You are currently viewing ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី​គ្រោង​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៦០០នាក់​នៅ​កោះរ៉ុង

ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី​គ្រោង​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៦០០នាក់​នៅ​កោះរ៉ុង

ព្រះសីហនុ៖ ក្នុង​គោលដៅ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី គ្រោង​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ចន្លោះ​ពី៦០០ ទៅ ៧០០នាក់ នៅ​ហែល​រី​សត ស្ថិតនៅ​ភូមិ​ដើមថ្កូវ សង្កាត់​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ខាងមុខ ។

លោក លេង ផា​លី ប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម​ហ៊ុន ម៉ា​នី នៅក្នុង​ជំនួប​សំដែង​ការគួរសម​ជាមួយ​លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២០ នវ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី​ចំនួន ៥០០នាក់ នឹង​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ចន្លោះ​ពី៦០០ ទៅ៧០០នាក់​ជា​មធ្យម។

លោក​បន្តថា​ដោយ​មូលហេតុ​មកពី​ទីធ្លា​ឆ្នេរសមុទ្រ​កោះរ៉ុង​មាន​ទំហំ​ធំ​ល្វឹងល្វើយ​តាម​ជំនាញ​របស់​ក្រសួងសុខាភិបាល​ដាក់​មនុស្ស​ឱ្យ​ស្ថិតនៅ​ចន្លោះ​ឃ្លាត​ពីគ្នា​ចំងាយ ១,៥០ម៉ែត្រ ទៅបាន​យ៉ាង​ងាយស្រួល ជាពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កំសាន្ត​កោះរ៉ុង​បន្ថែមទៀត។

លោក​បន្ថែមថា ក្នុងឱកាស​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ក្រុមគ្រូពេទ្យ​ស្ម​គ្រ​ចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី មាន​បង្រៀន​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​អំពី​ការរស់នៅ​ស្អាត​ប្រកបដោយ​អនាម័យ​ល្អ លាង​សម្អាត​ដៃ​និង​អាកុល ឬ​សាប៊ូ​ពាក់​ម៉ាស់​ឱ្យបាន​ត្រឹមត្រូវ​នៅពេល​ចាំបាច់ ហូប​ស្អាត គេង​ស្អាត ចែក​អាកុល ម៉ាស់ ម៉ាស៊ីន​វាស់​កំដៅ សាប៊ូ ក្រដាស​រូបភាព​ផ្សព្វផ្សាយ​អំពី​ការថែទាំ​រក្សា​អនាម័យ​រួមទាំង​ស្បៀង អាហារ​មាន​ជា​នំ​បុ័ង និង​ទឹក​សុទ្ធ​ជាដើម ។

លោក​បន្តថា ក្នុង​ការចុះពិនិត្យ និង​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​មាន​ជំងឺ​ទូទៅ​ដូចជា អប់រំ​សុខភាព​ជំងឺផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ​ជំងឺ​រោគ​ស្ត្រី ជំងឺ​ឬ​ស​ដូង​បាត ជំងឺ​ក្រពះ​ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ជម្ងឺ​លើស ឈាម ជំងឺ​តំរងនោម អេកូ​សាស្ត្រ មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់​តូច និង​ព្យាបាល​របួស ។ល ។

លោក ឈិន សេង​ងួន អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដ​ឯកឧត្តម ហ៊ុន ម៉ា​នី ដែលមាន​គម្រោង​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ លោក​នឹង​យក​សំណើរ​ខាងលើនេះ ទៅ​ឯកឧត្តម​អភិបាលខេត្ត ពិនិត្យ​សម្រេច​ក្នុង​ការជួយ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ក្រុង​កោះរ៉ុង នៅ​ដើមឆ្នាំ២០២១ ខាងមុខ ៕

#អគុណសន្តិភាព

Leave a Reply