You are currently viewing ចោះ​ប្រវត្តិ​យ៉ាង​ស៊ីជម្រៅ លោក​ប្រធានាធិបតី​ទី៤៦ នៃ​សហរដ្ឋអាមេរិក៖ និយាយ​ត្រដិត ខិល​ស្រី ភរិយា​ស្លាប់ កូនប្រុស​មានរឿង​អាស្រូវ…

ចោះ​ប្រវត្តិ​យ៉ាង​ស៊ីជម្រៅ លោក​ប្រធានាធិបតី​ទី៤៦ នៃ​សហរដ្ឋអាមេរិក៖ និយាយ​ត្រដិត ខិល​ស្រី ភរិយា​ស្លាប់ កូនប្រុស​មានរឿង​អាស្រូវ…

សហរដ្ឋអាមេរិក៖ លោក ចូ បៃ​ដិ​ន វ័យ ៧៧ឆ្នាំ ក្លាយ​ពី​អតីត​អនុ​ប្រធានាធិបតី ២អាណត្តិ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី៤៤  ឈានឡើង​មកជា​អនាគត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទី៤៦ ក្រោយ​យកឈ្នះ​លោក ដូ​ណា​ល់ ត្រាំ មក​បាន​យ៉ាង​ញាប់​ញ័រ​បំផុត។

តាមរយៈ​របាយការណ៍​របស់ BBC នៅពេល​លទ្ធផល​ការរាប់​សំឡេងឆ្នោត​កន្លង​ទៅបាន៤៥ ក្នុងចំណោម ៥០រដ្ឋ លោក​បៃ​ដិ​ន​មាន​ពិន្ទុ​តំណាង​បោះឆ្នោត​លើស ២៧០រួចរាល់​ហើយ ដោយ​រដ្ឋ​ទី៤៥ ផេ​ន​ស៊ី​ល​វេ​នៀ ធ្វើឱ្យ​លោក​បៃ​ដិ​ន​ដណ្ដើម​ពិន្ទុ​តំណាង​អ្នកបោះឆ្នោត ២០សំឡេង សរុប​ទាំងអស់ ២៧៣សំឡេង។

អ្នកនយោបាយ​ជើងចាស់​រូបនេះ បានទទួល​ការជ្រើសរើស​ឱ្យធ្វើជា​បេក្ខជន​តំណាង​គណបក្ស​ដេ​ម៉ូ​ក្រេ​ត ប្រជែង​តំណែង​ប្រធានាធិបតី​តំណាង ក្នុងឋានៈ អ្នកមាន​បទពិសោធ​ជ្រៅជ្រះ​ក្នុង​ហ្គេម​នយោបាយ ជាច្រើន​ទសវត្សរ៍ ប្រជាជន​ស្គាល់​ច្បាស់ តែមាន​ចំណុចខ្សោយ​ត្រង់ ធ្លាប់​ត្រូវបាន​រង​ការវាយប្រហារ​រឿង​ប្រវត្តិ ការប្រព្រឹត្ត​មិន​សមរម្យ​ជាមួយ​សុភាពនារី និង​កូនប្រុស​ធ្លាប់​រង​ការរិះគន់។

ប្រវត្តិ​សង្ខេប(ទិន្នន័យ AP)

កើត​ថ្ងៃទី២០ វិច្ឆិកា ឆ្នាំ១៩៤២ នៅ​ទីក្រុង​ស្គ្រែ​ន​តុ​ន រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ ជា​កូនប្រុស​ច្បង របស់លោក ចូ​សេ​ហ្វ និង​លោកស្រី ជីន បៃ​ដិ​ន មាន​ប្អូនស្រី​ម្នាក់ និង​ប្អូនប្រុស ២នាក់។

