ប្រទេសថៃ៖ អ្នកវិភាគនយោបាយក្នុងប្រទេស បាននិយាយថា ស្ថានការណ៍នៅក្នុងប្រទេសថៃ កំពុងតែធ្វើដំណើរឆ្ពោះទៅរកចំណុចទ័លអាប់ គ្មានច្រកចេញ ដោយសារតែការធ្វើបាតុកម្មទាមទាររបស់គណៈប្រជារាស្ត្រដែលត្រូវការឱ្យលោកឧត្ដមសេនីយ៍ ប្រាយុធ ចាន់អូឆា នាយករដ្ឋមន្ត្រី ដែលកាន់អំណាចមកជាង ៦ឆ្នាំហើយនោះ ចុះចេញពីតំណែង និងទាមទារឱ្យកែសម្រួលស្ថាប័នព្រះមហាក្សត្រ ដែលមើលទៅហាក់ដូចជា នឹងត្រូវអូសបន្លាយយូរតទៅទៀត យ៉ាងមិនព្រមបន្ធូរបន្ថយ និងនៅតែដាក់សម្ពាធទៅលើរដ្ឋាភិបាលជាបន្តឥតឈប់ឈរ។

គេជឿថា ក្នុងស្ថានការណ៍ដែលគ្មានដំណោះស្រាយបែបនេះ ការប្រឈមមុខគ្នា រវាងក្រុមបាតុករគណៈប្រជារាស្ត្រ(ដែលលើកម្រាមដៃ៣) ជាមួយរដ្ឋាភិបាល និងរាលដាលទៅដល់ស្ថាប័នព្រះមហាក្សត្រនេះ បើមិនចប់ដោយអំពើហិង្សាទេ ក៏អាចនឹងនាំឆ្ពោះទៅរកការធ្វើ “រដ្ឋប្រហារ” ជាថ្មីម្ដងទៀត យ៉ាងគ្មានជម្រើសណាផ្សេងឡើយ។
តែ មិនថាដោយវិធីណាក៏ដោយ អ្នកវិភាគដដែល បាននិយាយថា បើសិនជាបែបនោះមែន ប្រទេសថៃនឹងមានតែការខាតបង់…តែ នៅក្នុងភាពងងឹតឈឹងរបស់ស្ថានការណ៍បែបនេះ ប្រធានបទមួយ ត្រូវបានគេតាមសង្កេតមើលនៅក្នុងខណៈពេលនេះថា វាអាចជា “ច្រកចេញបន្ទាន់មួយ” សម្រាប់ប្រទេសជាតិបាន…នោះគឺ រឿងក្ដី ការស្នាក់នៅក្នុងផ្ទះរាជការ របស់លោកឧត្ដមសេនីយ៍ ប្រាយុធ ចាន់អូឆា នាយករដ្ឋមន្ត្រី ដែលកំពុងស្ថិតក្នុងដៃតុលាការរដ្ឋធម្មនុញ្ញ ហើយដែលនឹងត្រូវវិនិច្ឆ័យ នៅថ្ងៃទី២ ខែធ្នូខាងមុខនេះឯង។

រឿងក្ដីការស្នាក់នៅក្នុងផ្ទះរបស់រាជការ ក្រោយចូលនិវត្តន៍ យូរជាង ៦ឆ្នាំ របស់លោកឧត្ដមសេនីយ៍ ប្រាយុធ ចាន់អូឆា នាយករដ្ឋមន្ត្រីរបស់ប្រទេសថៃនេះ គឺជាការប្ដឹងផ្ដល់ដោយលោក សុមផុង អាម៉នវិវ៉ាត់ សមាជិកសភាខេត្តឈៀងម៉ៃ មកពីគណបក្សភឿថៃ ដែលបានដាក់ពាក្យបណ្ដឹងនេះ ទៅប្រធានសភាតំណាងរាស្ត្រ ឱ្យបញ្ជូនបន្តទៅតុលាការធម្មនុញ្ញ ដើម្បីវិនិច្ឆ័យ អំពីទង្វើជំទាស់នឹងផលប្រយោជន៍រដ្ឋ ដោយសារតែលោកឧត្ដមសេនីយ៍ នៅតែស្នាក់នៅក្នុងផ្ទះរបស់រាជការ ក្នុងបន្ទាយទាហាន ទាំងលែងមានសិទ្ធិក្នុងការស្នាក់នៅ ព្រោះបានចូលនិវត្តន៍អាយុរាជការ(ជាទាហាន)រួចទៅហើយ។
ឯខាងលោកឧត្ដមសេនីយ៍ប្រាយុធ វិញ ធ្លាប់បានឱ្យហេតុផលថា ក្រោយពីចូលនិវត្តន៍ហើយ ហេតុអីបានលោកមិនអាចរស់នៅក្នុងផ្ទះរបស់រាជការបាន? ព្រោះខ្លួនលោក បានធ្វើការបម្រើប្រទេសជាតិមក ពេញ ១ជីវិតទៅហើយ ទោះជារបៀបរបបច្បាប់ទម្លាប់យ៉ាងណាក៏ដោយ តែថ្ងៃនេះ លោកក៏នៅតែកំពុងធ្វើការដើម្បីប្រទេសជាតិដដែល…បញ្ហាគឺ ខ្លួនលោក ជានាយករដ្ឋមន្ត្រី ទើបត្រូវមានទីកន្លែងដែលស័ក្តិសមក្នុងការការពារសុវត្ថិភាព ក្នុងឋានៈជាមេដឹកនាំរបស់ប្រទេស។

អ្នកវិភាគ បានសរុបថា ដូច្នេះហើយ ទើបក្នុងស្ថានការណ៍នយោបាយដែលកំពុងវឹកវរបែបនេះ ការដែលលោកឧត្ដមសេនីយ៍ ប្រាយុធ នឹងត្រូវតុលាការវិនិច្ឆ័យនៅថ្ងៃទី២ ធ្នូនេះ កំពុងត្រូវបានគេវិភាគពិចារណាយ៉ាងច្រើន ដែលមានទាំងជឿថា លោកប្រាយុធ អាចនឹង “រួចខ្លួន” និង “មិនរួចខ្លួន” ដែលបើសិនជា “មិនរួចខ្លួន” ក៏នឹងក្លាយជារឿងថ្មីម្ដងទៀត ដែលប្រជាជនថៃ នឹងបានឃើញពី តុលាការវិវឌ្ឍន៍ ជំនួសឱ្យការធ្វើរដ្ឋប្រហារសម្រាប់ដំណោះស្រាយប្រទេសថៃ ហើយនេះ វាអាចជា “ផ្លូវចុះ(ពីអំណាច)” យ៉ាងស្រស់សង្ហារបស់ លោកឧត្ដមសេនីយ៍ ប្រាយុធ ក៏អាចថាបានដែរ អ្នកណាទៅដឹង?៕

ប្រភព៖ សារព័ត៌មានបរទេស
#អគុណសន្តិភាព