(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣វិច្ឆិកា មានចំនួនសរុប ១៤៨១ វត្ថុសំណាក់ ( ទាំងតេស្តលើកទី១ និងលើកទី២ ) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកវិជ្ជមានវីរុសកូវីដ១៩ មានចំនួន ៤នាក់ ( បានរាយការណ៍ជូនសាធារណជនរួចហើយ ) ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ចំនួនសរុបវត្ថុសំណាកនេះ មិនទាន់បូកបញ្ចូល ចំនួន ៥០វត្ថុសំណាក ដែលនៅសល់ ដែលត្រូវវិភាគ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយសារមិនទាន់មានលទ្ធផលតេស្តនៅឡើយទេ។
ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី១១វិច្ឆិកានេះថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃទី៣វិច្ឆិកា មានចំនួនសរុប ៣៦៥នាក់ ដែលនៅក្នុងចំនួននេះ មាន ៣១៥នាក់ រួមទាំងវត្ថុសំណាក់ ចំនួន ២៣នាក់ ដែលនៅសល់ពីថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០២០ ទទួលបានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ និងវត្ថុសំណាក់ នៅសល់ចំនួន ៥០នាក់ទៀតនោះ ត្រូវធ្វើបន្តទៀត នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០៕

#អរគុណសន្តិភាព