ពី​ដើម ឪពុក ជា​សេដ្ឋី តែ​ក្រោយមក មាន​បញ្ហា​រឿង​ហិរញ្ញវត្ថុ ឪពុក​ក៏​នាំ​ក្រុមគ្រួសារ ផ្លាស់​ទៅ​នៅ​រដ្ឋ​ដេ​ឡា​វែ​រ ដើម្បី​រក​ការងារ​ធ្វើ រហូត​ចាប់ផ្ដើម​មាន​ជីវភាព រើប​ឡើងវិញ​បាន​ម្ដងទៀត និង​រស់នៅ​ដេ​ឡា​វែ​រ តាំងពី​ពេលនោះ​រហូតមក។

កម្ពស់ ១៨៣សង់ទីម៉ែត្រ

ការសិក្សា ចប់​សាខា​នីតិសាស្ត្រ មហាវិទ្យាល័យ ស៊ីរ៉ា​ឃី​វ​ស៍ រដ្ឋ​នី​វ​យ៉​ក ឆ្នាំ១៩៦៨

ដំណើ​ផ្លូវ​ខាង​នយោបាយ- បានទទួល​ការជ្រើសតាំង ជា​សមាជិកសភា​ទីក្រុង​នី​វ ខាស​ស៊ើ​ល ឆ្នាំ១៩៧០ បន្ទាប់ពីនោះ ឆ្នាំ១៩៧២ បានទទួល​ការជ្រើសតាំង​ជា​ព្រឹទ្ធសភា​រដ្ឋ​ដេ​ឡា​វែ​រ អាណត្តិ​ដំបូង (ជា​សមាជិក​ព្រឹទ្ធសភា ដែលមាន​អាយុ​តិច​លំដាប់​ទី៦ ដោយ​អាយុ ២៩ឆ្នាំ)

ភរិយា- ជី​ល​ល៍ បៃ​ដិ​ន (តាំងពី​ឆ្នាំ១៩៧៧) ចំណែក​ភរិយា​ទី១ នី​លលៀ ហាន់​ធើរ រៀបការ​ឆ្នាំ១៩៦៦ ស្លាប់​នៅ​ឆ្នាំ១៩៧។

កូន- បូ កូនប្រុស​ច្បង(ស្លាប់) ហាន់​ធើរ, កូនប្រុស​បន្ទាប់ អ៊ែ​ឈ្លី​យ៍, កូនស្រី​ពៅ និង​ណា​អូ​មិ គ្រិ​ស្ទី​ណា(ស្លាប់​ក្នុង​ឧប្បត្តិហេតុ​ជាមួយ​ម្ដាយ ឆ្នាំ១៩៧២)

ចៅ- ណា​តា​លី បៃ​ដិ​ន, ហ្វ៊ី​ន​នី​ហ្គែ​ន បៃ​ដិ​ន, រ៉ូ​ប៊ើ​ត បៃ​ដិ​នទី២, ណា​អូ​មី បៃ​ដិ​ន និង​មេ​ស៊ី បៃ​ដិ​ន។

ទិន្នន័យ​នៅលើ​វេ​ប​សាយ បៃ​អូ​ហ្ក្រា​ហ្វ៊ី បាន​បញ្ជាក់ថា លោក​បៃ​ដិ​ន ចូលប្រឡូក​ក្នុង​ពិភព​នយោបាយ​យូរណាស់​មកហើយ តាមរយៈ​ការធ្វើជា​សមាជិក​ព្រឹទ្ធសភា ៧អាណត្តិ រាប់​តាំងពី​លើកដំបូង​ក្នុង​ឆ្នាំ១៩៧។ ធ្លាប់ជា​បេក្ខជន ប្រជែង​តំណែង​ប្រធានាធិបតី លើកដំបូង​ក្នុង​ឆ្នាំ១៩៨៧ មុននឹង​បាន​សម ដូច​បំណង​នៅ​ឆ្នាំ២០២០ នេះ។

