អាមេរិក៖ លោក ចូ បៃដិន អនាគតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ(ទី10 វិច្ឆិកា) បានថ្លែងថា ការមិនព្រមទទួលស្គាល់ការបរាជ័យក្នុងការបោះឆ្នោត របស់លោក ដូណាល់ ត្រាំ ជារឿងគួរឱ្យខ្មាសអៀនបំផុត
និងបង្ហាញឱ្យឃើញពីការក្រាញចង់បន្តអំណាចយ៉ាងអន់ៗ របស់មនុស្សកំពុងក្លាយជាអតីតកាលម្នាក់នេះ តែយ៉ាងណាក្ដី ក្ដីព្យាយាមដាក់សម្ពាធទៅលើលោកត្រាំនេះ មើលទៅដូចជាមិនបានលទ្ធផលល្អប៉ុន្មានឡើយ នៅពេលដែលលោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា លោកត្រាំ នឹងស្ថិតនៅក្នុងអំណាចតទៅទៀត…។

“និយាយតាមត្រង់ទៅចុះ ខ្ញុំគិតថា វាគួរឱ្យខ្មាសអៀនណាស់” លោកបៃដិនថ្លែងយ៉ាងដូច្នេះ នៅពេលត្រូវបានសួរថា តើលោកគិតយ៉ាងណាចំពោះករណីដែលលោក ដូណាល់ ត្រាំ បដិសេធ មិនទទួលស្គាល់ការបរាជ័យក្នុងការបោះឆ្នោតជ្រើសតាំងប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ វិច្ឆិកា។ “ខ្ញុំនឹងនិយាយយ៉ាងម៉េចស្រួលទៅ? ខ្ញុំគិតថា វានឹងមិនជួយដល់ការចង់បន្តតំណែងប្រធានាធិបតីរបស់គាត់ឡើយ។ នៅពេលសួរថា បើមានឱកាស លោកនឹងនិយាយអ្វីជាមួយលោកត្រាំ? លោកបៃដិន ឆ្លើយថា “លោកប្រធានាធិបតី ខ្ញុំរង់ចាំចង់និយាយជាមួយលោក…”
យ៉ាងក៏ដោយ អនាគតប្រធានាធិបតី មកពីគណបក្សដេម៉ូក្រេត បានអះអាងថា ការដែលលោកត្រាំ បដិសេធការជួយផ្សេងៗនោះ មិនមានផលប៉ះពាល់អ្វីដល់ការផ្លាស់ប្ដូរ ឆ្ពោះទៅកាន់រដ្ឋាភិបាលឈុតថ្មីឡើយ។ ”ការពិតគឺ ការដែលពួកគេមិនតាំងចិត្តទទួលស្គាល់ថា យើងបានទទួលជ័យជម្នះក្នុងពេលនេះ មិនហុចផលប៉ះពាល់ដល់ផែនការរបស់យើងទេ” លោកបៃដិនថ្លែងដូច្នេះ ដោយលោកបានសម្លឹងមើលទៅមុខ ឆ្ពោះទៅរកពិធីស្បថចូលកាន់តំណែងរួចទៅហើយ។

លោកបន្ថែមទៀតថា “ខ្ញុំគិតថា ទីបំផុតទៅ គ្រប់យ៉ាងនឹងដំណើរការទៅយ៉ាងរលូននៅថ្ងៃទី២០ មករា…រវាងពេលនេះ រហូតដល់ពេលនោះ ខ្ញុំសង្ឃឹម និងរំពឹងថា ប្រជាជនអាមេរិកាំង នឹងបានដឹង និងយល់អំពីការផ្លាស់ប្ដូរនេះ”
ពាក្យថ្លែងរបស់លោកបៃដិន កើតមានឡើងនៅក្នុងថ្ងៃដែលលោក ជាមួយបណ្ដាមេដឹកនាំប្រទេសសម្ព័ន្ធមិត្ត ដែលជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក បានជជែកគ្នាតាមទូរស័ព្ទ និងសន្យាថា នឹងធ្វើការរួមគ្នា។ តែយ៉ាងណាក្ដី ស្រាប់តែវាត្រូវបង្អាក់យ៉ាងទាន់ហន់ ពីលោក ម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។
លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេស, លោក អេមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃប្រទេសបារាំង និងលោកស្រី អ៊ែងជើឡា មើរកែល នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ បាននាំគ្នាសម្ដែងការស្វាគមន៍ក្នុងអំឡុងពេលនិយាយតាមទូរស័ព្ទជាមួយលោកបៃដិន។ “ខ្ញុំបានប្រាប់ឱ្យពួកគាត់បានដឹងថា ប្រទេសអាមេរិក ត្រឡប់មកវិញហើយ យើងកំពុងតែវិលត្រឡប់ចូលមកក្នុងហ្គេមវិញ វាមិនមែនអាមេរិកតែម្នាក់ឯងទេ” លោកបៃដិន ប្រាប់ទៅអ្នកយកព័ត៌មាននៅក្នុងរដ្ឋដេឡាវែរ ស្រុកកំណើតរបស់លោក។

