អាមេរិក៖ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងមេដឹកនាំសហរដ្ឋអាមេរិក បង្ហាញសញ្ញាថា អតីតអនុប្រធានាធិបតី លោក ចូ បៃដិន មកពីគណបក្សដេម៉ូក្រេត នឹងឈ្នះការបោះឆ្នោតកាលពីថ្ងៃអង្គារ(ទី៣ វិច្ឆិកា)មកនោះ ប៉ូលិសសម្ងាត់របស់អាមេរិក បានបញ្ជូនកម្លាំងទៅរដ្ឋដេឡាវែរ ដែលជាស្រុកកំណើតរបស់លោកបៃដិន ដើម្បីបង្កើនការការពារ។ ទីភ្នាក់ងារព័ត៌មាន CNN របស់អាមេរិក បានរាយការណ៍ថា លោបៃដិន កំពុងមានពិន្ទុនាំមុខលោកប្រធានាធិបតីដូណាល់ ត្រាំ នៅក្នុងរដ្ឋសំខាន់ ចចចៀរ ៩១៧ពិន្ទុ។
សារព័ត៌មាន វ៉ាស៊ីនតុន ផូស្ត បានរាយការណ៍នៅថ្ងៃទី៦ វិច្ឆិកាថា ការិយាល័យប៉ូលិសសម្ងាត់សហរដ្ឋអាមេរិក បានបញ្ជាទៅខាងភ្នាក់ងាររបស់ខ្លួនឱ្យទៅបំពេញតួនាទីឃុំគ្រងការពារលោកអតីតប្រធានាធិបតី ចូ បៃដិន នៅឯទីក្រុងវីលមិងតុន រដ្ឋដេឡាវែរ ដោយបានចាប់ផ្ដើមតាំងថ្ងៃសុក្រម្សិលមិញ(ទី៦វិច្ឆិកា)។
ទាំងអស់នេះ ត្រូវបានគេដឹងថា មានប៉ូលិសសម្ងាត់សហរដ្ឋអាមេរិក ជាច្រើននាក់ ត្រូវបានបញ្ជូនទៅទីនោះ ដើម្បីផ្ដល់ការឃុំគ្រងការពារ សម្រាប់ក្រុមឃោសនារកសំឡេងឆ្នោតរបស់លោកបៃដិន នៅឯមណ្ឌល Chase Center ខាងក្នុងសាលសន្និសីទ Riverfront convention center ក្នុងទីក្រុងវីលមិងតុន រដ្ឋដេឡាវែរ។
គេថែមទាំងដឹងទៀតថា ការឃុំគ្រងការពារលោកបៃដិន បានចាប់ផ្ដើមឡើងកាលពីថ្ងៃសុក្រ(ទី៦វិច្ឆិកា) តែមិនមែនជាការឃុំគ្រងការពារបែបគ្រប់គ្រឿង ដូចអ្នកឈ្នះការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីមុនៗនោះទេ តែជាការធ្វើសកម្មភាពដែលនឹងឆ្ពោះទៅរកចំណុចនោះ។
ខណៈពេលជាមួយគ្នា ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃនេះថា នៅឯរដ្ឋចចចៀ ដែលជារដ្ឋសមរភូមិប្រជែងសំខាន់ ត្រូវបានគេដឹងថា លោកបៃដិនកំពុងនាំមុខលោកដូណាល់ ត្រាំ ៩១៧ពិន្ទុ៕

ប្រភពសារព័ត៌មានបរទេស
#អគុណសន្តិភាព