មាន​ចំណុច​លេចធ្លោ ក្នុង​រឿង​ការ​ថ្លែង​ប្រាស្រ័យ បែប​មិនមាន​ការរៀបចំ​ទុក​មុន ដែល​ទោះជា​កាល​ស្ថិតក្នុង​វ័យ​កុមារ លោក​បៃ​ដិ​ន​មាន​បញ្ហា និយាយ​ត្រដិតជាប់ៗក៏ដោយ តែ​លោក​បៃ​ដិ​ន ក៏​ខំព្យាយាម​ហ្វឹកហាត់​យ៉ាងខ្លាំង ដោយ​ការ​ឈរ​និយាយ​នៅមុខ​កញ្ចក់ អស់​ជាច្រើន​ខែ។ រហូត​ទីបំផុត ក៏​អាច​ឆ្លង​ផុត​ឧបសគ្គ​នេះ និង​លែង​និយាយ​ត្រដិត​បានសម្រេច។ ក្រៅពីនេះ លោក​ថែមទាំង​ចូល​ទៅដល់​បេះដូង​ប្រជាជន​វណ្ណៈ​ពលករ​អាមេរិកាំង មាន​ភាពជា​គ្នាឯង មិន​ប្រកាន់ខ្លួន តែងតែ​ស្វាគមន៍​រាក់ទាក់​មនុស្សម្នា ចាប់ដៃ អង្អែល​ស្មា និង​ឱ្យ​ថត​សែ​ល​ហ្វ៊ី ជាមួយ​មនុស្សម្នា​ទាំងឡាយ ប្រៀបដូចជា​តារាភាពយន្ត​ទៀតផង។

លោក ចូ បៃ​ដិ​ន ទទួលបាន​ជ័យជម្នះ!! បាន ២៧០សំឡេង
លោក ចូ បៃ​ដិ​ន ទទួលបាន​ជ័យជម្នះ!! បាន ២៧០សំឡេង

មាន​ចំណុចខ្សោយ រឿងស្រី

តែ ការ​ជិតដិត​ស្និទ្ធស្នាល​ជាមួយ​មនុស្សម្នា ច្រើន​ហួសហេតុ​ពេក ក៏​ក្លាយជា​បញ្ហា ជាពិសេស​ជាមួយនារី។

តាមរយៈ​ទិន្នន័យ​របស់ BBC បានឱ្យដឹងថា មកដល់​ថ្ងៃនេះ មាន​ស្ត្រី ៨នាក់​ហើយ ដែល​និយាយថា លោក​បៃ​ដិ​ន បាន​ប៉ះពាល់ ឱប និង​ថើប​ពួកនាង​យ៉ាង​មិន​សមរម្យ និង​ថែមទាំង​មាន​ឃ្លី​ប​វីដេអូ ដែល​បង្ហាញឱ្យឃើញថា លោក​បៃ​ដិ​ន បាន​ចូល​កៀក​កិត នែបនិត្យ​ខ្លួនប្រាណ​មនុស្ស​ស្រី ពេល​ចូលរួម​ក្នុង​ពិធីការ​ខាង​សង្គម ដែល​រួមទាំង​ការចូល​ចិត្ត​ថើប​សក់ស្រីៗទៀតផង។

ករណីនេះ លោក​បៃ​ដិ​ន បានផ្ដល់​ការសន្យា​ថា លោក​នឹង​ប្រយ័ត្នប្រយែង​ខ្លួន ក្នុងការ​មានប​ដិ​សម្ព័ន្ធ ឱ្យបាន​ខ្លាំង​ឡើង។

ដៃគូ​ដ៏​ប្រសើរ របស់លោក​អូ​បា​ម៉ា

លោក​បៃ​ដិ​ន គ្រង​តំណែង​ជា​អនុ​ប្រធានាធិបតី ៨ឆ្នាំ និង​អំឡុងពេល​ចុងក្រោយ​នៃ​ការ​គ្រង​តំណែង មានការ​ធ្វើឱ្យ​ភ្ញាក់ផ្អើល ពី​លោក​ប្រធានាធិបតី​អូ​បា​ម៉ា ដែល​បានប្រគល់​មេដៃ​នៃ​សេរីភាព​របស់​ប្រធានាធិបតី កិត្តិយស​កម្រិត​ខ្ពស់បំផុត​សម្រាប់​ពលរដ្ឋ​អាមេរិកាំង ជូន​លោក​បៃ​ដិ​ន​ទៀតផង។

