្រោះលោកត្រាំផ្ដល់ការគាំទ្រយ៉ាងពេញទំហឹង ធ្វើឱ្យក្រុមមនុស្សស្បែកខ្មៅ ចាប់ផ្ដើមបង្កើតកងកម្លាំងប្រដាប់អាវុធ ដោយអាងថា ដើម្បីត្រៀមទុកការពារខ្លួន ដូចគ្នា។
កន្លងមក ទំនាស់ ច្រើនតែកើតឡើង នៅពេលដែលជនស្បែកខ្មៅត្រូវសមត្ថកិច្ចប៉ូលិសបាញ់ ដោយគ្មានហេតុផលសមរម្យ។ មានការប្រឆាំងតវ៉ា ចលាចល អំពើហិង្សា ដុតបំផ្លាញទីកន្លែងផ្សេងៗ សាងការខូចខាតបង់ដល់ធុរកិច្ច និងសុវត្ថិភាពក្នុងជីវិត និងទ្រព្យសម្បត្តិ រហូតដល់គួរឱ្យភ័យរន្ធត់។
ប្រធានបទទាំងនេះ មានផលប៉ះពាល់ដល់សេដ្ឋកិច្ច ធ្វើឱ្យសភាវធ្លាក់ចុះក្នុងពេលបច្ចុប្បន្ន ពិបាកនឹងកែបញ្ហា និងស្ដារឡើងវិញ។ សហរដ្ឋអាមេរិកជាទីផ្សារធំ មិនថានឹងមានអ្វីកើតឡើងនោះទេ វានឹងមានផលប៉ះពាល់ជាខ្សែចង្វាក់ទៅដល់ដៃគូពាណិជ្ជកម្ម ឬសូម្បីតែប្រទេសដែលមានសម្ព័ន្ធភាពមិនល្អមកយូរហើយក៏ដោយ។
អាស៊ី ក៏ត្រូវរងផលប៉ះពាល់យ៉ាងមិនអាចចៀសវាងបានដូចគ្នា និងត្រូវត្រៀមខ្លួនជាស្រេច ចាំទទួលយកការផ្លាស់ប្ដូរគោលនយោបាយក្រៅប្រទេស ដែលនឹងធ្វើឱ្យកើតមានភាពតានតឹងនៅក្នុងភូមិភាគ ទាំងក្នុងរឿងសមុទ្រចិនខាងត្បូង ឈូងសមុទ្រកូរ៉េ និងបរិវេណជាយដែនចិន និងឥណ្ឌា។
ពិភពលោក មិនស្ថិតក្នុងសភាវនៃសន្តិភាពឡើយ ព្រោះអំណាចនៅតែជាអ្វី ដែលប្រទេសផ្សេងៗ រំពឺងនឹកថា ជារឿងសំខាន់ក្នុងការរក្សាផលប្រយោជន៍របស់ខ្លួនឯង ហើយសហរដ្ឋអាមេរិកនឹងនៅតែជាតួឯកចម្បងមុនគេតទៅទៀត៕
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព