You are currently viewing ក្រសួងសុខាភិបាល​ប្រកាស​ថ្ងៃនេះ រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ ថ្មី២នាក់​ទៀត ដែលជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន

ក្រសួងសុខាភិបាល​ប្រកាស​ថ្ងៃនេះ រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ ថ្មី២នាក់​ទៀត ដែលជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ករណី​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ថ្មី ចំនួន០២នាក់ ដែល​ទើប​ធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន។

អ្នក​ឆ្លង​កូ​វីដ-១៩ ទាំង០២នាក់​នោះ គឺ បុរស​ជនជាតិខ្មែរ​អា​យុ ២៥ឆ្នាំ អាសយដ្ឋាន​ស្នាក់នៅ ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​បុរស​ជនជាតិខ្មែរ​អាយុ ៣៨ឆ្នាំ អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​រាំង​ដេក​ឃុំ​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ពួកគាត់​ទាំងពីរ​នាក់ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២។

លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី២ នៅ​ថ្ងៃទី១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជ ធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

សូម​កត់សម្គាល់ថា តាម​ជើងហោះហើរ​ខាងលើនេះ មាន​បុរស​ជនជាតិខ្មែរ​ពីរ​នាក់ ពេលមកដល់​កម្ពុជា បានធ្វើ​តេស្ត​លើក​ទី១ ដោយ​ទទួលបាន​លទ្ធផល វិជ្ជមាន​វីរុស​កូ​វីដ-១៩ ដែលមាន​ម្នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត និង​ម្នាក់ទៀត​បានជា​សះស្បើយ។ រីឯ អ្នកដំណើរ​ចំនួន ៣៥នាក់ ដែលមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ-១៩ នៅពេលនោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សណ្ឋាគារ​ចំនួន ០២កន្លែង​ក្នុង​រាជធានី​ភ្នំពេញ (ចំនួន ២៨នាក់) និង​នៅ​វិទ្យាល័យ​ពោ​ចិន​តុង​ចំនួន ០៧នាក់។ ដូច្នេះ អ្នកដំណើរ​ដែល​នៅ​វិទ្យាល័យ​ពោ​ចិន​តុង​ចំនួន ០៧នាក់ ដែលមាន ហានិភ័យ​ក្នុងការ​ចម្លង​បន្ត​ពី​អ្នកជំងឺ​ទាំងពីរ​នាក់​ខាងលើនេះ តម្រូវ​ឱ្យនៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន១៤ ថ្ងៃ​បន្ថែមទៀត ដើម្បី​តាមដាន​សុខ​ភាពជា​បន្ត។

ក្រសួងសុខាភិបាល​បន្ត​ថា សម្រាប់​ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ជាមួយ​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ហុង​គ្រី នៅ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ មាន​ចំនួន៥២នាក់ ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ទាំងអស់ ។ ដូច្នេះ ចំនួន​សរុប​អ្នក​ប៉ះពាល់​ទាំងអស់​មាន ៩៤៤នាក់ សម្រាប់​ថ្ងៃ ទី០៤ ដល់​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែល​ក្នុង​ចំនួន​នេះ មាន​បុរស០១នាក់ ជា​អង្គរក្ស​ផ្ទាល់​របស់​គណៈប្រតិភូ​ហុង​គ្រី កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ-១៩ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។

ក្រសួងសុខាភិបាល សូម​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​អ្នក ដែល​ប៉ះពាល់​ទាំងអស់​ដែលមាន​លទ្ធផល តេស្ត​លើក​ទី១ អវិជ្ជមាន​វីរុស​កូ​វីដ-១៩ ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក នៅតាម​គេហដ្ឋាន​ឱ្យបាន​ត្រឹមត្រូវ និង​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ (សម្រាប់​អ្នក​ដែល​ពុំមាន​លទ្ធភាព ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ខ្លួនឯង) ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ហើយ​សូម​វិល​ត្រឡប់មក​ធ្វើតេស្ត​ឡើងវិញ​ចំនួន៣ដង​ទៀត នៅ​វិមាន​មិត្តភាព​នៃ​ទីស្ដីការគណរដ្ឋមន្ត្រី ដែលមាន​រៀបចំ​ទីតាំង​យក​វត្ថុ​សំណាក​សម្រាប់​ធ្វើតេស្ត​រក វីរុស​កូ​វីដ-១៩ ចាប់ពី​ម៉ោង០៧:០០ព្រឹក ទៅតាម​កាលបរិច្ឆេទ​ដូចខាងក្រោម​នេះ ៖

* លើក​ទី២ នៅ​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
* លើក​ទី ៣ នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
* លើក​ទី៤ នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២។

សូមជម្រាបថា គិត​ត្រឹម​ម៉ោង៧៖០០ព្រឹក​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅ​កម្ពុជា រកឃើញ​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប២៩៧នាក់ (ស្ត្រី ៦០នាក់ និង​បុរស ២៣៧នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន២៨៨នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន ០៩នាក់ (ស្រី ០២នាក់ និង​បុរស ០៧នាក់)៕

#អគុណសន្តិភាព

 

Leave a Reply