សូម្បីតែ​ការបោះឆ្នោត​ឆ្នាំ២០២០ លើក​នេះ ក៏​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ឡើង​វេទិកា​ថ្លែង​ប្រាស្រ័យ ជួយ​លោក​បៃ​ដិ​ន ប្រមូល​សំឡេងឆ្នោត​ផងដែរ ដោយ​លោក​បៃ​ដិ​ន ទទួលបាន​ពិន្ទុ​និយម ហាក់ដូចជា​ខ្ពស់ ពី​ពលរដ្ឋ​អាមេរិក ខ្សែស្រឡាយ​អា​ហ្វ្រ៊ិ​ក។

តែ កាលពី​មិនយូរប៉ុន្មាន​មកនេះ លោក​បៃ​ដិ​ន ប៊ិះ​ភ្លាត់ស្នៀត នៅពេល​លោក​ទៅ​ថ្លែង នៅក្នុង​កម្មវិធី​វិទ្យុ​របស់លោក ឆា​ឡា​ម៉ាន ថា​ហ្ក​ដ ឌី​ជេ​ស្បែក​ខ្មៅ ថា “បើ​នៅ​គិត​មិនទាន់​ចេញ​ថា នឹង​គាំទ្រ​ខ្ញុំ ឬ​លោក​ត្រាំ​នោះ មានន័យថា អ្នក​មិនមែនជា​មនុស្ស​ស្បែក​ខ្មៅ​ទេ។

ប្រយោគ​នេះ ធ្វើឱ្យ​កើតមាន​ចរន្ត​វិភាគ​រិះគន់​យ៉ាងច្រើន រហូត​ធ្វើឱ្យ​ក្រុមការងារ​របស់លោក ត្រូវ​ប្រញាប់​ចេញមក​ថ្លែង​បញ្ជាក់ថា ការពិត លោក​បៃ​ដិ​ន មើលឃើញ​ពី​តម្លៃ​នៃ​ពិន្ទុ​សំឡេង​ពី​ប្រជាជន​អាមេរិក ខ្សែស្រឡាយ​អាហ្វ្រិក។

តំបន់​ពាណិជ្ជកម្ម​កណ្ដាល​ទីក្រុង ភ័យខ្លាច​ចលាចល នាំគ្នា​បិទទ្វារ-បង្អួច​យ៉ាង​ណែន នៅមុន​ថ្ងៃ​បោះឆ្នោត ខណៈ​បេក្ខជន​ទាំង២ ធ្វើការ​ថ្លែង​ប្រាស្រ័យ ថ្ងៃ​ចុងក្រោយ
តំបន់​ពាណិជ្ជកម្ម​កណ្ដាល​ទីក្រុង ភ័យខ្លាច​ចលាចល នាំគ្នា​បិទទ្វារ-បង្អួច​យ៉ាង​ណែន នៅមុន​ថ្ងៃ​បោះឆ្នោត ខណៈ​បេក្ខជន​ទាំង២ ធ្វើការ​ថ្លែង​ប្រាស្រ័យ ថ្ងៃ​ចុងក្រោយ