យ៉ាងណាក៏ដោយ លោកម៉ៃក៍ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ(ទី១០វិច្ឆិកា) បានសន្យាចំពោះពិភពលោកថា នឹងមានការផ្លាស់ប្ដូរយ៉ាងរលូន បន្ទាប់ពីការបោះឆ្នោតជ្រើសតាំង តែលោកបដិសេធ ការធានាចំពោះជ័យជម្នះរបស់អនាគតប្រធានាធិបតី ចូ បៃដិន ដោយលោកប្រាប់ថា លោកត្រាំ នឹងស្ថិតនៅក្នុងអំណាចបន្តទៅទៀត។
បណ្ដាញសារព័ត៌មានសហរដ្ឋអាមេរិកជាច្រើន បានអះអាងកាលពីថ្ងៃសៅរ៍(ទី៧ វិច្ឆិកា) ថា លោកបៃដិន មានពិន្ទុសំឡេងឈ្នះដាច់ នៅក្នុងរដ្ឋសំខាន់ៗជាច្រើន និងមានពិន្ទុប៉ូពូឡា វ៉ូត ច្រើនជាងលោកប្រធានាធិបតីដូណាល់ ត្រាំ ច្រើនគួរសម។ តែយ៉ាងណាក៏ដោយ លោកត្រាំ បានបដិសេធ ការទទួលស្គាល់ការបរាជ័យ និងប្រកាសដាក់ពាក្យបណ្ដឹងជំទាស់តាមច្បាប់ និងថ្លែងអាង ដោយមិនបានប្រគល់ភ័ស្តុតាងអ្វីថា មានការកេងបន្លំការបោះឆ្នោតយ៉ាងច្រើននោះឡើយ។
នៅពេលសួរថា នៅពេលវាដូច្នេះ តើសហរដ្ឋអាមេរិក នឹងនៅតែអាចចេញសេចក្ដីថ្លែងការណ៍ផ្សេងៗ ទាមទារឱ្យមានការបោះឆ្នោតយ៉ាងសេរីទូទាំងពិភពលោក បានដូចដើមដែរឬទេ? លោកប៉ុមប៉េអូ បានឆ្លើយទៅវិញថា វាជាសំណួរដែលគួរឱ្យចង់សើចណាស់ ក្រសួងការបរទេសអាមេរិក “ខ្វល់ខ្វាយយ៉ាងខ្លាំង ក្នុងការសាងភាពជឿជាក់ថា ការបោះឆ្នោតជ្រើសតាំងទូទាំងពិភពលោក នឹងមានសុវត្ថិភាព ឥស្សរៈ និងយុត្តិធម៌ ហើយមន្ត្រីរបស់ខ្ញុំ បានប្រថុយជីវិតរបស់ពួកគេ ដើម្បីធានាថា រឿងទាំងនោះនឹងកើតឡើង”

ការបង្ហាញការយល់ឃើញយ៉ាងបើកចំហចំពោះការបោះឆ្នោត ជាលើកដំបូងរបស់លោក ប៉ុមប៉េអូនេះ កើតឡើងក្រោយពីលោកត្រាំ បានបណ្ដេញលោក ម៉ាក អេសស្ពើរ ចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិ ជាបុគ្គលដែលលោកត្រាំ សម្លឹងមើលតាំងពីយូរមកហើយថា មានភក្ដីភាពមិនគ្រប់គ្រាន់។
យ៉ាងណាក៏ដោយ គោលជំហររបស់លោក ប៉ុមប៉េអូ នឹងត្រូវពិសោធក្នុងគ្រាសំខាន់មួយ ព្រោះចាប់ពីថ្ងៃសុក្រ (ទី១៣ វិច្ឆិកា) តទៅ លោកនឹងត្រូវចេញដំណើរទៅទស្សនកិច្ចនៅប្រទេសចំនួន៧ ដែលជាសម្ព័ន្ធមិត្ត ហើយប្រទេសទាំងអស់នោះ ក៏ទើបតែសម្ដែងការស្វាគមន៍ជាមួយលោក ចូ បៃដិនទាំងអស់ដែរ។
ប្រទេសរុស្ស៊ី ចិន មិកស៊ិក និងប្រេស៊ីល ជាប្រទេសដែលនៅមិនទាន់សម្ដែងការស្វាគមន៍ចំពោះលោក ចូ បៃដិននៅឡើយ៕
ប្រភព៖ សារព័ត៌មានបរទេស
#អរគុណសន្តិភាព