ធ្លាប់​បាត់បង់​ប្រពន្ធ​កូន និង​កូនប្រុស​បែកធ្លាយ​រឿងអាស្រូវ

សម្រាប់​ជីវិត​ឯកជន​វិញ លោក​បៃ​ដិ​ន ធ្លាប់​ប្រឈម​នឹង​សោកនាដកម្ម​ក្រុមគ្រួសារ​យ៉ាងច្រើន ដោយនៅ​ឆ្នាំ១៩៧២ ភរិយា​ដំបូង បាន​ស្លាប់បាត់​បង់ជីវិត ព្រមជាមួយ​កូនស្រី ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ កូនប្រុស ២នាក់​រងរបួស។ អំឡុង​ពេលនោះ លោក​បៃ​ដិ​ន កំពុងតែ​ជិត​បាន​ធ្វើជា​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ដំបូង ធ្វើឱ្យ​មនុស្សម្នា នាំគ្នា​អាណិតអាសូរ និង​យល់ចិត្ត​យ៉ាងច្រើន។

តម​ក បូ កូនប្រុស​ច្បង បាន​ស្លាប់​ដោយ​អាកា​រសាច់​ដុះ​ក្នុង​ខួរក្បាល ក្នុង​វ័យ ៤៦ឆ្នាំ ចំណែក​កូនប្រុស​បន្ទាប់ ហាន់​ធើរ បែកធ្លាយ​រឿងអាស្រូវ​ដ៏​ច្រើន មិនថាតែ ផឹកស្រា ស្រវឹង​អួទីនួ និង​ចូលទៅ​ពាក់ព័ន្ធ​ក្នុងករណី​ទុច្ចរិត​ជាមួយ​មហាសេដ្ឋី​ខាង​ថាមពល​ជនជាតិ​ចិន និង​រង​ការចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​ថា បាន​ចូលទៅ​ធ្វើ​ធុរកិច្ច​បែប​មិន​សុចរិត នៅឯ​ប្រទេស​យូ​ក្រេ​ន​ទៀតផង។

ករណីនេះ ត្រូវបាន​លេចឮ​ខ្ចរខ្ចាយ​ថា លោក​ត្រាំ បាន​ទូរស័ព្ទ​ទៅ​ប្រធានាធិបតី​ថ្មី របស់​ប្រទេស​យូ​ក្រេ​ន ឱ្យជួយ​ជំរុញ​ការស៊ើបអង្កេត​លោក​ចូ បៃ​ដេ​ន រួមទាំង​កូនប្រុស​ថា តើ​មាន​ទៅ​ពាក់ព័ន្ធ​ក្នុងការ​ចោទប្រកាន់​ទុច្ចរិត​នោះ ឬទេ?  រហូត​ក្លាយជា​ប្រធានបទ ដែល​លោក​ត្រាំ ត្រូវ​រង​ការសម្ដែង​ការមិនទុកចិត្ត​នៅក្នុង​សភា​ថា បាន​ប្រើប្រាស់​អំណាច​ក្នុង​ផ្លូវ​ដែល​មិន​ត្រឹមត្រូវ តែ​លោក​ត្រាំ បាន​រួច​ផុតពី​ការ​ត្រូវ អ៊ី​ម​ភី​ច​ឈ្មែ​ន នៅក្នុង​សភា​ជាន់ខ្ពស់។

រហូត​បានមក​តស៊ូ​គ្នា​យ៉ាងចំៗ ជាមួយ​លោក​បៃ​ដិ​ន ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ២០២០ ដែល​បញ្ចប់​ដោយ ជ័យជម្នះ​របស់លោក​បៃ​ដិ​ន។

អ្នក​ដែល​ធ្លាប់​និយាយថា “ខ្ញុំ​អាច​ស្លាប់​បិទ​ភ្នែក​ជិត​បាន ដោយ​មិនចាំបាច់​ធ្វើជា​ប្រធានាធិបតី”

តែ ពេលនេះ លោក​មាន​ភារកិច្ច​ដ៏​ធំ​សម្បើម ក្នុងការ​ក្លាយជា​ប្រធានាធិបតី​យ៉ាង​ពេញមុខ​ហើយ…៕

ប្រភព៖ សារព័ត៌មាន​បរទេស

#អគុណសន្តិភាព

 

Leave a Reply